ជាតិ
សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​លើកកម្ពស់​សេរីភាព​អ្នកសារព័ត៌មាន
01, May 2015 , 4:31 pm        
រូបភាព
ដោយ: ថ្មីៗ
 
សង្គម​ស៊ីវិល​ចំនួន១៤ស្ថាប័ន អំពាវនាវ​ដល់​រដ្ឋាភិបាល ជាពិសេស​ក្រសួង​ព័ត៌មាន ប្រព័ន្ធតុលាការ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដៃគូរ​ពាក់ព័ន្ធ​ទាំងអស់ សហការគ្នា​ចាត់វិធានការ​ជាក់លាក់ ដើម្បី​ឲ្យ​អ្នកសារព័ត៌មាន​បំពេញការងារ​របស់ខ្លួន​ប្រកបដោយ​ភាពជោគជ័យ ក្នុងការ​ពង្រឹង​សេរីភាព​សារព័ត៌មាន ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។



សេចក្ដីថ្លែងការណ៍​រួមគ្នា​ចុះ​ថ្ងៃទី៣០ មេសា បាន​បង្ហាញថា នៅ​ថ្ងៃទី០៣ ឧសភា គឺជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅក្នុង​ឆ្នាំនេះ​ក្រុម​សង្គម​ស៊ីវិល អំពាវ​ឲ្យ​ក្រសួង​ព័ត៌មាន​គួរតែបង្កើត​ឲ្យ​មាន​អង្គភាព​ផ្ដល់​អាជ្ញារ​ប័ណ្ណ​ប្រកបដោយ​តម្លាភាព និង​ឯករាជ្យ​ពេញលេញ ដើម្បី​ធានាថា​ការចេញ​អាជ្ញារ​ប័ណ្ណ​ផ្សព្វផ្សាយ​មាន​ភាពស្មើគ្នា ។ លើកកម្ពស់​សំឡេង និង​មតិយោបល់​ចម្រុះ​តាមរយៈ​រលកធាតុអាកាស។

ក្រសួង​ព័ត៌មាន​គួរផ្ដល់​អទិភាព​ក្នុងការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ដែល​និង​ផ្ដល់ព័ត៌មាន​ជា​សាធារណៈ​ដល់​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​បាន​ស្វែងយល់​ពី​ការពិត និង​រាយការណ៍​ព័ត៌មាន​ជាក់ស្ដែង ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប។ ដូច្នេះ​រដ្ឋាភិបាល​គួរ​លើកកម្ពស់​ឲ្យ​មាន​ព័ត៌មាន​សាធារណៈ តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ឲ្យ​បាន​ច្រើន។

រដ្ឋ​សភាគ​ឬ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​ក្នុង​ក្រមព្រហ្មទណ្ឌ​ដូចជា បទ​បរិហារ​កេ​រ្ត៍(មាត្រា ៣០៥) បទ​ប្រមាថ (៥០២) បទ​បណ្ដឹង​បរិហារ​បង្កាច់​កេ​រ្ត៍(មាត្រា៣១១) និង​បទ​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្ដីសម្រេច​របស់​តុលាការ (មាត្រា៥២៣) ដែល​ប៉ះពាល់​ដល់​ការបញ្ចេញមតិ។ប្រព័ន្ធតុលាការ និង​តុលាការ​ត្រូវ​ចាត់វិធានការ ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្តិ​អំពើហិង្សា​ទៅលើ​អ្នកសារព័ត៌មាន។លើសពីនេះ​ចាងហ្វាង និង​អ្នក​បោះ​ពុ​ម្ភ​ផ្សាយ​សារព័ត៌មាន​ទាំងអស់​គួ​តែ​ចាត់វិធានការ ដើម្បី​ធានា​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មិន​ទទួលរង​ឥទ្ធិពល​នយោបាយ ឬ​ផលប្រយោជន៍​ធុរកិច្ច​ណាមួយ​ឡើយ។ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវតែ​ធានា​ឲ្យ​មានការ​គោរព​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា។

សេចក្ដី​ថ្លែង​ការ​ដដែល​បន្ដថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ្នកសារព័ត៌មាន និង​អ្នកធ្វើការ​ខាង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន នៅ​ជុំវិញ​ពិភពលោក​ត្រូវបាន​វាយប្រហារ ឃុំខ្លួន និង​ធ្វើឃាត ហើយ​រាល់​ការបោះ​ពុ​ម្ភ​ផ្សាយ ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​តឹងរឹង ឬ​អាច​ប្រឈម​និង​ការបិទ​ទៀតផង។ការ​រិត​ត្បិត​សេរីភាព​សារព័ត៌មាន​បែបនេះ រារាំង​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សេរីភាព​បញ្ចេញមតិ ដែលជា​មូលដ្ឋាន​គ្រិះ​នៃ​ការអភិវឌ្ឍន៍​ក្នុងសង្គម​ប្រជាធិបតេយ្យ៕



© រក្សាសិទ្ធិដោយ thmeythmey.com