កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao បង្ហាញ​ជំនឿ​ចិត្ត​ខ្ពស់​ក្នុងការ​ធ្វើ​ឲ្យ Floyd ភ្លក់​រស​ជាតិ​បរាជ័យ​លើក​​ដំបូង​ក្នុង​អាជីព
29, Apr 2015 , 12:14 pm        
រូបភាព
ស្ដេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao បានបង្ហាញ​ទំនុកចិត្ត​ចំពោះមុខ​អ្នកគាំទ្រ​របស់ខ្លួន​នៅក្នុង​រដ្ឋ ឡាស​វី​ហ្គាស ថា រូបគេ​សង្ឃឹម១០០ភាគរយ ក្នុងការ​ផ្ដួល Floyd Mayweather នៅក្នុង​ការប្រកួត​នា​ថ្ងៃ​សៅរ៍​ខាងមុខនេះ។



«ខ្ញុំ​មិនមាន​ភាពភ័យខ្លាច​នោះទេ។ នេះ​ជាការ​ប្រកួត​ចុងក្រោយ មុននឹង​ខ្ញុំ​ចូល​និវត្ត។ ខ្ញុំ​មាន​ទំនុកចិត្ត១០០ភាគរយ»។ នេះ​ជាការ​អះអាង​របស់​អ្នក​ប្រដាល់​ល្បីល្បាញ​ហ្វីលីពីន Manny Pacquiao ។

ថ្លែងប្រាប់​សារព័ត៌មាន​BBC កាលពី​ថ្ងៃទី២៨ មេសា Pacquiao បន្ថែមថា គេ​ជឿជាក់ថា​នឹង​ផ្ដួល​កីឡាករ​ផ្ល​យ មេ​វេ​ឌ័​រ ឲ្យ​ស្គាល់​រសជាតិ​ចាញ់​ជា​លើកដំបូង​របស់គេ​នៅក្នុង​ការប្រកួត​នេះ។ «មនុស្ស​ដទៃ​មានការ​ព្រួយបារម្ភ​ជំនួស​ខ្ញុំ។ប៉ុន្ដែ​ខ្ញុំ​មានការ​ចាប់អារម្មណ៍​នៃ​ការប្រកួត​នេះ។ ហើយ​នៅពេលនេះ​ខ្ញុំ​ជឿថា​ខ្ញុំ​នឹងធ្វើ​ឲ្យ​គេ [ផ្ល​យ មេ​វេ​ឌ័​រ] ទទួលបាន​បទពិសោធ​ន៍​នៃ​ការបរាជ័យ​របស់គេ​ជា​លើកដំបូង»។ នេះ​ការបញ្ជាក់​របស់ Pacquiao។

ចំណែក​គ្រូបង្វឹក​កីឡាករ Pacquiao លោក Freddie Roach  បាន​បញ្ជាក់ថា លោក​នឹង​កីឡាករ​ប៉ា​គី​អៅ បានរៀបចំ​ការហ្វឹកហាត់​យ៉ាង​ល្អ សម្រាប់​ជ័យជំនះ​នៅក្នុង​ការប្រកួត​នេះ។

ជាមួយគ្នានេះ កីឡាករ Floyd Mayweather បាន​ឆ្លើយតប​យ៉ាងខ្លី​ថា រូបគេ​គឺជា​កីឡាករ​ដែលមាន​ការគិត​ច្បាស់​ជាង និង​ឆ្លាត​ជាង​កីឡាករ ប៉ាក់​គី​អៅ។
Floyd សញ្ជាតិ​អាមេរិក ដែល​ឈ្នះ​ទាំង៤៧លើក​ក្នុង​អាជីព​របស់ខ្លួន​នឹង​ប៉ះគ្នា​ជា​លើកដំបូង​ជាមួយ​ស្ដេច​ប្រដាល់​ហ្វីលីពីន Pacquiao នៅ​ថ្ងៃ​សៅរ៍​ទី ២ ឧសភា នៅ​សង្វៀន MGM Grand Arena ក្នុង​រដ្ឋ​ឡាស វី​ហ្គាស៕



© រក្សាសិទ្ធិដោយ thmeythmey.com