អន្តរជាតិ
ស្ត្រី​ហ្វីលីពីន​បំរើ​តាម​ផ្ទះ​នៅ​ហុងកុង​រង​ការចោទប្រកាន់ថា​ដណ្តើម​ប្តី​គេ
24, Apr 2015 , 10:32 am        
រូបភាព
ដោយ:
សារព័ត៌មាន​ហុងកុង Ming Pao បាន​ចុះផ្សាយ​កាលពី​ចុង​សប្តាហ៍ នូវ​ពាក្យពេចន៍​ចោទប្រកាន់​របស់លោក​ស្រី Regina Ipជា​តំណាងរាស្ត្រ​នៅ​ហុងកុង និង​ជា​អតីតរដ្ឋមន្ត្រី​សន្តិសុខ​គាំទ្រ​ក្រុង​ប៉េកាំង។ ស្ត្រី​តំណាងរាស្ត្រ​ហុងកុង​រូបនេះ បាន​ចោទ​ស្ត្រី​ជនជាតិ​ហ្វីលីពីន​នានា​ដែល​មក​ធ្វើការ​តាម​ផ្ទះ​នៅ​ហុងកុង ថា​ទាក់ទាញ​ចៅហ្វាយនាយ​ប្រុស​របស់ខ្លួន ធ្វើអោយ​គ្រួសារ​គេ​បែកបាក់​គ្នា។ សកម្មជន​ប្រឆាំង​ការរើសអើង​ពូជសាសន៍​បាន​ខឹងសម្បារ​ជាខ្លាំង។



នៅ​ហុងកុង មាន​អ្នក​បំរើការ​ផ្ទះ​ប្រមាណ៣០០ ០០០០នាក់ ភាគច្រើន​ជា​ស្ត្រី​ជនជាតិ​ហ្វីលីពីន រឺ​ឥណ្ឌូណេស៊ី។ យោងតាម​សារព័ត៌មាន​ហុងកុង Ming Pao ស្ត្រី​តំណាងរាស្ត្រ​ហុងកុង​ដ៏​មាន​ឥទ្ធិពល​Regina Ipបាន​អះអាងថា បានទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ជាច្រើន​នាក់​ដែល​បាន​ប្រាប់ថា ស្ត្រី​បំរើការ​នៅផ្ទះ​របស់ខ្លួន​បាន​ទាក់ទាញ​ប្តី​របស់​ពួកគេ ហើយ​ប្តី​ពួកគេ​បាន​ចាកចេញ​ទៅជា​មួយ​នាង​ទាំងនោះ ធ្វើអោយ​គ្រួសារ​ពួកគេ​បែកបាក់​គ្នា។ លោកស្រី​Regina Ipដែលជា​ទីប្រឹក្សា​ជិតដិត​របស់​រដ្ឋាភិបាល​លោក​Leung Chun-ying បាន​ចោទសួរ​ទៀតថា ជាជាង​លើកឡើង​ពី​អត្តចរិត​របស់​ចៅហ្វាយនាយ​ហុងកុង ហេតុអ្វី​គេ​មិន​នាំគ្នា​គិតពី​បញ្ហា​ស្ត្រី​បំរើការ​ហ្វីលីពីន​ដែល​ក្លាយខ្លួនជា​ធនធាន​ផ្លូវភេទ​ទៅវិញ?

ស្ថាន​កុងស៊ុល​ហ្វីលីពីន​បាន​សំដែង​ការបារម្ភ ចំពោះ​ពាក្យពេចន៍​ដែល​លោកស្រី​Regina Ipបាន​ប្រើប្រាស់​ចំពោះ​ស្ត្រី​ជនជាតិ​ហ្វីលីពីន ដោយបាន​លើកឡើងថា គេ​មិនគួរ​រើសអើង​ក្នុងសង្គម ពិសេស​នៅ​ហុងកុង ដែលមាន​មោទនភាព​ជាទី​ក្រុង​អន្តរជាតិ​អាស៊ី​ដូច្នេះ​ទេ។ ស្ថាន​កុងស៊ុល​ហ្វីលីពីន​រំពឹង​ទៀតថា ជនជាតិ​ហ្វីលីពីន​ជាង១៧០ ០០០នាក់ ដែលមាន​វត្ត​មាននៅ​ហុងកុង មានតែ​ផ្តល់​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច និង​គ្រួសារ​ដែលជា​ចៅហ្វាយនាយ​ពួកគេ​ប៉ុណ្ណោះ។ ក្រុម​សម្របសម្រួល​អន្តោប្រវេសន៍​អាស៊ី​បាន​ប្រតិកម្ម​ថា ការដែល​ចោទ​ទៅលើ​ជាតិ​សាសន៍​ណាមួយ​ដូច្នេះ គឺជា​ការរើសអើង​ពូជសាសន៍​ទាំងស្រុង។

យោងតាម​ស្ត្រី​តំណាងរាស្ត្រ​គណបក្សនយោបាយ​ពលរដ្ឋ​មួយរូប ដែល​បាន​សរសេរ​ប្តឹង​បញ្ហា​រើសអើង​នេះ ទៅកាន់​គណៈកម្មការ​មួយ​នៅ​ហុងកុង អ្នកនយោបាយ​មួយចំនួន​មិនបាន​ចាត់ទុក​ស្ត្រី​ជនជាតិ​បរទេស ដែល​បំរើការ​នៅតាម​ផ្ទះ ថា​ជា​ពលរដ្ឋ​សំខាន់​នោះទេ ហើយ​ពួកគេ​មិន​ខ្លា​ចនឹង​ប្រើពាក្យ​មើលងាយ​ស្ត្រី​ទាំង​នេះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com