ជាតិ
សង្គមជាតិ
លោក ថោង ខុន ថា​មាន​បន្ទប់​គេង​គ្រប់គ្រាន់​នៅ​ថ្ងៃ​អង្គរ​សង្ក្រាន្ត
09, Apr 2015 , 8:53 am        
រូបភាព
សៀមរាប៖ អ្នករៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំនេះ​រំពឹងថា មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ​កន្លះ​លាន​នាក់ ដែល​នឹង​មក​ចូលរួម​ថ្ងៃ​អង្គរ​សង្ក្រាន្ត ដែល​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ។ ចំនួន​នេះ​បើ​ធៀប​នឹង​ចំនួន​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែលមាន​ចំនួន​តិចជាង​នោះ ពិតណាស់ថា​វា​មិន​សមមូល​គ្នា​ទេ។ នៅ​សៀម​រាបទាំង​សណ្ឋាគារ និង​ផ្ទះសំណាក់​បូក​បញ្ចូល​គ្នា មាន​ប្រមាណ ១៦០០០បន្ទប់​តែប៉ុណ្ណោះ។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​អះអាងថា បញ្ហា​នេះ​មិន​ចោទ​ឡើយ។



លោក ថោង ខុន មានប្រសាសន៍ថា លោក​មិន​បារម្ភ​ចំពោះ​ការ​គ្មាន​កន្លែង​ស្នាក់​របស់​អ្នកទេសចរ ដែល​មក​ចូលរួម​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​ទាំង៣ថ្ងៃ​នោះទេ។ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បញ្ជាក់ថា ចំនួន​កន្លះ​លាន​នាក់ ដែល​រំពឹងថា​មក​ចូលរួម​ថ្ងៃ​អង្គរ​សង្ក្រាន្ត គឺ​បូកសរុប​ទាំង៣ថ្ងៃ​តែប៉ុណ្ណោះ តែ​ក្នុង​មួយថ្ងៃ បើតាម​ការបញ្ជា​ក់រប​ស់លោក អាចមាន​អ្នកទេសចរ​ចន្លោះ​ពី៨ ទៅ១០ម៉ឺន​នាក់ សរុប​ទាំង​ជាតិ និង​អន្តរជាតិ។

លោក ថោង ខុន ថ្លែងប្រាប់​សារព័ត៌មានថ្មីៗបន្ថែមថា៖« សៀមរាប​មិនដែល​មាន​បញ្ហា​រឿង​ខ្វះ​បន្ទប់​សម្រាប់អ្នកទេសច​រ​ទេ។ អ្នក​មក​អង្គរ​សង្ក្រាន្ត ខ្លះ​ស្នាក់​នៅផ្ទះ​បងប្អូន ហើយ​ខ្លះទៀត​នៅ​ស្រុក និង​ខេត្តជិតៗពួកគាត់​អាច​ត្រឡប់ទៅផ្ទះ​វិញ​បាន ដូចជា​អ្នក​បន្ទាយមានជ័យ​ជាដើម។ ដូច្នេះ សូមកុំ​បារម្ភ​រឿង​បន្ទប់​គេង វា​មានការ​ឡើងថ្លៃ​បន្តិចបន្តួច​ទេ»។ អ្វីដែល​លោក ថោង ខុន បារម្ភ​នោះ គឺ​បញ្ហា​ចរាចរណ៍ ដែល​លោក​ថា អាចមាន​បញ្ហា​ខ្លះ។

កាលពី​សប្តាហ៍​មុន បើតាម​ការសាកសួរ ផ្ទះសំណាក់​មួយចំនួនធំ ត្រូវគេ​កក់ពេញៗទៅហើយ។ ក្នុងនោះ តម្លៃ​ក៏ត្រូវ​បាន​ដំឡើង​រួចរាល់​ហើយ​ដែរ គឺ​ខ្លះ​ឡើងដល់​ពាក់កណ្តាល។ ដោយឡែក​សណ្ឋាគារ​វិញ មានការ​បញ្ជា​កក់​ជាច្រើន អាច​និយាយបានថា រហូតដល់​ថ្ងៃ​សង្ក្រាន្ត ពុំមាន​បន្ទប់​សេសសល់​នោះទេ។

យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប​កាលពី​ចុងឆ្នាំ២០១៤ ខេត្ត​នេះ មាន​សណ្ឋាគារ​សរុប ១៧០កន្លែង ដែលមាន​បន្ទប់​សរុប ១១៥២៧បន្ទប់ អាប់​ផាត​មេន ៩កន្លែង មាន២៣៣ យូ​នី​ត (Unit) ផ្ទះសំណាក់​មាន ២៥០ មាន​បន្ទប់ ៣៨៥១បន្ទប់ ដោយឡែក​ភោជនីយដ្ឋាន​មាន ១៨៥កន្លែង៕




© រក្សាសិទ្ធិដោយ thmeythmey.com