អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​បន្លាច​លោក​គីម​ជុង​អ៊ុន​ដោយ​ត្រៀម​ពង្រាយ​មី​ស៊ី​ល​ទៅ​កូរ៉េខាងត្បូង
02, May 2015 , 7:30 pm        
រូបភាព
កូរ៉េខាងជើង​ចាប់ផ្តើម​ខឹងសម្បារ​សហរដ្ឋអាមេរិក​ជាថ្មី នៅពេលដែល​អាមេរិក​ប្រកាស​ត្រៀម​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ទៅកាន់​កូរ៉េ​ខ​ខាងត្បូង។ របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ចាត់ទុក​ការប៉ុនប៉ង​ពង្រាយ​អាវុធ​ទៅ​កូរ៉េខាងត្បូង​ជា​ចេតនា​មិនល្អ​មួយ ហើយ​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​តំបន់​ថែមទៀត។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua។


សហរដ្ឋអាមេរិក​អាច​នឹង​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​របស់ខ្លួន​ទៅកាន់​កូរ៉េខាងត្បូង​នៅពេល​ខាងមុខ។ ប្រ​ព័៏​ន្ធ​កា​ពារ​ដែនអាកាស​សហរដ្ឋ​អាមេរិក អាច​នឹងត្រូវ​ពង្រាយ​នៅ​កូរ៉េខាងត្បូង​ដើម្បី​ទប់ទល់​បញ្ហា​ប្រឈម​សន្តិសុខ ជាពិសេស​ការពារ​ការ​គំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង។ យ៉ាងណាមិញ ការប៉ុនប៉ង​បញ្ជូន​អាវុធ​ទៅ​កូរ៉េខាងត្បូង​នេះ បានធ្វើ​ឲ្យ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ខឹងសម្បារ​ជាខ្លាំង ស្របពេល​ដែល​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​កើនឡើង។ កូរ៉េខាងជើង​រិះគន់​រដ្ឋបាល​លោក ប៉ា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ប៉ង​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ទៅកាន់​ក្រុង​សេ​អ៊ូ​ល ហើយ​អះអាងថា សព្វាវុធ​អាមេរិក​ធ្វើ​ឲ្យ​មាន​ការភាន់ច្រលំ និង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សន្តិសុខ​ផងដែរ។

អ្នកនាំពាក្យ​វិទ្យាស្ថាន​សន្តិភាព និង​រំសាយ​អាវុធ​ស្ថិតក្រោម​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​សង្កត់​ធ្ងន់​ថា ប្រព័ន្ធ​រ៉ា​ដា និង​អាវុធ​មី​ស៊ី​ល​ជំនាន់​ថ្មី​របស់​ក្រុង​វ៉ាស៊ីនតោន​នៅ​កូរ៉េ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ត្រួតពិនិត្យ និង​ឆ្លើយតប​រាល់​សកម្មភាព​នានា​ផ្នែក​យោធា​របស់​សត្រូវ​ខ្លួន​នៅ​តំបន់​អឺ​រ៉ាស៊ី។ កូរ៉េខាងជើង​សំដៅលើ​ការព្យាយាម​ទប់ទល់​ការគំរាមកំហែង​របស់​រុស្ស៊ី​ដែលជា​រដ្ឋ​ស្ថិតនៅ​តំបន់​អឺ​រ៉ាស៊ី មកលើ​តំបន់​ទាំងមូល​អាស៊ី​បូព៌ា​ជាពិសេស​កូរ៉េខាងត្បូង​និង​ជប៉ុន។ អ្នកនាំពាក្យ​ខាងលើ​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា ការបំពាក់​ប្រព័ន្ធ​ការពារ​ដែនអាកាស​នៅ​កូរ៉េខាងត្បូង​បង្ហាញថា គ្រោះថ្នាក់ និង​ការគំរាមកំហែង​សន្តិសុខ​ថ្មី​មួយទៀត​នឹង​ផុស​រូបរាង​ឡើង​នៅពេល​ខាងមុខ។

ជុំវិញ​ការបញ្ជូន​ប្រព័ន្ធ​ការពារ​អាកាស​នេះដែរ គេ​មិនទាន់​ឃើញ​មានការ​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ពី​កាលបរិច្ឆេទ​នៃ​ការបញ្ជូន ប៉ុន្តែ​សកម្មភាព​របស់​ក្រុង​វ៉ាស៊ីនតោន​អាច​នឹង​ដុត​កម្តៅ​តំបន់​ឧ​ទ្វីប​កូរ៉េ​ឲ្យ​កាន់តែ​ក្តៅ​ឡើង​ផងដែរ។ ចំណែក កូរ៉េខាងជើងជារឿយៗ ចាំ​រិះគន់​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​និង​ចោទប្រកាន់​ប្រទេស​ទាំងពីរ​ថា​ព្យាយាម​គំរាមកំហែង​ខ្លួន​ផងដែរ។

កាលពីដើមឆ្នាំ ការប្រកាស​ធ្វើ​សមយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង​និង​អាមេរិក បាន​បញ្ឆេះ​កំហឹង​របប​ដឹកនាំ​លោក គីម​ជុង​អ៊ុន ហើយដោយ​ទ្រាំ​មិនបាន​មេដឹកនាំ​ម្នាក់នេះ​បញ្ជា​ឲ្យ​កងទ័ព​ខ្លួន​បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ទម្លាក់​ក្នុង​សមុទ្រ និង​រៀបចំ​កងទ័ព​ត្រៀម​ធ្វើសង្គ្រាម​ផងដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ក្រុង​ព្យុងយ៉ាង​ក៏បាន​ព្រមាន​ផងដែរ ថា​ខ្លួន​អាច​នឹង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នៅពេល​ណាមួយ​ខាងមុខ​ថែមទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com