ជាតិ
មនុស្ស៩៣នាក់ស្លាប់ និងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ
×
យ៉ាងហោចណាស់មនុស្សចំនួន១២នាក់បានស្លាប់ និង៨១នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងចំនួន៣៥លើកនៅទូទាំងប្រទេស កាលពីថ្ងៃទី១៧ខែមេសា។ នេះបើយោងតាមការចុះផ្សាយនៅ ក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទាំង៣៥លើកនោះបានបណ្តាលឲ្យខូចខាតយានយន្តចំនួន៦៣គ្រឿង ក្នុងនោះម៉ូតូចំនួន៤៤គ្រឿង រថយន្តធុនតូចចំនួន១៧គ្រឿង រថយន្តធុនធំចំនួន១គ្រឿង និងយានយន្តផ្សេងទៀត១គ្រឿង។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺបណ្តាលមកពីបើកបរហួសល្បឿនចំនួន១៤លើក ស្រវឹង៨លើក មិនគោរពសិទ្ធិ៨លើក ប្រជែងគ្រោះថ្នាក់៤លើក បត់គ្រោះថ្នាក់៣លើក មិនប្រកាន់ស្តាំង១លើក ក្នុងនោះអ្នកគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាពចំនួន៦៤នាក់។
គួរបញ្ជាក់ថា រយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសានេះ អ្នកស្លាប់ដោយសាគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន៣៩នាក់ ហើយអ្នករងរបួសចំនួន២៤៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com