កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ​ពីរ​នាក់​ដាក់ពាក្យ​ប្តឹង​Pacquiaoព្រោះ​លាក់​បញ្ហា​របួស​ស្មា
06, May 2015 , 10:32 am        
រូបភាព
ដោយ:

ជនជាតិ​អាមេរិក​ពីរ​នាក់​បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​កីឡាករ​ដ៏​ល្បីល្បាញ​របស់​ហ្វីលីពីន Manny Pacquiao ដែល​ហ៊ាន​លាក់បាំង​ពី​បញ្ហា​របួស​ស្មា។ អ្នក​ទាំងពីរ​អះអាងថា ថា​បណ្តឹង​ត្រូវ​បានដាក់​ទៅកាន់​តុលាការ​អាមេរិក​រួចហើយ ហើយ​ពួកគេ​លើកឡើងថា បើសិនជា​កីឡាករ​នេះ​មិន​លាក់បាំង ពួកគេ​ក៏​មិន​ចាញ់​អស់​លុយ​សន្ធឹកសន្ធាប់​ដូ​ច្នេះ​ដែរ។ នេះ​បើ​យោងតាម​សារព័ត៌មាន Al Jazeera។



រឿង​ដែល​មិនគួរ​អោយ​ជឿ​មួយ​កើតឡើង​ប៉ុន្មាន​ថ្ងៃក្រោយ​ការប្រកួត​ប្រចាំ​សតវត្ស​នៅ​ឡាស​វេ​ហ្កា​សរ​វាង Manny Pacquiaoនិង Floyd Maywhetherស្រាប់​តែមាន​ព័ត៌មាន​ថា អ្នកគាំទ្រ Pacquiaoពីរ​នាក់​សុខចិត្ត​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​កីឡាករ​រូបនេះ។ ពួកគេ​ទាំងពីរ​ប្តឹង​កីឡាករ Pacquiaoដោយសារតែ​កីឡាករ​នេះ​ហ៊ាន​លាក់បាំង​ពី​ការ​មាន​របួស​ស្មា ហើយ​ពួកគេ​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​ដើម្បី​ទិញ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​នេះ។

គួររំលឹកថា​កាលពី​ថ្ងៃ​សុក្រ កីឡាករ Pacquiaoមិនបាន​ផ្តល់ព័ត៌មាន​ថា​ខ្លួន​មាន​របួស​ស្មា​ឡើយ នៅពេលដែល​គេ​អោយ​លោក​ជួយ​បំពេញ​លិខិត​ទាក់ទង​នឹង​កាយសម្បទា និង​បញ្ហា​សុខភាព​របស់លោក។ លិខិត​ដែល​បំពេញ​នោះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក​ផ្ទាល់ និង​ទីប្រឹក្សា​របស់លោក​ផងដែរ។

ទាំង​លោក Pacquiaoនិង​ក្រុម​របស់លោក​មិនបាន​ប្រាប់​ទៅកាន់​គណកម្មការ​កីឡា Nevada ពី​បញ្ហា​របួស​ស្មា​នេះ រហូត​ទាល់តែ​ជិត​ដល់​ម៉ោង​ចាប់ផ្តើម​ប្រកួត។ នៅពេលនោះ​ពួកគេ​ស្នើសុំ​អោយមាន​ការចាក់​ថ្នាំ​ប្រឆាំង​ការឈឺចាប់​ដល់ កីឡាករ Pacquiaoផង។ 

អ្នក​ទាំងពីរ​ដែល​បានដាក់​ពាក្យ​ប្តឹង​កីឡាករ Pacquiaoនោះ​មាន​ម្នាក់​ឈ្មោះ StephaneVanelនិង​ម្នាក់ទៀត​មាន​ឈ្មោះថា Rahbaran។ ពាក្យបណ្តឹង​របស់​ពួកគេ​ត្រូវបាន​រៀបចំឡើង​នៅ​តុលាការ​សហព័ន្ធ​រដ្ឋ Navada។ បើតាម​ពាក្យបណ្តឹង​ខាងលើ អ្នក​ទាំងពីរ​នេះ​ទាមទារ​រក​សំណង​ជំងឺ​ចិត្ត​ពី កីឡាករ Pacquiaoដោយ​សម្អាង​ទៅលើ​ច្បាប់​ដែល​ការពារ​អតិថិជន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ជន​ទាំងពីរ​ចង់​ស្នើសុំ​ប្តឹង​ជំនួស​អ្នក​ដែល​បាន​ទិញ​សំបុត្រ​ទស្សនា​ផ្ទាល់ អ្នក​បង់លុយ​សម្រាប់​ទ​ស្សនា​តាម​កញ្ចក់​ទូរទស្សន៍ និង​អ្នក​ដែល​ភ្នាល់​ដាក់​លុយ​ក្នុង​ការប្រកួត​ថែមទៀត។

ដោយឡែក​ក្រុមហ៊ុន Top Rank Incដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​និង​តំណាងអោយ​កីឡាករ Pacquiaoត្រូវបាន​ដាក់ឈ្មោះ​ក្នុង​ពាក្យបណ្តឹង​ជា​ចុងចោទ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិនបាន​ផ្តល់យោបល់​អ្វី​នោះឡើយ​មកទល់ពេលនេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com