ជាតិ
សង្គមជាតិ
ទិដ្ឋភាព​ក្នុង​រាជធានី​ភ្នំពេញ នា​ចូលឆ្នាំ​មកដល់
12, Apr 2015 , 12:40 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​តាម​បណ្ដា​ខេត្ត​ដែល​ពួកគេ​រស់នៅបណ្ដើរៗហើយ ចាប់តាំងពី​ថ្ងៃទី១១ មេសា​ម្សិលមិញ​មក​ដើម្បី​ជុំ​ជួប​ជាមួយ​គ្រួសារ​របស់​ពួកគេ ក្នុងការ​អប់អរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។



ក្រោយពី​បាន​ឈប់​សម្រាប់​ពី​ការងារ តាម​គោលការណ៍​កំណត់​របស់​ក្រុមហ៊ុន​ពួកគេរៀងៗខ្លួន គេ​សង្កេតឃើញថា នៅតាម​ដងផ្លូវ​នៃ​រាជធានី​ភ្នំពេញ​មួយចំនួន មានការ​កកស្ទះ​ចរាចរណ៍​ដោយសារ​ប្រជាពលរដ្ឋ សម្រុក​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន។ចំណែក​នៅ​កន្លែង​រថយន្ដ​ដឹក​អ្នកដំណើរ មិន​ថា​រថយន្ដឈ្នួល តូច ធំ​ទាំងអស់​នោះទេ ក៏​សុទ្ធតែ​មានការ​មមាញឹក​ក្នុង​ការផ្ដល់សេវា​ដឹក​អ្នកដំណើរ​របស់​ពួកគេ​ផងដែរ។

ដោយឡែក​នៅតាម​បណ្ដា​ផ្សារ​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ​វិញ ក៏មាន​ការកកស្ទះ​ដែរ ដោយសារ​តែមាន​ប្រជាពលរដ្ឋ​ជាច្រើន នាំគ្នា​សម្រុក​ទៅ​ផ្សារ​ដើម្បី​ទិញ​ទំនិញ​ផ្លែឈើ សម្ភារៈ រណ្ដាប់​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​សម្រាប់​រៀបចំ​ចង្ហាន់​ទៅ​វត្ត​នាពី​ធី​ចូលឆ្នាំ​ខ្មែរ​នេះ។ហើយ​នៅតាម​ផ្ទះមួយ​ចំនួន​ក៏បាន​រៀបចំ​បោសសំអាត រៀបចំ​ផ្លាស់ប្ដូរ​សម្ភារៈ​ចាស់ និង​រៀបចំ​ថ្មី​ឡើងវិញ​ជាបណ្ដើរៗហើយ​ដែរ។ រីឯ​នៅតាម​ទី​វត្ត​អា​រ៉ា​ម​នានា​ក៏បាន​រៀបចំ​តុបតែង​យ៉ាង​ស្រស់ស្អាត ដើម្បី​ទទួល​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើបុណ្យ​ដាក់​ទាន តាម​ទំនៀម​ទំលាប់​ប្រពៃណី​ចូលឆ្នាំ​នេះ។

ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ឆ្នាំមាន​រយៈពេល៣ថ្ងៃ គឺ​ចន្លោះ​ចាប់ពី១៣ដល់១៥មេសា ឬ​ពី​ថ្ងៃទី១៤ដល់១៦មេសា​ជា​រៀងរាល់ឆ្នាំ ពោលគឺ​បានន័យថា ការវិល​ទៅ​នៃ​ផែនដី​ចំនួន ៣៦៥ថ្ងៃ ៦ម៉ោង ១២នាទី និង​ជាង ២៩វិនាទី បាន​វិល​ជុំវិញ​ព្រះអាទិត្យ ម្តង គេ​ហៅថា ១ឆ្នាំ។ ថ្ងៃទី១ នៃ​ថ្ងៃ​ចូលឆ្នាំថ្មី ហៅថា ថ្ងៃ​សង្ក្រាន្ត គេ​នាំគ្នា​ទៅ​វត្ត​របាប់​បាត្រ បង្សុកូល ពូន​ភ្នំខ្សាច់ ស្តាប់ធម៌​ទេសនា...។ថ្ងៃទី២ ថ្ងៃ​កណ្តាល ហៅថា ថ្ងៃ​វារ​វ័ន​ប័ត គេ​ជូន​ទេយ្យវត្ថុ​លោកអ្នក​មានគុណ ចែកទាន​ដល់​អ្នក​ទ័លក្រ និង​នាំគ្នា​ទៅ​វត្ត​ដូច​ថ្ងៃមុន​និង​ថ្ងៃទី៣ ថ្ងៃ​ឆ្លងបុណ្យ ហៅ​ថ្ងៃឡើងសក្តិ គេ​នាំគ្នា​ទៅ​ឆ្លងបុណ្យ នៅ​វត្ត​រាប់បាត្រ បង្សុកូល ពូន​ភ្នំខ្សាច់ ស្តាប់ធម៌​ទេសនា ស្រង់​ព្រះ ស្រង់​ភិក្ខុសង្ឃ...៕


© រក្សាសិទ្ធិដោយ thmeythmey.com