ជាតិ
សង្គមជាតិ
ក្រុម​ជាង​កំពុង​ញាប់ដៃ​ដូរ​រចនាបថខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ថ្មី
08, Apr 2015 , 10:01 am        
រូបភាព
សៀមរាប៖ គេ​ឃើញ​សកម្មភាព​រុះរើ​ខ្លោងទ្វារ​សង្ក្រាន្ត​ចាស់ ដែល​រង​ការវាយប្រហារ​ជា​សង្គ្រាមពាក្យសំដី​នោះ បាន​បាត់​រូបរាង​ហើយ កាលពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ។ ក្រោយ​សម្រេចចិត្ត​កែលម្អ និង​ក្រោយពេល​អគ្គិភ័យ​ឆាបឆេះ​ខ្លោងទ្វារ​មួយ​ក្នុងចំណោម​ខ្លោងទ្វារ​ទាំងពីរ​នៃ​អង្គរ​សង្ក្រាន្ត​នៅ​ច្រកចូល​ប្រាសាទអង្គរវត្ត ឃើញថា​ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ឲ្យ​ក្រុម​ជាង​រុះរើ និង​រៀបចំ​តាម​គំរូ​នៃ​ខ្លោងទ្វារ​ថ្មី។



អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ថ្ងៃទី១៤ មេសា នឹង​លែងឃើញខ្លោងទ្វារ​ចាស់​របស់​អង្គរ​សង្ក្រាន្ត​ទៀតហើយ។ ក្រុម​ជាង កំពុង​ញាប់ដៃ​ញាប់ជើង រុះរើ និង​រៀបចំ​បែបបទ​តាម​រចនាបថ​ខ្លោងទ្វារ​ថ្មី ដែល​ទំនងជា​គ្មាន​អ្នក​រិះគន់​ទៀត​នោះទេ។ រចនាបថ​ថ្មី ដែល​អ្នកនាំពាក្យ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បញ្ជាក់ថា មាន​លក្ខណៈ​ជា​ខ្មែរ​ជាង​មុន។

នៅ​រសៀល​ថ្ងៃទី៧ មេសា​ម្សិលមិញ បន្ទាប់ពី​ព័ត៌មាន​នៃ​ការឆេះ​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​រួចមក គេ​ឃើញ​មាន​ពលរដ្ឋ​ជាច្រើន​បានធ្វើ​ដំណើរ​ទៅ​មើល​ទិដ្ឋភាព​នៃ​ខ្លោងទ្វារ​នោះ។ អ្នកខ្លះ​លាន់មាត់​ថា គេ​បានឮ​ដំណឹង​តាម​មិត្តភក្តិ ខ្លះ​ទៀតថា ឃើញ​គេ​បង្ហោះ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ អ្នកដំណើរ​ខ្លះ បាន​ឈប់​យានជំនិះ​ពួកគេ ដើម្បី​ផ្តិត​រូបភាព​ខ្លោងទ្វារ​ឆេះ ក៏ដូចជា​ខ្លោងទ្វារ​ដែល​គេ​កំពុង​កែ​គុន​នោះដែរ។


ផ្ទាំង​គំរូ​ប្លង់​ខ្លោងទ្វារ​ថ្មី ក៏ត្រូវ​បាន​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ចងភ្ជាប់​នៅ​ជិត​ខ្លោងទ្វារ​ចាស់ ដើម្បី​ឲ្យ​សាធារណជន​ដឹងថា ខ្លួន​កំពុង​កែលម្អ មិន​ដូច​រចនាបថ​ចាស់​នោះទេ។

គួរ​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី៦ ថ្ងៃ​ភ្លើង​ឆេះ​ខ្លោងទ្វារ ដែល​រង​ការ​រិះគន់ថា​មាន​រចនាបថ​ស្រដៀង​នឹងខ្លោងទ្វារ​វិហារ​ចិន ឫ​វៀតណាម​នោះដែរ គេ​ឃើញ​វត្តមាន​លោក ហ៊ុន ម៉ា​នី បាន​ចុះទៅ​ពិនិត្យមើល​ការដ្ឋាន​រៀបចំ​ទីតាំង​ប្រារព្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី១៤ ដល់១៦ មេសា។ នៅពេល​ចុះទៅពិនិត្យ​ខ្លោងទ្វារ​ចាស់​នោះដែរ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បញ្ជាក់ថា លោក​ស្វាគមន៍​ចំពោះ​មតិ​រិះគន់ និង​សន្យា​កែលម្អ​ជាថ្មី៕


© រក្សាសិទ្ធិដោយ thmeythmey.com