ជាតិ
អាដហុក​ចោទ​អភិបាលស្រុក​កែវ​សីមា​ថា ហាម​មិន​ឲ្យ​មន្ត្រី​ខ្លួន​បើក​វគ្គ​បណ្តុះបណ្តាល
05, May 2015 , 5:03 pm        
រូបភាព
សមាគម​អាដហុក​សាខា​ខេត្ត​ម​ណ្ឌ​គិរី បាន​ចោទ​លោក ស៊ុន  វណ្ណ​វុ​ឌ្ឍ​ន៍ អភិបាលស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ថា បាន​គំរាម​គំហែង​លើ​មន្ត្រី​សមាគមន៍​អាដហុក មិន​ឲ្យ​រៀង​ចំការ​បើក​វគ្ក​បណ្តុះបណ្តាល​ស្តីពី​ការពង្រឹង​សិទ្ឋិ​អំណាច​សហគមន៍​មូលដ្ឋាន ដល់​ប្រជាពលរដ្ឋ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ។



លោក លោក ស៊ុន វណ្ណ​វុ​ឌ្ឍ​ន៍ អភិបាលស្រុក​កែវ​សីមា គំរាម​លោក អ៊ាង ម៉េង​លី មន្ត្រី​ទទួលបន្ទុក​ការងារ​អង្កេត​របស់​សមាគមន៍​អាដហុក​សាខា​ខេត្ត​ម​ណ្ឌ​គិរី  ខណៈដែល​លោក​ចុះទៅ​ធ្វើការ​ទាក់ទង​ព័ត៌មាន​ដើម្បី​បើក​វគ្គ​បណ្តុះបណ្ដាល​ដល់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​សិទ្ឋិ​មនុស្ស ល​ទ្ឋិ​ប្រជាធិបតេយ្យ និង​ច្បាប់ ដើម្បី​ពង្រឹង​សិទ្ឋិ​អំណាច​សហគមន៍​មូលដ្ឋាន ។ នេះ​បើតាម​សេចក្តីប្រកាស​ពត៌មាន ដែល​បាន​ចុះផ្សាយ​ដោយ​សមាគមន៍​អាដហុក​សាខា​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី០៥ ខែ០៥ ឆ្នាំ២០១៥ នេះ ។

បន្ថែម​ពីលើ​នេះ លោក សុក រដ្ឋា អ្នកសម្របសម្រួល​សមា​គម​អាដហុក​សាខា​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី០៤ ខេ​មេសា ឆ្នាំ២០១៥ ម​ន្រី្ត​សមាគម​អាដហុក​សាខា​ខេត្ត​ម​ណ្ឌ​គិរី បាន​ចុះទៅ​សាកសួរ​ព័ត៌មាន​ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​ប្រជាពលរដ្ឋ តែ​ត្រូវ​លោក ស៊ុន វណ្ណ​វុ​ឌ្ឍ​ន៍ អភិបាលស្រុក​កែវ​សីមា មិន​អនុញ្ញាត ដោយ​លោក​សំអាងថា​ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ​មិនមែនជា​សកម្មភាព​អង្គការ តែ​វា​ជា​កម្ម​ភាព​គណបក្សនយោបាយ ។ បើតាម​លោក សុក រដ្ឋា លោក ស៊ុន វណ្ណ​វុ​ឌ្ឍ​ន៍ បាន​គំរាម​យ៉ាងនេះ​ថា៖ «បើ​សមាគមន៍​នៅតែ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការពង្រឹង​សិទ្ឋិ​អំណាច​សហគមន៍​មូលដ្ឋាន ដូច​មានចែង​ក្នុង​លិខិត​ជូនដំណឹង​មែន​នោះ លោក​នឹង​ចាត់វិធានការ​ដាក់​ខ្នោះ​លើ​មន្ត្រី​អាដហុក​មិន​ខាន» ។

ការ​គំរាម​គំហែង​របស់លោក លោក ស៊ុន វណ្ណ​វុ​ឌ្ឍ​ន៍ អភិបាលស្រុក​កែវ​សីមា មកលើ​លោក អ៊ាង ម៉េង​លី ត្រូវបាន​សមាគម​អាដហុក​សាខា​ខេត្តមណ្ឌលគិរី អះអាងថា ជាការ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​អំណាច មិន​ត្រឹមតែ​ដក​សេចក្តីទុកចិត្ត​ពី​មន្ត្រី​ថ្នាក់ស្រុក​នោះទេ តែ​វា​ថែមទាំង​ជះ​ឥ​ទ្ឋិ​ពល​មិនល្អ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋ​ទៀតផង ហើយ​សមាគម​អាដហុក ក៏បាន​ស្នើ​ដល់​ស្ថាប័នកំពូលៗទាំងបី ធ្វើ​អន្តរាគមន៍​បញ្ឈប់​ការ​គំរាម​គំហែង​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានឱកាស​ទទួល​បានកា​រ​អប់រំ ដែលជា​សិទ្ឋិ​មួយ​ដ៏​សំខាន់ ដែល​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវតែ​ទទួលបាន​ដោយ​គ្មាន​ការ​រា​រាំ ឬ​ការ​គំរាម​គំហែង ដើម្បី​ក្លាយខ្លួនជា​ធនធាន​ដ៏​មាន​ប្រយោជន៍​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ ។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ សារព័ត៌មានថ្មីៗ មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោក ស៊ុន វណ្ណ​វុ​ឌ្ឍ​ន៍ អភិបាលស្រុក​កែវ​សីមា បានទេ នៅ​ថ្ងៃ​អង្គារ​នេះ ។

ទោះបី​ជាមាន​គំរាម​គំហែង​បែបនេះ​ក៏ដោយ សមាគម​អាដហុក​នៅតែ​ប្រកាសថា នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការពង្រឹង​សិទ្ឋិ​អំណាច​ដល់​សហគមន៍​មូលដ្ឋាន ដើម្បី​លើកស្ទួយ​សិទ្ឋិ​មនុស្ស ល​ទ្ឋិ​ប្រជាធិបតេយ្យ និង​ច្បាប់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ដោយ​ឥត​ងាករេ​ឡើយ ៕





© រក្សាសិទ្ធិដោយ thmeythmey.com