កីឡាអន្តរជាតិ
អន្តរជាតិ
ហេតុផល​បីយ៉ាង​បញ្ជាក់ថា Floyd និង Pacquiaoមិនអាច​ប្រកួត​គ្នា​ជា​លើក​ទី២
06, May 2015 , 7:00 pm        
រូបភាព
ដោយ:

ការប្រកួត​កីឡាប្រដាល់​លំដាប់​ពិភពលោក រវាង​កីឡាករ Floyd Mayweather Jr. និង Manny Pacquiao ត្រូវបាន​គេ​ចាត់ទុកថា ជាការ​ប្រកួត​ប្រចាំ​សតវត្ស ព្រោះតែ​ការប្រកួត​នេះ​ធ្វើ​ឲ្យ​កីឡាករ​ទាំងពីរ និង​ភាគី​ពាក់ព័ន្ធ​នានា អាច​ស្វែងរក​ប្រាក់កម្រៃ​បាន​យ៉ាងច្រើន។ បើ​យោងតាម​លទ្ធផល​នៃ​ការប្រកួត​កាលពី​ចុង​សប្ដាហ៍​មុន កីឡាករ Floyd ត្រូវបាន​ចៅក្រម​សម្រេច​ឲ្យ​ឈ្នះ​កីឡាករ Pacquiao ដោយ​ពិន្ទុ។



ទោះជា​យ៉ាងណាក៏ដោយ ការប្រកួត​នេះ បានធ្វើ​ឲ្យ​ទស្សនិកជន​ភាគច្រើន ជាពិសេស​ប្រជាជន​ហ្វីលីពីន​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​នេះ​ទេ ដោយ​ពួកគេ​គិតថា កីឡាករ Pacquiao ជា​អ្នកឈ្នះ ហើយ​បានស្នើ​ឲ្យ​មានការ​ប្រកួត​សារជាថ្មី​ម្ដងទៀត រវាង​កីឡាករ​ទាំងពីរ​នេះ។

ប៉ុន្តែ​បើទោះជា​យ៉ាងណាក៏ដោយ គ្មានទេ​ការប្រកួត​គ្នា​ជា​លើក​ទី២ រវាង​កីឡាករ​Floyd និង Pacquiao ។ ខាងក្រោម​នេះ​គឺជា​ហេតុផល ដែល​បញ្ជាក់ថា មិនអាច​មានការ​ប្រកួត​ជា​លើក​ទី២ រវាង​កីឡាករ​ទាំងនេះ ជាថ្មី​ម្ដងទៀត​នោះទេ។

ទី១៖ ត្រូវ​ចំណាយពេល​យូរ​ដើម្បី​រៀបចំ​ឲ្យ​មានការ​ប្រកួត​ឡើងវិញ ជាក់ស្ដែង​ការប្រកួត​នេះ​គឺមាន​ការចចារ​អស់​រយៈពេល ៥ ឆ្នាំ។ ខណៈពេលដែល កីឡាករ Floyd មាន​វ័យ ៣៨ បាន​ចុះ​កុងត្រា​ជាមួយ Showtimeថា​ការប្រកួត​នេះ​គឺមាន​តែម្ដង​គត់ ស្របពេល​ដែល​លោក​គ្រោង​នឹង​ចូលនិវត្តន៍​នៅ​ចុងឆ្នាំ​នេះ ក្រោយពេល​ការប្រកួត​ជា​លើកចុងក្រោយ​នៅ​ខែកញ្ញា។ ចំណែកឯ​កីឡាករ Pacquiao មាន​វ័យ ៣៦ ឆ្នាំ​ក៏​នឹង​ត្រូវផុត​កុងត្រា​ក្នុង​ផ្សាយពាណិជ្ជកម្ម​ជាមួយ HBO នៅត្រឹម​ឆ្នាំ ២០១៦ ផងដែរ។

ទី២៖ មាន​ភាពសាំញ៉ាំ​ជាច្រើន​ប្រសិនបើ​មានការ​ប្រកួត​ឡើងវិញ ព្រោះថា​ដើម្បី​រៀបចំ​ឲ្យ​មានការ​ប្រកួត​មួយ​នេះ​ឡើង គឺ​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​ភាគី​ទាំងសងខាង ដើម្បី​សហការគ្នា​រៀបចំ​ព្រោះថា វា​មាន​ភាពសាំញ៉ាំ​ជាច្រើន​ដូចជា ការផ្សាយពាណិជ្ជកម្ម ការ​ដាក់លក់​សំបុត្រ និង​ភាពចម្រូងចម្រាស់​នៃ​ការកំណត់ថ្លៃ ក្នុងការ​ទស្សនា​ការផ្សាយ​ផ្ទាល់​ជាដើម។

ទី៣៖ ទស្សនិកជន​ភាគច្រើន​ក៏​មិន​ចង់​ឲ្យ​មានការ​ប្រកួត​ឡើងវិញ​ដែរ ព្រោះថា​ដើម្បី​ទស្សនាការ​ប្រកួត​នេះ ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត ខណៈ​អ្នកទស្សនា​ការផ្សាយ​ផ្ទាល់​នៅផ្ទះ​ក៏ត្រូវ​ចំណាយ​ប្រាក់ ១០០ ផងដែរ​នោះ។ ការមិន​ពេញចិត្ត​ចំពោះ​ការប្រកួត​នេះ ក៏​រួម​ប​ញ្ជូ​ល​ទាំង​សកម្មភាព​ប្រកួត​របស់​កីឡាករ​ទាំងពីរ​ផងដែរ ដោយ​កីឡាករ Manny Pacquiaoគឺជា​អ្នក​វាយ​សម្រុក តែ​កីឡាករ Floyd Mayweather គ្រាន់តែ​ការពារ​និង​គេចខ្លួន​តែប៉ុណ្ណោះ។ ដូច្នេះហើយ​ទើប​អ្នកទស្សនា​យល់ថា ការចំណាយ​ប្រាក់​របស់គេ​គឺ​មិន​ន័យ​ទេ ដែល​ត្រូវ​ចំណាយ​ប្រាក់​ដ៏​ច្រើន​ទៅ​មើល​ការប្រកួត​កីឡាប្រដាល់​លំដាប់​ពិភពលោក ដ៏​គួរ​ឲ្យ​ធុញទ្រាន់​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com