ជាតិ
សង្គមជាតិ
ចរាចរណ៍​មុខ​អង្គរវត្ត​ត្រូវ​បិទ​ទាំងស្រុង​ចាប់ពី​ថ្ងៃនេះ​ទៅ
10, Apr 2015 , 1:23 pm        
រូបភាព
សៀមរាប៖ ដើម្បី​សម្រួល​ចរាចរណ៍ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​គ្រោង​មាន​អ្នកចូលរួម​ដ៏​ច្រើន​កុះករ​នោះ អាជ្ញាធរ​អប្សរា បានចេញ​សេចក្តីជូនដំណឹង ពី​ការបិទ​ចរាចរណ៍​ជា​បណ្តុះ​អាសន្ន​នៅ​ផ្លូវ​មុខ​អង្គរវត្ត។ មានតែ​អ្នក​ថ្មើរជើង​ប៉ុណ្ណោះ ដែល​អាច​ឆ្លងកាត់​ផ្លូវ​ទាំង​នោះបាន។



យោងតាម​ការពន្យល់​ក្នុង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា ក្នុងពេល​ក្រុមការងារ​កំពុង​មមាញឹក​ក្នុង​ការរៀបចំ​ទីតាំង​ប្រារព្ធ​កម្មវិធី​អង្គរ​សង្ក្រាន្ត នៅមុខ​ប្រាសាទអង្គរវត្ត និង​នៅពេលដែល​ប្រជាពលរដ្ឋ​ជាច្រើន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ អាជ្ញាធរ​ជាតិ​អប្សរា នឹងធ្វើ​ការបិទផ្លូវ​មុខ​អង្គរវត្ត ដោយ​មិន​អនុញ្ញាត​ឲ្យ​យានយន្ត និង​មធ្យោបាយផ្សេងៗធ្វើដំណើរ​ឡើយ លើកលែងតែ​រថយន្ត និង​មធ្យោបាយ​របស់​ក្រុមការងារ ដែល​ដឹកជញ្ជូន​សម្ភារៈ​ការងារ​តែប៉ុណ្ណោះ។

ចំណុច​ដែល​អាជ្ញាធរ​អប្សរា​ហាមឃាត់​នោះ គឺ​ចាប់ពី​ចំណុច​កែង​ផ្លូវ​ប៉ុស្តិ៍​យាម​នគរបាល​បេតិកភណ្ឌ ចំណុច​កែង​ផ្លូវ​មកពី​ព្រលានយន្តហោះ និង​ចំណុច​កែង​ផ្លូវ​ខាងជើង​ត្រពាំង​សេះ។ ក្រៅពីនោះ ផ្លូវ​ស្រប​កសិណ​ខាងលិច​ប្រាសាទអង្គរវត្ត ដែល​ចេញពី​ក្រុង​សៀមរាប ឆ្ពោះទៅ​ភ្នំ​បាខែង ឫ​ប្រាសាទ​នានា​ក្នុង​វង់​ធំ ចាប់ពី​កែង​ផ្លូវ​កូ​ម៉ៃ ទៅ​ជើង ទល់នឹង​ប៉ុស្តិ៍​យាម​អង្គភាព​នគរបាល​បេតិកភណ្ឌ បត់​ឆ្វេង​ទៅដល់​ផ្លូវ​ថ្មី ត្រូវ​បង្វែរ​ជា​ផ្លូវ​ឯកទិស។

ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី៨ មេសា​កន្លងទៅ អាជ្ញាធរ​អប្សរា​មិនបាន​បញ្ជាក់​ពីថ្ងៃ​បើក​ដំណើរ​ផ្លូវ​ជាធម្មតា​វិញ​ទេ ដោយ​គ្រាន់តែ​ចារ​ថា ការប្តូរ​ទិស​នេះ នឹង​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី១០ មេសា​នេះ​តទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com