ជាតិ
សង្គមជាតិ
រដ្ឋ​នឹង​ផ្តល់​ក្របខណ្ឌ​ដល់​មន្ត្រី​ប្រមាណ៥០០០នាក់​ដើម្បី​ជំនួស​មន្ត្រី​ចូលនិវត្តន៍​កាលពី​ឆ្នាំ២០១៤
09, Apr 2015 , 9:00 am        
រូបភាព
ដោយ: រួបរួម
លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណ​បាន​ផ្ញើរ​លិខិត​មួយច្បាប់​ទៅកាន់​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​គ្រប់​ក្រសួង​ស្ថាប័ន ទាក់ទង​នឹង​ផែនការ​ជ្រើសរើស​ក្របខណ្ឌ​ថ្មី​មន្ត្រីរាជការ​ស៊ីវិល​សម្រាប់​ឆ្នាំ២០១៥ ។



តាមរយៈ​លិខិត​ដែល​ចុះ​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ លោក ពេជ្រ ប៊ុនធិន បានស្នើ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងអស់​ឲ្យ​ចាត់ចែង​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​បេក្ខជន​ដើម្បី​បម្រើការ​នៅ​អង្គភាព​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​យកចិត្តទុកដាក់​លើ​បេក្ខភាព​ជា​ជនពិការ​ដែលមាន​សម​ត្ថ​ភាព។

លោក​បាន​ស្នើសុំ​ផងដែរ​ថា៖ «សូម​គ្រប់​ក្រសួង​ស្ថាប័ន មេត្តា​រៀបចំ​ស្នើសុំ​មន្ត្រី​តំណាង​ក្រសួង​មុខងារសាធារណៈ​ចូលក្នុង​ដំណើរការ​ប្រឡង​ឲ្យ​បាន​មុនពេល​រៀបចំ​បង្កើត​គណៈកម្មកា​រ​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​ប្រចាំឆ្នាំ​ដើម្បី​ក្រសួង​មានលទ្ធភាព​ចូលរួម​សហការ​ចាប់តាំងពី​ដំណាក់កាល​ដំបូង»។

សម្រាប់​ឆ្នាំ២០១៥នេះ អង្គភាព-ស្ថាប័នរដ្ឋ​ចំនួន២៩ ត្រៀម​ផ្តល់​ក្របខណ្ឌ​ជូន​ដល់​មន្ត្រីរាជការ ដែលមាន​សរុប៥០០១នាក់ ដើម្បី​ជំនួស​មន្ត្រី​ចូលនិវត្តន៍​ឆ្នាំ២០១៤ ចំនួន៣៦៨២នាក់ មន្ត្រី​ដែល​ត្រូវបាន​លុបឈ្មោះ​ចេញ​ចំនួន១២២៦នាក់ និង​មន្ត្រី​បាត់បង់​សម្បទា​វិជ្ជាជីវៈ​ចំនួន៩៣នាក់។

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ផ្តល់​ក្របខណ្ឌ​ដល់​មន្ត្រី​ច្រើនជាងគេ​នា​ឆ្នាំ២០១៥នេះ ដោយមាន៣០១៥នាក់ ដើម្បី​ជំនួស​មន្ត្រី​ចូលនិវត្តន៍​ចំនួន២១៥៩នាក់ និង​មន្ត្រី​ដែល​ត្រូវបាន​លុបឈ្មោះ​ចេញ​ចំនួន៨៥៦នាក់។ ក្របខណ្ឌ​ផ្តល់ជូន​ឆ្នាំ២០១៥សម្រាប់​ស្ថាប័ន​ផ្សេងទៀត​រួមមាន សុខាភិបាល (៤៣៣នាក់) មហាផ្ទៃ (៤០០នាក់) កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ (២៧៧នាក់) សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (១៧៦នាក់) វប្បធម៌ និង​វិចិត្រសិល្បៈ (១០៧នាក់) ។

ចំណែក​ស្ថាប័ន-អង្គភាព​ផ្សេងទៀត រួមមាន ទីស្តីការគណៈរដ្ឋមន្ត្រី (២៦នាក់) ព្រះបរមរាជវាំង (៦នាក់)ទេសចរណ៍ (១២នាក់) ពាណិជ្ជកម្ម (៦៤នាក់) អភិវឌ្ឍន៍ជនបទ (៥០នាក់) បរិស្ថាន (៣៣នាក់) ឧស្សាហកម្ម និង​សិប្បកម្ម (៣៦នាក់) រ៉ែ និង​ថាមពល (៨នាក់) ធនធានទឹក និង​ឧតុនិយម (៤០នាក់) កិច្ចការនារី (១៩នាក់) ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (១៤នាក់) ព័ត៌មាន (៧១នាក់) យុត្តិធម៌ (៣៤នាក់) ផែនការ (២៩នាក់) ធម្មការ និង​សាសនា (៦នាក់) សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា (១៨នាក់) ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច (៦នាក់) រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ (៣៤នាក់) ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (៣១នាក់) មុខងារសាធារណៈ (១២នាក់) ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ (៣៤នាក់) រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល (៧នាក់) និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (៣នាក់) ៕


© រក្សាសិទ្ធិដោយ thmeythmey.com