ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី មូ សុខ​ហួរ ក្បត់​បណ្តាំ​ឪពុក ចូលធ្វើ​នយោបាយ!
26, Apr 2015 , 4:03 pm        
រូបភាព
ដោយ:
គិត​ត្រឹម​ឆ្នាំ ២០១៥ នេះ អ្នកស្រី មូ សុខ​ហួរ អ្នកនយោបាយ​ចាស់វស្សា​របស់​កម្ពុជា មាន​អាយុ ៦១ ឆ្នាំ​គត់។ អ្នកស្រី បាន​ផ្តើម​ជីវិត​នយោបាយ​ដំបូង​បំផុត ជាមួយ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅ​ឆ្នាំ ១៩៩៨  ដែល​ពេលនោះ​គណបក្ស​នេះ​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ។ ក្នុង​អាជីព​ជា​អ្នកនយោបាយ​ច្រើន​ឆ្នាំ​មកនេះ អ្នកស្រី មូ សុខ​ហួរ បាន​ជួបប្រទះ​នូវ​បញ្ហា​នានា ដូចជា ការប្រឈមមុខ​នឹង​ការ​ប្តឹងផ្តល់​ជាមួយ​លោក ហ៊ុន សែន និង​ធ្លាប់​ជាប់ពន្ធនាគារ​ផងដែរ។  តាមពិតទៅ ជីវិត​ជា​អ្នកនយោបាយ គឺជា​អាជីព ដែល​ឪពុក​អ្នកស្រី មូ សុខ​ហួរ ដើមកំណើត​ខ្មែរក្រោម ស្អប់​បំផុត និង​ហាម​មិន​ឲ្យ​កូនស្រី​របស់ខ្លួន ធ្វើជា​ដាច់ខាត។ តែ​ដើម្បី​ជាតិ មាតុភូមិ អ្នកនយោបាយ​រូបនេះ បាន​ក្បត់​បណ្តាំ​ឪពុក​របស់ខ្លួន។

   

ពេលណា ដែល​គេច​ង់​និយាយ​ពី​អ្នកតំណាងរា​ស្ត្រ​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី មូ សុខ​ហួរ នោះ គេ​ស្ទើរតែ​មិនចាំបាច់​និយាយ​ឲ្យ​ចំឈ្មោះ​នោះទេ ដោយ​គេ​គ្រាន់តែ​រម្លឹក​ដល់​រូបភាព​ស្ត្រី​ខ្មែរ​វ័យ​ចំណាស់​ម្នាក់​ដែល​តែងតែ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​ត្រូវ​អាជ្ញាធរ ចាប់​សែង​ចេញ​ជា​ញឹកញាប់ នោះគេ​អាច​ដឹង​ហើយ ថា​ជា​អ្នកណា។ ម្យ៉ាងទៀត គេ​ក៏​អាច​នឹកឃើញ​ដល់​តួអង្គ មូ សុខ​ហួរ ដែរ ពេល​គេ​ចាប់ផ្តើម​និយាយ​ពី​ស្ត្រី​ខ្មែរ​តែ​ម្នាក់​គត់ ដែល​ហ៊ាន​ប្តឹងផ្តល់​រឿង​ផ្ទាល់ខ្លួន​កាលពី​ឆ្នាំ ២០០៩  កន្លងទៅ ទល់នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​គេ​ស្គាល់​ថា លោក​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា។ ជីវិត​នៅលើ​វិថី​នយោបាយ​របស់​ស្ត្រី ដែលមាន​ឪពុក​ដើមកំណើត​ខ្មែរ​កម្ពុជា​ក្រោម និង​ម្តាយ​ជនជាតិខ្មែរ​រូបនេះ ជួប​រឿង​សប្បាយ​ផង និង​ឈឺចាប់​ផង។ ការឈាន​ជើង​ប្រឡូក​ក្នុង​ឆាកនយោបាយ​របស់​អ្នកស្រី មូ សុខ​ហួរ គឺជា​ទង្វើ​ដែល​ក្បត់​នឹង​បណ្តាំ​ឪពុក​របស់ខ្លួន។

«ឪពុក​ខ្ញុំ ហាម​ដាច់ខាត​មិន​ឲ្យ​ខ្ញុំ​ធ្វើ​នយោបាយ»

ដោយសារ​ស្ថិតនៅក្នុង​ត្រកូល​អ្នកជំនួញ តាំងពី​តូច​មក អ្នកស្រី មូ សុខ​ហួរ មិនដែល​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​អ្នកនយោបាយ​សោះឡើយ។ ពីព្រោះថា តាំងពី​ដឹងក្តី រហូតដល់​អាយុ​ជាង ២០ ឆ្នាំ ឪពុក​របស់​អ្នកស្រី តែងតែ​ទូន្មាន​ជានិច្ច ឲ្យ​អ្នកស្រី​ដើរ​ឲ្យ​ឆ្ងាយ​ពី​អាជីព​ជា​អ្នកនយោបាយ។ អ្នកនយោបាយ​ដែល​កើត​ក្នុង​គ្រួសារ​មាន​ជីវភាព​ធូរធា​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា៖« ខ្ញុំ​មិនដែល​គិតថា ចូលធ្វើ​នយោបាយ​ទេ ដោយសារតែ​ឪពុក​ខ្ញុំ ហាម​ដាច់ខាត​មិន​ឲ្យ​ធ្វើ​នយោបាយ ព្រោះ​គាត់​យល់ថា អ្នកនយោបាយ​សុទ្ធតែជា​អ្នក​ពុករលួយ»។ 

 យ៉ាងណាក៏ដោយ បើទោះបីជា​ឪពុក​ហាមឃាត់​បែបនេះ​ក្តី ក៏​នារី​ខ្មែរ ដែលមាន​បរិញ្ញាបត្រ​ផ្នែក​ចិត្ត​វិទ្យា និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សង្គមកិច្ច នៅ​សកល​វិទ្យាល័យ​ប្រទេស​អាមេរិក​រូបនេះ នៅតែ​ចិញ្ចឹមចិត្ត​ចង់​ជួយ​ដោះស្រាយ​បញ្ហា​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ខ្លួន​ដដែល។ ជា​អកុសល​ក្នុងសម័យ​ខ្មែរក្រហម ឪពុកម្តាយ​របស់​អ្នកស្រី​បាន​ស្លាប់​អស់ ខណៈដែល​ខ្លួន កំពុង​សិក្សា​នៅ​ប្រទេស​អាមេរិក។ នៅ​ឆ្នាំ ១៩៩១ ស្រប​ពេលដែល​កម្ពុជា កំពុង​រង់ចាំ​ទទួល​វត្តមាន​របស់​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNTAC) ដើម្បី​រៀបចំ​ការបោះឆ្នោត​នោះ អ្នកស្រី មូ សុខ​ហួរ បាន​ត្រឡប់មក​រស់នៅក្នុង​ទឹកដី​កំណើត​របស់ខ្លួន​វិញ។ ក្នុងពេល​នោះឯង​អ្នកស្រី បានធ្វើ​សកម្មភាព​សង្គម​យ៉ាងសកម្ម ជាពិសេស​ចូលរួម​ធ្វើ​ធម្ម​យាត្រា ដើម្បី​សន្តិភាព​ជាមួយ​សម្តេច​ស​ង្ឃ ឃោស​ន​ន្ទ​ដា។ ធ្វើ​ការងារ​សង្គម​កាន់​តែ​ច្រើន បានធ្វើ​ឲ្យ​ស្ត្រី​រូបនេះ កាន់តែ​យល់ច្បាស់​ពី​បញ្ហា​ដែល​កើតមាន​នៅក្នុង​សង្គម ដែល​ត្រូវ​ដោះស្រាយ ហើយក៏​យល់ថា មានតែ​អ្នកនយោបាយ​ទេ ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ មាន​ប្រសិទ្ធិភាព​ខ្ពស់​នោះ។ 
 
ពេលវេលា​បាន​រំកិល​មកដល់ នៅ​ឆ្នាំ ១៩៩៨ អ្នកស្រី មូ សុខ​ហួរ បានសម្រេច​ចិត្ត​ដើរចូល​វិថី​នយោបាយ​ជាមួយនឹង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដោយពេល​នោះ អ្នកស្រី​បានជា​ប់​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង និង​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី។ ត្រង់ចំណុច​នេះ នៅពេលដែល​សួរថា អ្នកស្រី​ដើរចូល​វិថី​នយោបាយ មានន័យ​ស្មើនឹង​ក្បត់​បណ្តាំ​ឪពុក​ឬ?  អ្នកនយោបាយ​វ័យ ៦០ ឆ្នាំ​រូបនេះ ដែល​ទើប​ជួប​ជាមួយ​ក្រុមយុវជន​នៅផ្ទះ​របស់ខ្លួន បាន​បកស្រាយ​យ៉ាងនេះ​ថា៖ « រូបខ្ញុំ​នៅតែ​មា​មានៈ មិន​គោរព​តាម​បណ្តាំ​គាត់ ព្រោះ​ខ្ញុំ​ចង់ឃើញ​ស្រុក​ខ្មែរ ដឹកនាំ​ដោយ​អ្នកនយោបាយ​ស្អាតស្អំ និង​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ។ បណ្តាំ​ឪពុក​សំខាន់​ហើយ តែ​យើង​ត្រូវ​លះបង់ ដើម្បី​ជាតិ ជាតិ​សំខាន់​ជាង ។ បើ​យើង​ខ្លួនឯង​មិន​ចង់ឃើញ​អ្នកនយោបាយ​ពុករលួយ យើង​ខ្លួនឯង​កុំ​អង្គុយ​ស្ងៀម កុំ​ចេះតែ​រអ៊ូ រទាំ ហើយ​កុំ​ចេះតែ​រិះគន់ បើ​យើង​ជា​អ្នក​ស្អាតស្អំ យើង​ត្រូវតែ​ចូល​នៅក្នុង​ឆាកនយោបាយ»។

ជីវិត​នៅលើ​វិថី​នយោបាយ​រយៈ ៦ ឆ្នាំ​ជាមួយ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​ឲ្យ​ស្ត្រី​រូបនេះ ស្គាល់​កាន់តែច្បាស់​ពី​បរិបទ​នយោបាយ​នៅ​កម្ពុជា និង​គោលការណ៍​របស់​គណបក្ស​នេះ។ គោលការណ៍​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែល​អ្នកស្រី​អះអាងថា មាន​គោលការណ៍​ល្អ តែ​មេដឹកនាំ​ទន់ជ្រាយ មិនអាច​អនុវត្តបាន ដែល​ជំរុញ​ទឹកចិត្ត​អ្នកនយោបាយ​រូបនេះ​នឿយណាយ និង​អស់ជំនឿ បែរមក​ស្រវា​ចាប់​គណបក្ស សម រង្ស៊ី វិញ ។
 
«ខ្ញុំ​ចេញពី គណបក្ស ហ្វ៊ុនស៊ិនប៉ិច ចូល​ជាមួយ​គណបក្ស សម រង្ស៊ី ចំ​ថ្ងៃ​គេ​បាញ់សម្លាប់​លោក ជា វិជ្ជា»

នៅ​ថ្ងៃទី ២២ មករា ឆ្នាំ ២០០៤ ជា​ថ្ងៃ​ដែល​អ្នកស្រី​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​រូបនេះ ចុះ​ចេញពី​តំណែង និង​ចេញពី​គណបក្ស ហ្វ៊ុនស៊ិនប៉ិច មក​សាង​ទ្រនំ​ថ្មី​ជាមួយនឹង​គណបក្ស សម រង្ស៊ី។ ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​អ្នកនយោបាយ​រូបនេះ ក៏​ជា​ថ្ងៃ​ដែល​ឃាតករ​មិន​ស្គាល់មុខ បាន​បាញ់សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ គឺ លោក ជា វិជ្ជា ផងដែរ។ «ថ្ងៃ​ដែល​ខ្ញុំ​ចូល​ជាមួយ​គណបក្ស សម រង្ស៊ី ជា​ថ្ងៃ​ដែល​គេ​សម្លាប់​លោក ជា វិជ្ជា ខ្ញុំ​មិន​ចេះតែ​ចូល​គ្មាន​ហេតុផល​នោះទេ ព្រោះ​ខ្ញុំ​ឃើញថា ក្នុងនាម​ខ្ញុំ​ជា​រដ្ឋមន្ត្រី កូតា ហ្វុនស៊ិនប៉ិច ខំតស៊ូ ជួយ​ពលរដ្ឋ​យ៉ាងណា តែ​បក្ស​នេះ មិនបាន​ធ្វើ​អ្វី​ស្រប​នឹង​ឧ​ត្ត​ម​គតិ​របស់ខ្ញុំ​ឡើយ។ ជាងនេះទៅទៀត បក្ស​នេះ​មិនបាន​ការពារ ការទាមទារ​យុត្តិធម៌​របស់​កម្មករ ហើយ​ជាពិសេស​នៅពេល​ឃាតករ​សម្លាប់​លោក ជា វិជ្ជា បក្ស​ហ្វុនស៊ិនប៉ិច នៅ​ស្ងៀម មិនបាន​ការពារ​ប្រយោជន៍​កម្មករ និង​ជនរងគ្រោះ​នោះទេ ។ នៅ​ចំពោះមុខ​រឿងរ៉ាវ​ទាំងនេះ ខ្ញុំ​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​គួរ​នៅ​ជាមួយ ហ្វ៊ុនស៊ិនប៉ិច​ទៀត ឬ​យ៉ាងណា? ពេលនោះ​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​តស៊ូ​ជាមួយ​គណបក្ស សម រង្ស៊ី នោះទេ ព្រោះ​គណបក្ស​នេះ ការពារ​ផលប្រយោជន៍​កម្មករ ប្រជាពលរដ្ឋ​ពិតប្រាកដ»។ នេះ​ជាការ​ពន្យល់​របស់​អ្នកស្រី មូ សុខ​ហួរ ។ 

បើទោះបីជា​និយាយ​ដូច្នេះ​ក្តី ក៏​អ្នកនយោបាយ​រូបនេះ ទទួលស្គាល់ថា នៅពេលនោះ គោលនយោបាយ​របស់​គ​ណ​បក្ស ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សម រង្ស៊ី មាន​គោលនយោបាយ ប្រហាក់ប្រហែលគ្នា ។ អ្នកស្រី​បញ្ជាក់ថា៖« គណបក្ស សម រង្ស៊ី ចេញពី​រាជានិយម និង​គោលដៅ ដើម្បី​ប្រជាធិបតេយ្យ​ដូច​គណបក្ស ហ្វ៊ុនស៊ិនប៉ិច​ដែរ ដែល​ខុសពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចេញពី​កុម្មុយនីស្ត ។ បក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​គោលនយោបាយ​ល្អ​ដែរ តែ​មិន​អនុវត្ត ទើប​ធ្វើ​ឲ្យ​បក្ស​នេះ​បរាជ័យ ពី​ឈ្នះ​រហូតដល់​ចាញ់ និង​អស់​កៅ​តែម្តង ។ ខ្ញុំ​ចង់​នៅ​ជាមួយ​ជនរងគ្រោះ និង​នៅ​ជាមួយ​បក្ស​ដែល​អនុវត្ត​គោលការណ៍​របស់ខ្លួន ខ្ញុំ​មិនចេះ​នៅ​ជាមួយ​មនុស្ស ឬ​បក្ស​ដែល​មិន​អនុវត្ត​ចំពោះ​គោលការណ៍​របស់ខ្លួន​ឡើយ។ ខ្ញុំ​ស្រឡាញ់​យុត្តិធម៌ »។ ជា​មនុស្ស​ដែលមាន​គោលការណ៍​ច្បាស់លាស់ និង​ស្រលាញ់ យុត្តិធម៌​បែបនេះហើយ បានធ្វើ​ឲ្យ​ស្ត្រី​រូបនេះ ហ៊ាន​តវ៉ា​ជាមួយ​អាជ្ញាធរ និង​ដល់​ថ្នាក់​ហ៊ាន​ប្រកាស​ជម្លោះ​ជាមួយ​លោក ហ៊ុន សែន ទៀតផង។
 
« ខ្ញុំ​មិន​ខ្លាច​លោក ហ៊ុន សែន ទេ តែ​ខ្ញុំ​ខ្លាច​កម្ពុជា គ្មាន​យុត្តិធម៌!»

នៅ​ឆ្នាំ ២០០៩ ក្តីក្តាំ​ឡើងដល់​តុលាការ រវាង​លោក ហ៊ុន សែន និង​អ្នកស្រី មូ សុខ​ហួរ បាន​ល្បី​ខ្ចរខ្ចាយ​ពេញ​ពិភពលោក។ អ្នកស្រី មូ សុខ​ហួរ គឺជា​ជនជាតិខ្មែរ​ដំបូង​បំផុត ដែល​ហ៊ាន​តតាំង​ក្តី​ផ្ទាល់ខ្លួន​ជាមួយ​លោក ហ៊ុន សែន ដែល​គេ​ស្គាល់​ថា លោក ជា​បុរស​ខ្លាំង​នៅ​កម្ពុជា។ សំណុំ​រឿងនេះ នៅ​ទីបំផុត តុលាការ បានសម្រេច​ឲ្យ​អ្នកស្រី មូ សុខ​ហួរ ចាញ់​លោក ហ៊ុន សែន ដោយ​តុលាការ​បង្គាប់​ឲ្យ​អ្នកស្រី សង​ប្រាក់​ជំងឺ​ចិត្ត​ដល់​លោក ហ៊ុន សែន ចំនួន ១៦ លាន​រៀល។ 
 
តាមពិតទៅ​អ្នកនយោបាយ​វ័យ ៦០ ឆ្នាំ​រូបនេះ បានដឹង​ច្បាស់​ខ្លួនឯង​មុន​ហើយ​ថា រឿងក្តី​នេះ រូបអ្នក​ស្រី ប្រាកដជា​មិនអាច​ឈ្នះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឡើយ។ អ្នកស្រី​ពន្យល់ថា៖« នរណា​ក៏​គេ​ដឹង​ដែរ​ថា លោក ហ៊ុន សែន មានអំណាច​ខ្លាំងណាស់​នៅ​កម្ពុជា ហើយ​ខ្ញុំ​ដឹងថា តុលាការ​នឹង​ឲ្យ​លោក ហ៊ុន សែន ឈ្នះ តែ​ខ្ញុំ​ត្រូវតែ​ប្តឹង។ ខ្ញុំ​ជាម​នុស្ស​ដែលមាន​គោលការណ៍ ចង់​ចាប់​សម្លាប់​ខ្ញុំ ចាប់ចង​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​ទេ ។ ខ្ញុំ​មិន​ចង់​ឈ្លោះ​ជាមួយ​លោក ហ៊ុន សែន នោះទេ តែ​ក្នុងនាម​ជា​អ្នកនយោបាយ ហើយ​ជា​ស្ត្រី​ទៀត ប្រសិនបើ​យើង​មិន​ហ៊ាន​តវ៉ា នៅពេល​គេ​ប្រមាថ​ស្ត្រី តើ​តម្លៃ​ស្ត្រី​ខ្មែរ​នៅឯណា? ខ្ញុំ​ជឿថា ថ្វី​ដ្បិត​តុលាការ​ឲ្យ​លោក ហ៊ុន សែន ឈ្នះ តែ​ប្រជាពលរដ្ឋ​ខ្មែរ​កាត់សេចក្តី​ឲ្យ​ខ្ញុំ​ឈ្នះ ហើយ​ខ្ញុំ​ឈ្នះ គឺ​ស្មើនឹង​ស្ត្រី​ខ្មែរ​ឈ្នះ » ។
 
បេះដូង​ចង់​ជួយ​ជាតិ ផ្សំ​ជាមួយ​ទ្រឹស្តី​របស់​អ្នកស្រី អង់ សាន​ស៊ូ​ជី បាន​ជំរុញ​ឲ្យ​អ្នក​យោ​បាយ​ខ្មែរ​រូបនេះ មាន​ភាពក្លាហាន រហូតដល់​ហ៊ាន​ឈ្លោះ​ជាមួយ​លោក ហ៊ុន សែន និង​ប្រឈមមុខ​ជាមួយ​អាជ្ញាធរ​ជា​ញឹកញាប់ ។ ទ្រឹស្តី​អ្នកស្រី អង់ សាន​ស៊ូ​ជី ដែល​ដក់​ក្នុង​អារម្មណ៍​អ្នកស្រី មូ សុខ​ហួរ នោះ គឺ «ប្រសិនបើ​យើង​មាន​ភាពភ័យខ្លាច ភាពភ័យខ្លាច​នឹង​តាម​បន្លាច​យើង​ជានិច្ច ហើយ​យើង​មិនអាច​ទៅដល់​គោលដៅ​បានទេ»។  ប្រកាន់​ភ្ជាប់​ទ្រឹស្តី​របស់​អ្នកស្រី អ៊ុង សាន​ស៊ូ​ជី និង​សកម្មភាព​តស៊ូ ស្រដៀង​គ្នា​ទៀត​នោះ មតិ​មួយចំនួន បាន​លើកឡើងថា អ្នកស្រី មូ សុខ​ហួរ ចង់​ធ្វើខ្លួន​ដូចជា​អ្នកនយោបាយ​ដ៏​ល្បី​របស់​ភូមា​គឺ អ្នកស្រី អ៊ុង សាន​ស៊ូ​ជី ។

«ខ្ញុំ​មិនមែន អ៊ុង សាន​ស៊ូ​ជី នៅ​ស្រុក​ខ្មែរ​ទេ តែ​ខ្ញុំ គឺជា មូ សុខ​ហួរ!»

នៅពេល​គេ​ប្រៀបធៀប​ខ្លួន​ជាមួយ អ្នកស្រី អ៊ុង សាន​ស៊ូ​ជី អ្នកនយោបាយ​ខ្មែរ​រូបនេះ មិន​សប្បាយចិត្ត​នោះឡើយ។ ស្ត្រី​រូបនេះ បាន​អះអាងថា ខ្លួន​មិនដែល​មានគំនិត​ចង់​ក្លាយជា អ៊ុង សាន​ស៊ូ​ជី នៅ​ស្រុក​ខ្មែរ​ឡើយ។ « ខ្ញុំ​តែងតែ​ពន្យល់​ប្រាប់​គេ នៅពេលដែល​គេ​យក​ខ្លួន​ខ្ញុំ​មក​ប្រៀប​ជាមួយ​អ្នកស្រី អ៊ុង សាន​ស៊ូ​ជី ថា រូបខ្ញុំ​មិនមែន អ៊ុង សាន​ស៊ូ​ជី នៅ​ខ្មែរ​ទេ។ សូមកុំ​យក​ខ្ញុំ​ទៅ​ប្រៀប​ជាមួយ​មេបក្ស​ប្រឆាំង​ភូមា។ ប្រសិនបើ​ពេញចិត្ត​សកម្មភាព​ខ្ញុំ ឲ្យ​តម្លៃ​ខ្ញុំ សូម​ហៅ​ខ្ញុំ​ថា មូ សុខ​ហួរ ជា​ស្ត្រី​ខ្មែរ​មួយរូប ទៅបាន​ហើយ » ។ នេះ​ជាការ​បញ្ជាក់​របស់​ស្ត្រី ដែលមាន​ឪពុក​ជា​ខ្មែរក្រោម។

ទន្ទឹមនឹង​ការបដិសេធ​នេះ អ្នកស្រី មូ សុខ​ហួរ ក៏​ខំព្យាយាម​ធ្វើ​ចិត្ត ដើម្បី​ជម្នះ​នឹង​មតិ​រិះគន់​មកលើ​រូបអ្នក​ស្រី កន្លងមក​ផងដែរ។ កន្លងមក មតិ​មួយចំនួន​បាន​រិះគន់ថា អ្នកស្រី ធ្វើ​ជ្រុល​ពេក ជុំវិញ​ការ​ព្យាម​យាម​ចូលទៅ​ទីលាន​ប្រជាធិបតេយ្យ បើទោះបីជា​អាជ្ញាធរ​ហាមឃាត់ និង​ត្រូវ​ពួកគេ​សែង​ចេញ​ញឹកញាប់​យ៉ាងណាក៏ដោយ។ និយាយ​ដល់​ត្រង់ចំណុច​នេះ អ្នកនយោបាយ​ដែល​ធ្លាប់តែ​ក្លាហាន និង​ហ៊ាន​ប្រឈមមុខ​ជាមួយ​លោក ហ៊ុន សែន រូបនេះ បាន​រៀប​រាប់ទាំង​អួលដើមក​ដូច្នេះ​ថា៖« សួរថា តើ​ខ្ញុំ​ជា​ស្ត្រី​ចង់​ឲ្យ​គេ​ប៉ះពាល់​ឬ? ហើយ​ខ្ញុំ​ជា​ម្តាយ នៅពេលដែល​កូន​ឃើញ​គេ​ចាប់​សែង​ខ្ញុំ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ តើ​ទឹកភ្នែក​ខ្ញុំ​ស្រក់​ប៉ុន្មាន​ដង? គ្មាន​នរណា​ចង់​ជាប់គុក បាក់បែក​ពី​គ្រួសារ​ទេ តែ​សំណួរ​សំខាន់ តើ​យើង​សុខចិត្ត​ឲ្យ​គេ​គាបសង្កត់​ឬ​យ៉ាងណា? បើ​វិនិច្ឆ័យ​ថា ខ្ញុំ​ធ្វើ​នេះ​ហួសហេតុ ពេក​ជា​សេរីភាព​របស់​ពួកគាត់​ទេ។ តែ​យ៉ាងណា​លទ្ធផល​ចុងក្រោយ ទីលាន​ប្រជាធិបតេយ្យ បាន​បើក​ឲ្យ​ដំណើរ​ការធម្មតា​វិញ »។ 

ថ្វី​ដ្បិត ខ្សែជីវិត​ឈរលើ​វិថី​នយោបាយ​ប្រឈម​នឹង​បញ្ហា​ច្រើនយ៉ាង​ណាក៏ដោយ ក៏​ស្ត្រី​ដែលមាន​កូនស្រី ៣ នាក់​រូបនេះ តែងតែ​ទទួល​ការលើកទឹកចិត្ត​ពី​សំណាក់​ក្រុមគ្រួសារ គឺ ស្វាមី ជនជាតិ​អាមេរិក ដែល​បាន​រៀបការ​នៅ​ឆ្នាំ ១៩៨៦ និង​កូនស្រី​ទាំង ៣ នាក់​របស់ខ្លួន ។ បច្ចុប្បន្ន​អ្នកស្រី រស់នៅ​ជុំគ្នា​ជាមួយ​ប្តី និង​កូនស្រី​ទី ២ នៅ​ភ្នំពេញ ខណៈដែល​កូនស្រី ២ រូប​ទៀត រស់នៅ​អាមេរិក និង​កូរ៉េខាងត្បូង ។ រាល់​សកម្មភាព​របស់​អ្នកស្រី ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន គឺជា​ស្នាដៃ និង​រៀបចំឡើង​ដោយ​កូនស្រី​របស់​អ្នកស្រី។  ដំណាល​ដល់​រឿង​កូនស្រី​ទាំង ៣ នាក់​របស់ខ្លួន អ្នកនយោបាយ​ចាស់វស្សា​របស់​កម្ពុជា​រូបនេះ ក៏​បើក​សិទ្ធិ​ដល់កូនៗរបស់ខ្លួន​ឲ្យ​ធ្វើ​នយោបាយ​ផងដែរ។ « ខ្ញុំ​គោរព​តាម​ការសម្រេចចិត្ត​រប​ស់​កូន ខ្ញុំ​ទុក​ឲ្យ​ពួកគេ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ប្រសិនបើ​គេច​ង់​ធ្វើ​នយោបាយ​ខ្ញុំ​ក៏​មិនអាច​រាំងរា​បានដែរ។ ប្រសិនបើ​កាលៈទេសៈ​ផ្តល់​ឲ្យ ពួកគេ​នឹង​ឈរឈ្មោះ​បោះឆ្នោត​ក្នុង​វិស័យ​នយោបាយ ហើយ​ពួកគាត់​ទៅក្នុង​នាម​ជា​បុគ្គល មិនមែន​ក្នុងនាម​កូន មូ សុខ​ហួរ ទេ»។

និយាយ​ពី កាលៈទេសៈ ផ្តល់​ឲ្យ​កូនស្រី​បែបនេះ  អ្នកស្រី មូ សុខ​ហួរ ក៏​ហាក់​មាន​មហិច្ឆតា ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី​នា​ថ្ងៃ​អនាគត​ផងដែរ ប្រសិនបើ​កាលៈទេសៈ​ផ្តល់​ឲ្យ​ខ្លួន។ ស្ត្រី​រូបនេះ បញ្ជាក់​យ៉ាងនេះ​ថា៖« បើ​កាលៈទេសៈ​ផ្តល់​ឲ្យ ខ្ញុំ​នឹង​គិតពិចារណា ខ្ញុំ​មិនអាច​និយាយថា ខ្ញុំ​មិន​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី បានទេ ។ គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​បញ្ចូល​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី នៅក្នុង​អាណត្តិក្រោយៗ ។ ហើយ​មិនមែន​តែ​ខ្ញុំ​ទេ លោក​អនុប្រធាន កឹម សុខា លោក យឹម សុវណ្ណ ក៏​អាច​ឈ្មោះ​ឈ្មោះ​នាយករដ្ឋមន្ត្រី​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ នៅពេល​ក្រោយ​ផងដែរ។ ប៉ុន្តែ​នៅពេលនេះ រហូតដល់​ពេលខាងមុខ  គឺ​ប្រជាពលរដ្ឋ​គាំទ្រ​លោក​ប្រធាន សម រង្ស៊ី។ ខ្ញុំ​គិតថា មនុស្ស​យើង បើ​កាលៈទេសៈ​តម្រូវ​ហើយ ពិបាក​នឹង​ប្រកែក​ណាស់ »។ ជា​ការពិតហើយ អ្នកស្រី​និយាយ​ដូច្នេះ ត្រូវ​នឹង​រឿងរ៉ាវ​របស់ខ្លួន ពីព្រោះថា ដំបូង​ឡើយ អ្នកនយោបាយ​រូបនេះ មិនដែល​ស្រមៃ​ចង់​ធ្វើ​នយោបាយ​ទេ ដោយសារ​គោរព​តាម​ពាក្យ​ឪពុក។ ប៉ុន្តែ ព្រោះតែ​កាលៈទេសៈ​តម្រូវ ទើប​អ្នកស្រី ទុក​បណ្តាំ​ឪពុក​មួយអន្លើ ហើយ​ឈាន​ជើង​ចូល​ឆាកនយោបាយ​រហូតដល់​សព្វថ្ងៃនេះ។ ហើយ​ប្រសិនជា កាលៈទេសៈ​តម្រូវ​ទៀត អ្នកស្រី​មួ សុខ​ហួរ នឹង​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ក​ម្ពុ​ជា​ទៀត៕    

© រក្សាសិទ្ធិដោយ thmeythmey.com