កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiaoថា​ខ្លួន​មាន​បញ្ហា​របួស​ស្មា​ស្តាំ​ដែល​ធ្វើ​ឲ្យ​ខ្លួន​វាយ​មិន​ដល់​កម្រិត​កំពូល
04, May 2015 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ

Manny Pacquiaoបាន​និយាយ​ឲ្យ​ដឹងថា រូបគេ​មាន​បញ្ហា​របួស​ស្មា​ខាងស្តាំ​នា​អំឡុងពេល​ហ្វឹកហាត់​កាលពី​បី​សប្តាហ៍​កន្លងមក។ កីឡាករ​ប្រដាល់​ហ្វីលីពីន​រូបនេះ បន្ថែមថា ស្នង​ការរៀបចំ​ការប្រកួត បាន​បដិសេធ​សំណេរ​របស់គេ​ចំពោះ​ការប្រើប្រាស់​ថ្នាំ​កាត់បន្ថយ​ការឈឺចាប់​នៅមុន​ប្រកួត។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Today Sports។



ថ្វីត្បិតតែ Pacquiaoយល់ថា ខ្លួន​ជា​អ្នកឈ្នះ​ក្នុងជំនួប The Fight of the Century នៅ​សង្វៀន MGM Grand Garden Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្កា​ស សហរដ្ឋអាមេរិក​នា​ព្រឹក​ថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០១៥ ក្តី ប៉ុន្តែ​កីឡាករ​ប្រដាល់​ហ្វីលីពីន​រូបនេះ លើកឡើងថា បញ្ហា​របួស​ស្មា​ស្តាំ ជាហេតុ​ដែល​នាំ​ឲ្យ​រូបគេ វាយ​មិនល្អ​ដល់​កម្រិត​កំពូល។

Pacquiaoបាន​លើកឡើងថា បញ្ហា​របួស​ស្មា​គេ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ដែល​អាច​ឲ្យ​មានការ​ពន្យា​នៃ​ជំនួប «Fight of the Century» ប៉ុន្តែ​មួយ​សប្តាហ៍​មុន​ការប្រកួត​ស្ថានភាព​របួស​មាន​សភាព​ធូរស្រាល។

កីឡាករ Floyd Mayweatherបាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​នា​ជំនួប​នៃ​ព្រឹត្តិការណ៍ «The Fight of the Century» ក្រោយ​ទទួលបាន​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ​ពី​ចៅក្រម លើស Manny Pacquiao១១៨-១១០, ១១៦-១១២, ១១៦-១១២។

អ្នកទស្សនា​មួយចំនួន​យល់ឃើញថា Pacquiaoសក្តិ​សមជា​ម្ចាស់​ខ្សែក្រវាត់​ជាង Floyd ខណៈ​Floyd ត្រូវបាន​គេ​មើលឃើញថា គិតតែ​ពីរ​ត់​ពេញ​សង្វៀន។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកវិភាគ​ប្រដាល់ បាន​លើកឡើងថា Floyd បានឈ្នះ​ដោយ​បច្ចេកទេស​សុទ្ធសាធ៕


© រក្សាសិទ្ធិដោយ thmeythmey.com