ជាតិ
គ្រួសារ​យោធា​ដែល​រង​ការបណ្តេញចេញ​ដោយ​បង្ខំ​សុំ​អន្តរាគមន៍​ពី​ប្រធានសភា
23, Apr 2015 , 12:37 pm        
រូបភាព
ដោយ: ថ្មីៗ


គ្រួសារ​យោធា​ចំនួន៤៨គ្រួសារ​នៅ​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជាយ​រាជធានី​ភ្នំពេញ បាននាំគ្នា​សុំ​អ​ន្តា​រគម​ន៍​ពី​សំណាក់​លោក ហេង សំរិន ប្រធានរដ្ឋសភា​ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន ម៉ោ​ន​បេស្ស អ៊ិន​ហ្វ្រេ ស្ត្រា​ក់​ឈ័​រ។ អ្នក​ទាំងនោះ បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ ។


យោងតាម​លិខិត​ផ្ញើជូន លោក ហេង សំរិន តំណាង​អ្នក​តវ៉ា បាន​រៀបរាប់ថា ពួកគេ​ត្រូវ​រង​នូវ​ការបណ្តេញចេញ​ដោយ​បង្ខំ និង​គ្មាន​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន។ ប្រជាពលរដ្ឋ​ទាំងនោះ រួមមាន​គ្រួសារ​យោធា យោធា​ពិការ គ្រួសារ​យោធា​ពលី-មរណៈ និង​គ្រួសារ​យោធា​ចូលនិវត្តន៍។

តំណាង​អ្នក​តវ៉ា​បី​រូប​ដែលមាន​ឈ្មោះ ញឹក ហ៊ុម, ស៊ឹម ឈាន និង​តែម សារឿន បាន​រៀបរាប់ថា គ្រួសារ​មួយចំនួន​បាន​រស់ និង​បម្រើការ​នៅលើ​ទីតាំង​ដែលមាន​ទំនាស់​ចាប់តាំងពី​ឆ្នាំ១៩៨៨មកម្ល៉េះ ខណៈ​មួយចំនួនទៀត​ផ្លាស់​មកពី​ព្រំដែន​ថៃ​នា​អំឡុង​ឆ្នាំ១៩៩៣ ។

ពួកគេ​អះអាងថា៖ «ក្នុងការ​រស់នៅ​ទីនោះ ពួក​ខ្ញុំ​បានទទួល​ការអនុញ្ញាត​ឲ្យ​ចុះបញ្ជី​គ្រួសារ និង​លិខិតអនុញ្ញាតផ្សេងៗដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ។ បរិវេណ​ដែល​ពួកយើងខ្ញុំ​រស់នៅ​មាន​ទំហំ​ប្រហែល៧០ម៉ែត្រ គុណ៨០ម៉ែត្រ​តែប៉ុណ្ណោះ ហើយ​ពួកយើងខ្ញុំ​បាន​ស្នាក់នៅ​ជា​រៀង​រហូតមក»។

តំណាង​អ្នក​តវ៉ា​បន្ថែមថា ក្រុមហ៊ុន ម៉ោ​ន​បេស្ស អ៊ិន​ហ្វ្រេ ស្ត្រា​ក់​ឈ័​រ បានដាក់​សំណើរ​ទៅ​ក្រសួងការពារជាតិ​សុំ​ប្តូរ​ទីតាំង​ឃ្លាំង K8 ដែល​ពលរដ្ឋ​រស់នៅ​ទៅកាន់​កន្លែង​ផ្សេង ប៉ុន្តែ​មិនបាន​លើក​ពី​ដំណោះស្រាយ​ឡើយ។ ពួកគេ​បាន​អះអាងថា បាតុភាព​វាត​យក​ដីធ្លី​របស់​អង្គភាព K8 មាន​ជា​យូរយា​មកហើយ។

កន្លងមក ក្នុងការ​ដោះស្រាយ​ជាក់ស្តែង  ចំពោះ​នាយទាហាន​ដែលមាន​ផ្ទះ​ក្នុង​អង្គភាព​ទទួលបាន​ផ្ទះល្វែង៤ម៉ែត្រ​គុណ៦ម៉ែត្រ និង​ថវិកា២០០០ដុល្លារ ខណៈ​អតីត​យោធា យោធា​ពិការ គ្រួសារ​យោធា​ពលី និង​គ្រួសារ​យោធា​ចូលនិវត្តន៍ ត្រូវ​ដោះស្រាយ​ជា​ប្រាក់៥០០០ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ។

ចំពោះ​តម្លៃ​នៃ​ការដោះស្រាយ ក្រុមអ្នកតវ៉ា​បានលើកឡើង​ថា ពួកគេ​មិនអាច​យកទៅ​ធ្វើ​អ្វី​បាន​នោះឡើយ ដូច្នេះ​ពួកគេ​សុំ​ការអាណិតអាសូរ​ពី​សំណាក់​ប្រធានរដ្ឋសភា​ដើម្បី​ជួយ​អន្តរាគមន៍​ឲ្យ​ពួកគេ​អាច​ស្នាក់នៅ​បន្ត ឬ​ទទួលបាន​នូវ​ការឧបត្ថម្ភ​ណាមួយ​ដែល​អាច​ទទួលយកបាន៕


© រក្សាសិទ្ធិដោយ thmeythmey.com