អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នី​ហ្សេ​រី​យ៉ាក​ម្ទេ​ច​ជម្រក​ក្រុម​បូ​កូ​ហា​រ៉ា​ម និង​សង្គ្រោះ​ស្ត្រី​ជិត៣០០នាក់
30, Apr 2015 , 10:43 am        
រូបភាព
ដោយ:

កងកម្លាំង​ទាហាន​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​បាន​សង្គ្រោះ​ស្ត្រី​ប្រហែល៣០០នាក់​ដែល​ត្រូវបាន​ក្រុម​ភេរវជន​ចាប់​ជម្រិត​និង​ធ្វើជា​ទាសករ​ផ្លូវភេទ​ខណៈពេល​កងទ័ព​នេះ​វាយកម្ទេច​មូលដ្ឋាន​ក្រុម​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម​នេះ​នៅ​ភាគ​ខាងជើង​ប្រទេស។យ៉ាងណាក៏ដោយ​ស្ត្រី​ដែល​ត្រូវបាន​សង្គ្រោះ​នោះ​មិនទាន់​ត្រូវបាន​អះអាង​ពី​រដ្ឋាភិបាល​ថា​ជនរងគ្រោះ​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ជា​ក្មេង​រង​ការ​ជម្រិត​កាលពី​ឆ្នាំមុន​នោះទេ។


ម្សិលមិញ​ក្រោយ​ប្រតិបត្តិការ​វាយកម្ទេច​ជម្រក​ក្រុម​សកម្មប្រយុទ្ធ​ប៉ូ​កូ​ហា​រ៉ា​ម (Boko Haram) នៅ​ភាគ​ខាងជើង​នី​ហ្សេ​រី​យ៉ាក​ង​កម្លាំង​រដ្ឋាភិបាល​បាន​ជួយសង្គ្រោះ​ស្ត្រី​ដែលជា​ជនរងគ្រោះ២៩៣នាក់​ដែល​ត្រូវបាន​ក្រុម​នេះ​ចាប់​ធ្វើជា​ចំណាប់ខ្មាំង​និង​ទាសករ​ផ្លូវភេទ។

បើ​យោងតាម​លោក  Chris Olukolade អ្នកនាំពាក្យ​ការពារជាតិ​នី​ហ្សេ​រី​យ៉ាក​ង​ម្លាំ​ង​រដ្ឋាភិបាល​បាន​សង្គ្រោះ​ក្មេងស្រី២០០នាក់​និង​ស្ត្រី៩៣នាក់​ផ្សេងទៀត​ក្នុង​ការបើក​ប្រតិបត្តិ​វាយកម្ទេច​ក្រុម​បូ​កូ​ហា​រ៉ា​ម។ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​តែ​ផ្សព្វផ្សាយ​ពី​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​ទាំងនោះ​ដើម្បី​ស្វែងរក​ក្រុមគ្រួសារ។

គួរ​រម្លឹក​ផងដែរ​កាលពី​ខែមេសា​ឆ្នាំ២០១៤កន្លងទៅនេះ​ក្រុម​នេះ​បាន​ចាប់​ជម្រិត​ក្មេងស្រី​ប្រមាណ២៧៦នាក់​នៅ​សាលា​ដែល​ស្ថិតនៅ​ក្រុង Chibok និង Borno។ក៏ប៉ុន្តែ​ជនរងគ្រោះ​ទាំងនោះ​មិនទាន់​ត្រូវបាន​រំដោះ​ចេញពី​ក្រុម​សកម្មប្រយុទ្ធ​នោះទេ។

យ៉ាងណាក៏ដោយ​ជនរងគ្រោះ​ទាំង២៩៣នាក់​ដែល​ទើបតែ​សង្គ្រោះ​មិនទាន់មាន​ការកំណត់​ណាមួយ​ដែល​បង្ហាញថា​ជា​ទាក់ទង​និង​ករណី​ចាប់​ជម្រិត​ក្មេង​កាលពី​ឆ្នាំ២០១៤ដែរ​ព្រោះ​ករណី​នៃ​ការចាប់​ជម្រិត​ទៅលើ​ក្មេងស្រី​នី​ហ្សេ​រី​យ៉ា​គឺមាន​ច្រើន​ករណី​ណាស់។

គួរបញ្ជាក់​ផងដែរ​ក្រុម​បូ​កូ​ហា​រ៉ា​ម​គឺ​ក្រុម​ឥស្លាម​ជ្រុលនិយម​ដែល​បាន​បង្កើត​មូលដ្ឋាន​នៅក្នុង​នី​ហ្សេ​រី​យ៉ា​ហើយ​ក្រុម​នេះ​តែងតែ​ប៉ះទង្គិច​គ្នា​ជាមួយនឹង​ក្រុម​កងកម្លាំង​រដ្ឋាភិបាល។ជាពិសេស​នោះ​ពួកគេ​តែងតែ​ចាប់​ជម្រិត​ក្មេងស្រី​ដើម្បី​ធ្វើជា​ទាសករ​ផ្លូវភេទ​និង​ក្មេងប្រុស​ដើម្បី​ធ្វើជា​សកម្មជន​របស់​ពួកគេ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com