ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិក​គ.ជ.ប ថ្មី​កំពុង​មមាញឹក​ធ្វើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ​អគ្គលេខាធិកា​រដ្ឋា​ន
22, Apr 2015 , 9:27 am        
រូបភាព
ដោយ: ថ្មីៗ

 
ប្រធាន អនុប្រធាន និង​សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​កាបោះឆ្នោត​ថ្មី​ទាំងអស់ កំពុងតែ​មមាញឹក​ធ្វើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អគ្គលេខាធិការដ្ឋាន​គ.ជ.ប ។ នេះ​បើតាម​ប្រសាសន៍​របស់ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ.ជ.ប ថ្មី ។



លោក​ប្រធាន​គ.ជ.ប ថ្មី​រូប​នេះ នៅ​មិនទាន់​ប្រាកដថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចុះហត្ថលេខា​លើ​សេចក្តីព្រាង​នៃ​អនុក្រឹត្យ​នេះ ក្រោយពី​លោក​ត្រឡប់​មកពី​ក្រៅប្រទេស​វិញ​នោះទេ។ « អគ្គលេខាធិការដ្ឋាន​នៃ​គ.ជ.ប មិនអាច​ដំណើរការ​បានទេ ប្រសិនបើ​គ្មាន​អនុក្រឹត្យ​នេះ។ យើង​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​ឈ្មោះ​បេក្ខជន​ដែល​នឹង​ក្លាយជា​អគ្គលេខាធិការ ​គ.ជ.ប ថ្មី​បានទេ។ ខ្ញុំ​ក៏​មិនអាច​និយាយបានថា អគ្គលេខាធិការ និង​អគ្គលេខាធិការរង​នេះ ដាក់​មនុស្ស​ជា​កូតា​បក្ស​នោះដែរ » ។នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ិ​ក ប៊ុន​ហុក។

ក្រៅពី​កំពុង​មមាញឹក​ធ្វើ​សេចក្តីព្រាង​អនុក្រឹត្យ​ខាងលើ សមាជិក​គ.ជ.ប ថ្មី ក៏​កំពុង​ពិនិត្យមើល​ច្បាប់​ស្តី​លក្ខន្តិក​មន្ត្រីរាជការ​ដែ​រ ពីព្រោះ​ការកែទម្រង់​ការបោះឆ្នោត​ថ្មី​នេះ បានកំណត់​ឲ្យ​បុគ្គលិក គ.ជ.ប ទទួលបាន​ក្របខណ្ឌ​ដូច​មន្ត្រីរាជការ​ដែរ។លោក ស៊ិ​ក ប៊ុន​ហុក បញ្ជាក់​ដូច្នេះ​ថា៖ « យើង​កំពុង​ពិនិត្យ​បញ្ហា​នេះ ព្រោះ​យើង​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ជា​ស្ថាប័ន​ធម្មនុញ្ញ ដែល​ឯករាជ្យ មិន​ក្រោម​សម្ពាធ​ពី​ខាង​ណាមួយ » ៕


© រក្សាសិទ្ធិដោយ thmeythmey.com