កីឡាអន្តរជាតិ
អន្តរជាតិ
Floyd Mayweather ក្លាយ​ជាម្ចាស់​ខ្សែក្រវាត់​ក្នុងជំនួប​ប្រចាំ​សតវត្ស​
03, May 2015 , 11:48 am        
រូបភាព
ដោយ: រួបរួម
កីឡាករ Floyd Mayweather បាន​ក្លាយ​ជាម្ចាស់​ខ្សែក្រវាត់​នា​ជំនួប​នៃ​ព្រឹត្តិការណ៍ «The Fight of the Century» នៅ​សង្វៀន MGM Grand Garden Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្កា​ស សហរដ្ឋអាមេរិក​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៥ នេះ។ កីឡាកររូបនេះ ទទួល​បាន​ពិន្ទុ​ជាឯក​ច្ឆ័ន្ទពីចៅក្រម លើស Manny Pacquiao ១១៨-១១០, ១១៦-១១២, ១១៦-១១២។




ពី​ទឹក១ដល់ទី៣ កីឡាករ​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​វាស់​ស្ទង់​គ្នា​ទៅវិញទៅមក។ ឈានដល់​ទឹក​ទី៤ Pacquiao វាយ​ចំ​មុខ​របស់ Mayweather ហើយ​កីឡាករ​ហ្វីលីពីន​ព្យាយាម​វាយ​សម្រុក ប៉ុន្តែ​កីឡា​ការ​អាមេរិក​ទប់ទល់​មិន​ឲ្យ​វាយ​ចូល​មុខ​នោះឡើយ។

នៅ​ទឹក​ទី៥ Mayweather នៅតែ​ទទួល​ការ​វាយ​សម្រុក​ពី​សំណាក់ Pacquiao ហើយ​ឈានដល់​ទឹក​ទី៦ Pacquiao បានត្រឹមតែ​វាយ​ពោះ​របស់ Mayweather ប៉ុណ្ណោះ។ នៅ​ទឹក​ទី៧ កីឡាករ​ទាំងពីរ​ហាក់​មានឱកាសរៀងៗខ្លួន ប៉ុន្តែ​មិនមាន​ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ។

នៅ​ទឹក​ទី៨ និង​ទី៩ បើទោះបីជា Mayweather ព្យាយាម​គេចចេញ​ពី​ការវាយលុក​របស់ Pacquiao ក៏ដោយ ប៉ុន្តែ​កីឡាករ​អាមេរិក​រូបនេះ ក៏មាន​ឱកាស​វាយ​ចូល​មុខ​របស់ Pacquiao ផងដែរ។ នៅ​ទឹក​ទី១០ និង១១ Pacquiao បន្ត​ការប្រើ​កណ្តាប់ដៃ​ដើម្បី​វាយលុក​លើ Mayweather ហើយ​សម្រេចបាន​ផល​មួយចំនួន​ផងដែរ បើទោះបីជា Mayweather ខិតខំ​គេចចេញ​ក៏ដោយ។

នៅ​ទឹក​ចុងក្រោយ Pacquiao នៅតែ​ព្យាយាម​សម្រុក ខណៈ Mayweather នៅតែ​ព្យាយាម​រារាំង​បានសម្រេច។

ជំនួប​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក (Welterweight) ទម្ងន់​ជាង៦៦គីឡូក្រាម រវាង​ស្តេច​ប្រដាល់​អា​មេ រិ​ក Floyd “Money” Mayweather និង​ស្តេច​ប្រដាល់​ហ្វីលីពីន Manny “Pac-Man” Pacquiao ទាក់ទាញ​អ្នក​និយម​ទស្សនា​កីឡាប្រដាល់​លើ​ពិភពលោក​យ៉ាងខ្លាំង។

កន្លងមក Floyd អាយុ៣៨ឆ្នាំ បាន​គ្រប់គ្រង​តំណែង​ជើងឯក​ពិភពលោក​ចំនួន៥ (5-division World champion) ដោយមាន​ប្រវត្តិ​ប្រកួត​ចំនួន៤៧លើក ឈ្នះ​ទាំង៤៧លើក និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន២៦លើក។ ចំណែក Pacquiao អាយុ៣៦ឆ្នាំ គ្រប់​តំណែង​ជើងឯក​ពិភពលោក​រហូតដល់​ទៅ៨ (8-division world champion) ដោយ​ប្រកួត​បាន៦៤លើក ឈ្នះ៥៧លើក (ធ្វើ​ឲ្យ​ប្រកួត​សន្លប់៣៨លើក) ចាញ់៥លើក និង​ស្មើ២លើក។

កីឡាករ​ទាំងពីរ​សុទ្ធ​តែមាន​ប្រវត្តិ​បំបាក់​កីឡាករឆ្នើមៗចំនួន៥ (Famous Five) លើ​ពិភពលោក ដែល​ក្នុងនោះ​មាន Juan Manuel Marquez, Ricky Hatton, Oscar De La Hoya, Shane Mosley និង Miguel Cotto។

បើតាម CNN ការផ្គូផ្គង​កីឡាករ​ទាំងពីរ​នេះ បាន​ចំណាយពេល​អស់​រយៈពេល​ប្រមាណ៥ឆ្នាំ។ ចំណូល​ដែល​ទទួលបាន​ពី​ការរៀបចំ​ឲ្យ​មាន​ជំនួប​នៅ​ថ្ងៃអាទិត្យ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ចាប់ពី៣០០លាន ទៅ៤០០លាន​ដុល្លារ​អាមេរិក។ សំបុត្រ​ដែល​ថោក​បំផុត​មានតម្លៃ១៥០០ដុល្លារ​អាមេរិក ហើយ​ឡើងដល់៨០០០ដុល្លារ ៤០០ ០០០ដុល្លារ និង៥០០ ០០០ដុល្លារ​អាមេរិក៕




© រក្សាសិទ្ធិដោយ thmeythmey.com