ជាតិ
EU ប្រារព្វ​ព្រឹត្តិការណ៍​សប្ដាហ៍​អឺរ៉ុប​ឆ្នាំ២០១៥ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​អឺរ៉ុប​នៅ​កម្ពុជា
04, May 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ប្រារព្វ​ព្រឹត្តិការណ៍ សប្ដាហ៍​អឺរ៉ុប​ឆ្នាំ២០១៥ ដើម្បី​អប់អរ​វត្តមាន​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា។ ការ​ប្រារព្វ​ពិធី​នេះ​ឡើង ក៏​ដើម្បី​បង្ហាញ និង​ផ្សព្វផ្សាយ​ពី​ផលិតផល​អឺរ៉ុប ដល់​ប្រជាជន​កម្ពុជា​ផងដែរ។


ដោយ​ទទួលបាន​ជោគជ័យ​នៃ​ការ​ប្រារព្វ​ទិវា​អឺរ៉ុប កាលពីឆ្នាំមុនៗកន្លងទៅ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នៅ​ឆ្នាំនេះ បាន​ចូលរួម​សហការ​ជាមួយនឹង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា (EuroCham) បង្កើត​ព្រឹត្តិការណ៍ «សប្ដាហ៍​អឺរ៉ុប» ពេញ​មួយ​សប្ដាហ៍ ដើម្បី​ផ្សព្វផ្សាយ និង​បង្ហាញ​ឲ្យ​ប្រជាជន​កម្ពុជា បាន​ស្គាល់​នូវ​ក្រុមហ៊ុន និង​ម៉ាក​ផលិតផល​អឺរ៉ុប ដែលមាន​វត្ត​មាននៅ​កម្ពុជា។

ឯកអគ្គរាជទូត​សហភាព​អឺរ៉ុប លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ​កូតា​ន់ Jean-Francois Cautainមានប្រសាសន៍ថា គោលបំណង​ដ៏​សំខាន់​នៃ​ភាពជា​ដៃគូរ​នេះ គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា និង​ការគាំទ្រ​នៅតាម​តំបន់​នានា​ក្នុងសង្គម និង​ជាការ​ចូលរួមចំណែក​ដ​ល់​សេដ្ឋកិច្ចកម្ពុជា។ លោក​បន្ថែមថា៖ «យើង​ចង់​បង្ហាញថា សហភាព​អឺរ៉ុប ក្រៅពី​ការសាងសង់​ផ្នែក​នយោបាយ​ក្រោយ​សង្គ្រាម ដែល​ផ្ដោតទៅលើ​សន្ដិភាព ប្រជាធិបតេយ្យ សេរីភាព និង​ភាព​សម្បូរបែប ក៏​ជាទី​តាំង​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ និង​សម្បូរបែប​ជាមួយ នឹង​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​ពិភពលោក​ជាច្រើន»។

ព្រឹត្តិការណ៍ សប្ដាហ៍​អឺរ៉ុប​នេះ មាន​រយៈពេល​ចាប់​ថ្ងៃទី ៤ ដល់​ថ្ងៃទី១០ ឧសភា​នៅមុខ​វត្ត​បទុម​ដោយមាន​ការដាក់​តាំង​ពិ​ពណ៌​ម៉ាក​ផ​លិ​ផ​ផល​ល្បី​ជាច្រើន​នៅ​ទូទាំង​ពិភពលោក និង​បង្ហាញ​រូបភាព​នានា ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ទស្សនា និង​បាន​ស្គាល់​ពី​ប្រវត្តិសាស្ត្រ នៃ​សហភាព​អឺរ៉ុប កិច្ចសហប្រតិបត្តិការ ក្នុងការ​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​កម្ពុជា។ លើសពីនេះ​សហភាព ក៏មាន​កម្មវិធី​ទស្សនា​តាម​សកល​វិទ្យាល័យ​មួយចំនួន និង​មានការ​ប្រណាំង​កង់​អាកាសធាតុ​ផងដែរ នៅក្នុង​ព្រឹត្តិការណ៍ ស​ប្ដា​ហ៏​អឺរ៉ុប​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com