ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងមហាផ្ទៃ៖ មិនទាន់មាន​ជនភៀសខ្លួន​Nauru ស្ម័គ្រចិត្ត​មក​កម្ពុជា​នៅឡើយ​ទេ
28, Apr 2015 , 4:02 pm        
រូបភាព
មិនមាន​ជនភៀសខ្លួន​ណា​ម្នាក់​ពី​សាធារណៈរដ្ឋ​ណូ​រូ ប្រកាស​ស្ម័គ្រចិត្ត​យល់ព្រម​មក​រស់នៅ​ប្រទេស​កម្ពុជា​ឡើយ​រហូតដល់​ពេលនេះ បើទោះជា​មាន​ប្រតិភូ​មន្ត្រី​ពី​ក្រសួងមហាផ្ទៃ​កម្ពុជា​ធ្វើ​បទ​បង្ហាញ​អំពី​កម្ពុជា​ដល់​ពួកគេ​ក៏ដោយ។ ក្នុងចំណោម​បទ​បង្ហាញ​ចំនួន១០លើក មានតែ​ជនភៀសខ្លួន​តែ៦នាក់​ប៉ុណ្ណោះ​ដែល​បានមក​ស្តាប់​បទ​បង្ហាញ​អំពី​កម្ពុជា។



«មកដល់ពេលនេះ ពុំទាន់​មាន​ជនភៀសខ្លួន​ស្ម័គ្រចិត្ត​ដាក់ពាក្យ​មក​តាំង​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​កម្ពុជា​ឡើយ»។ នេះ​គឺជា​ខ្លឹមសារ​នៃ​របាយការណ៍​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ជា​របាយការណ៍​ស្តីអំពី​ការវិវត្ត​នៃ​ការបញ្ជូន និង​ទទួល​ជនភៀសខ្លួន​ពី​ប្រទេស​ណូ​រូ តាមរយៈ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​អូស្ត្រាលី និង​កម្ពុជា។

យោងតាម​របាយការណ៍​របស់លោក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​ចំនួន៦រូប បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ណូ​រូ​ដើម្បី​នៅក្នុង​ខែមីនា​កន្លងទៅ ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​កម្ពុជា​ប្រាប់​ដល់​ជនភៀសខ្លួន និង​អ្នកពាក់ព័ន្ធ។

«ចាប់ពី​ថ្ងៃទី២៣ដល់​ថ្ងៃទី២៧ ខែមីនា ក្រុមការងារ​បានធ្វើ​បទ​បង្ហាញ​ចំនួន១០លើក​នៅ​សណ្ឋាគារ Manen។ នៅ​ថ្ងៃទី២៤មីនា ក្រុមការងារ​បានធ្វើ​បទ​បង្ហាញ​ចំនួន២លើក មាន​ជនភៀសខ្លួន​ចំនួន៥នាក់​ចូលរួម​ស្តាប់ ក្នុងនោះ​មាន​ជនជាតិ​អ៊ីរ៉ង់៤នាក់ និង​ប៉ា​គី​ស្ថាន១នាក់។ នៅ​ថ្ងៃ​បន្ទាប់​មាន​ជនភៀសខ្លួន​សញ្ជាតិ​សូ​ម៉ាលី​ម្នាក់​ចូល​ស្តាប់​ការបង្ហាញ​អំពី​កម្ពុជា»។ នេះ​គឺជា​របាយការណ៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ដែល​បញ្ជាក់ថា នៅក្នុង​បទ​បង្ហាញផ្សេងៗទៀត សុទ្ធតែ​គ្មាន​ជនភៀសខ្លួន​ចូល​ស្តាប់​ឡើយ។ ទោះយ៉ាងណា​ក៏ដោយ ការរៀបចំ​បទ​បង្ហាញ​ថ្ងៃ​ដំបូង ក៏មាន​មនុស្ស​ចូលរួម៧០នាក់​ដែរ ដែលជា​ក្រុមការងារ​ផ្តល់​សេវា​ពាក់ព័ន្ធ​នឹង​ការតាំង​ទីលំនៅ​របស់​ជ​ន​ភៀសខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com