ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
យុវជន​មួយចំនួន​ដេក​រាប់​ថ្ងៃ​ថយក្រោយ ព្រោះ​អន្ទះសារ​ចង់ទៅ​ស្រុក
11, Apr 2015 , 9:40 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ខណៈពេលដែល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​កាន់តែ​ខិតជិត​ចូលមក​ដល់ យុវជន​ជាច្រើន​ដែល​មក​ស្នាក់នៅ​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​ការសិក្សា និង​ធ្វើការ បាន​សម្តែង​ក្តី​អន្ទះសារ​ខ្លាំង​ចង់​ទៅលេង​ស្រុកកំណើត។ អ្នកមួយ​ចំនួន សម្តែង​ក្តី​នឹករ​ឮ​ក​តាម​ទូរ​សព្ទ​ជាមួយ​ឪពុកម្តាយ បងប្អូន រៀងរាល់​យប់។ អ្នកខ្លះ​ទន្ទឹង​រាប់​ថ្ងៃ​ថយក្រោយ ឲ្យ​ឆាប់​ដល់​ថ្ងៃ​ឈប់សម្រាក​ពី​កិច្ចការងារ​របស់ខ្លួន។ ដោយឡែក​អ្នក​ខ្លះទៀត បានរៀបចំ​សម្លៀកបំពាក់ និង​សម្ភារៈប្រើប្រាស់​របស់ខ្លួន​មួយចំនួន ត្រៀម​ទុក​រួចជាស្រេច ដើម្បី​ទៅលេង​ស្រុក នៅ​ថ្ងៃ​ចូលឆ្នាំ។



«ខ្ញុំ​នឹក​ស្រុក​មែនទែន... នៅពេល​ថ្ងៃ​ចូលឆ្នាំ​កាន់តែ​ខិតជិត​ចូលមក​ដល់​យ៉ាង​ដូច្នេះ។ ខ្ញុំ​នឹក​ពុក នឹក​ម៉ែ ជាពិសេស​នឹកប្អូនៗ ។ ខ្ញុំ​បន់​ឲ្យ​តែ​ដល់​ថ្ងៃ​សាលា​ឲ្យ​ឈប់​ទេ​នឹង​ឆាប់​បាន​ទៅ​ជួបជុំ​ពួកគាត់»។ នេះ​ជាការ​សម្តែង​ក្តី​អន្ទះសារ​របស់​លោ វិ​បុត្រ។ យុវជន វិ​បុត្រ ដែល​ទើបតែ​មក​បន្ត​ការសិក្សា​ថ្នាក់​សាកលវិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ​បាន​ជិត​មួយឆ្នាំ តែង​ជជែក​ជាមួយ​ម្តាយ​របស់លោក​នៅឯ​ខេត្តតាកែវ​តាមរយៈ​ទូ​សព្ទ​រៀងរាល់​ល្ងាច​ក្រោយពី​សម្រាក​ពី​ការសិក្សា។

លោក វិ​បុត្រ បាន​ឲ្យ​ដឹង​ទៀតថា នៅ​អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​កាន់តែ​ខិតជិត​ចូលមក​ដល់ មាន​ថ្ងៃ​ខ្លះ​លោក ហៅ​ទូរ​សព្ទ​ទៅកាន់​ម្តាយ​របស់លោក ពី២ទៅ៣ដង ក្នុង​មួយថ្ងៃ​ក៏មាន។ ខណៈពេល​កំពុង​អង្គុយ​រំ​ឮ​ក​មេរៀន​នៅមុខ​បន្ទប់​ជួល​ជាន់​ទី២ ក្នុង​សង្កាត់​បឹ​ងកេងកង​បី យុវជន​សក់រួញអង្គាដី សម្បុរ​ស្រអែម​រូបនេះ ឆ្លៀត​រំ​ឮ​ក​ប្រាប់​អ្នកកាសែត ថ្មីៗ ទៀតថា៖«រដូវចូលឆ្នាំ កាន់តែ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រណោះ​ទិដ្ឋភាព​នៅ​ជុំវិញ​ផ្ទះ​របស់ខ្ញុំ​ណាស់។ ស្រណោះ​កាល​គ្រា​បង្ហោះ​ខ្លែង គ្រា​ដើរ​ចាប់​ក្តាម បាច​ត្រី ជីក​ខ្យង​នៅតាម​វាលស្រែ និង​ស្រណោះ​ដល់​ក្លិន​អាចម៍គោ​នៅក្បែរ​ផ្ទះ​ផងដែរ»។

ជា​អ្នកស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​ជាមួយ​យុវជន វិ​បុត្រ ដែរ យុវជន សម្បត្តិ និង​មិត្តភក្តិ​របស់គេ​ពីរ​នាក់​ផ្សេងទៀត បានចាប់ផ្តើម​រៀបចំ​សម្លៀកបំពាក់ និង​សម្ភារៈប្រើប្រាស់​មួយចំនួន​ដាក់ចូល​ក្នុង​វា​លី​របស់​ពួកគេ​ត្រៀម​ទុកបណ្តើរៗ ដើម្បី​ទៅលេង​ស្រុកកំណើត​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី។ ក្នុង​វ័យ​ប្រមាណ​ជា​ជិត ៣០ឆ្នាំ យុវជន​ដែលជា​បុគ្គលិក​ធនាគារ​រូបនេះ​បាន​ឲ្យ​ដឹងថា៖«ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​សម្រុក​ធ្វើ​ការងារ​ច្រើន ព្រមទាំង​សម្រួល និង​ដោះស្រាយ​កិច្ចការ​មួយចំនួន​ឲ្យ​ហើយ​ផងដែរ ដើម្បី​បាន​ធូរ និង​សប្បាយចិត្ត​នៅ​ថ្ងៃ​ចូលឆ្នាំ»។

លោក សម្បត្តិ បន្តថា បើទោះបីជា​ស្រុកកំណើត​របស់លោក​នៅឯ​ខេត្តកំពង់ធំ ឆ្ងាយ​ជាង​ស្រុកកំណើត​របស់​មិត្ត​លោក​ពីរ​នាក់​ផ្សេងទៀត​ដែល​ស្ថិតនៅក្បែរៗរាជធានី​ភ្នំពេញ​ក៏ដោយ តែ​លោក​នឹងធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ផ្ទាល់ខ្លួន​ទៅ​ស្រុកកំណើត​នៅ​យប់​ថ្ងៃ​ធ្វើការ​ចុងក្រោយ​តែម្តង។ លោក បញ្ជាក់ថា ការធ្វើដំណើរ​ដោយ​ម៉ូតូ​ផ្ទាល់ខ្លួន​ទៅ​យ៉ាងដូច​ច្នេះ គឺមាន​ភាព​ងាង​ស្រួល និង​ចំណេញ​ច្រើន ព្រោះថា​រាល់ពេល​ពិធីបុណ្យ​ចូលឆ្នាំ​ចូល​មកដល់ម្តងៗ តម្លៃ​សេវាកម្ម​ធ្វើដំណើរ​តាម​រថយន្ត​តាក់ស៊ី​នឹង​ឡើងថ្លៃ​ខ្ពស់ ហើយ​ក៏មាន​បញ្ហា​ស្ទះ​ចរាចរ​ច្រើន​ផងដែរ។

ងាក​មក​ស្តា​ប់លោក ចន្ថា ដែល​ស្នាក់នៅ​បន្ទប់​ជាន់​ក្រោម លោក សម្បត្តិ​វិញ។ លោក​បាន​លើកឡើងថា ក្រៅពី​នឹក​ឪពុកម្តាយ​បងប្អូន នៅ​ស្រុកកំណើត​ឯ​ខេត្តកំពង់ចាម លោក​ក៏​នឹក​ដល់​កម្មវិធី​រាំវង់​កម្សាន្ត​នៅ​ថ្ងៃ​ចូលឆ្នាំ​នៅក្នុង​ភូមិ​របស់លោក​ផងដែរ។ លោក ចន្ថា ដែលជា​អ្នក​ចូលចិត្ត​ការកម្សាន្ត​បែប​ប្រពៃណី មាន​ក្តី​រពឹង​ថា នៅ​ឆ្នាំនេះ​នៅក្នុង​ភូមិ​របស់លោក​នឹងមាន​ការរៀបចំ​កម្មវិធី​កម្សាន្ត​បែប​ប្រពៃណី ច្រើនជាង​ការជួបជុំ​នាំគ្នា​ទទួលទាន​គ្រឿង​ស្រវឹង​ដូច​រាល់​ឆ្នាំ៕




© រក្សាសិទ្ធិដោយ thmeythmey.com