ជាតិ
មូលហេតុដែលនាំឲ្យអាកាសធាតុក្តៅខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ
× នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជាហាក់មានសភាពក្តៅខ្លាំង ហើយនៅ តំបន់ខ្លះមានរហូតដល់ទៅ៤០ ឬ៤០.៥ អង្សាសេ។ អាកាសធាតុក្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺដោយសារ ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងខែចេត្រ (រដូវប្រាំង) មិនទាន់ចូលរដូវវស្សានៅឡើយ ជាមួយគ្នានេះផងដែរ កម្ពុជាក៏កំពុងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប។ នេះបើតាមការបញ្ជាក់ថា របស់លោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃនេះ លោក អ៊ុំ រីណា បានបញ្ជាក់ទៀតថា បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ដែលជាហេតុធ្វើឲ្យមានសីតុណ្ហភាពក្តៅនៅប៉ុន្មានថ្ងៃនេះ គឺពី៣៦-៣៨អង្សាសេនៅតំបន់វាលទំនាប សីតុណ្ហភាពពី៣៧-៣៩អង្សាសេនៅតំបន់ខ្ពង់រាប និងសីតុណ្ហភាពពី៣២-៣៤អង្សាសេនៅតំបន់មាត់សមុទ្រពេលប៉ុន្មានថ្ងៃនេះ។ លោក បន្តទៀតថា ចាប់ពីថ្ងៃទី២១មេសានេះទៅ អាចនឹងមានភ្លៀងកក់ខែ ដែលនាំមកជាមួយនូវភ្លៀវ ផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់នៅតាមតំបន់មួយចំនួនផងដែរ ហើយសីតុណ្ហភាពនឹងថយចុះទៅវិញ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកកាលពីដើមខែមេសា នៅក្នុងឆ្នាំ២០១៥នេះ កម្ពុជាអាចរងឥទ្ធិពលពី២៥ទៅ២៧ព្យុះ ដែលកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចំណែកឯភ្លៀងកក់ខែនឹងបន្តធ្លាក់ក្នុងក្របខណ្ឌទូទាំងប្រទេសរហូតដល់ចុងខែមេសានេះ។
«រដូវវស្សានឹងចាប់ផ្តើមក្នុងសប្តាហ៍ទី១នៃខែឧសភានៅតំបន់មាត់សមុទ្រនិង វាលទំនាប និងសប្តាហ៍ ទី២ខែឧសភា សម្រាប់តំបន់ខ្ពង់រាប ហើយបញ្ចប់នៅសប្តាហ៍ទី៣នៃខែវិច្ឆិកា។ ចាប់ពីខែមេសាដល់ខែមិថុនាភ្លៀងចាប់ផ្តើមធ្លាក់រាយប៉ាយពីតិចទៅបង្គួរ(ប្រហាក់ប្រហែលនឹងឆ្នាំ២០១៤) និងអាចមានផ្គរ រន្ទះ ខ្យល់កន្ត្រាក់កើតឡើងច្រើន។ ចាប់ពីខែកក្កដា ដល់ខែតុលា បរិមាណទឹកភ្លៀងធ្លាក់រាយប៉ាយច្រើន ប៉ុន្តែកម្រិតទឹកភ្លៀងអាចនឹងធ្លាក់ចុះច្រើនជាងឆ្នាំ២០១៤ពោលគឺ ប្រហាក់ប្រហែលនឹងឆ្នាំ២០១១»។ នេះបើតាមខ្លឹមសារនៃសេចក្តី ជូនដំណឹងដដែលនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com