ជាតិ
កម្ពុជា-ជប៉ុន នឹង​ចុះហត្ថលេខា​លើ​ជំនួយឥតសំណង​ជាង២៧លាន​ដុល្លារ
07, May 2015 , 2:44 pm        
រូបភាព

 
រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​ពិភាក្សា​ស្តីពី​ការផ្តល់​ជំនួយឥតសំណង ដែលមាន​ទឹកប្រាក់​ចំនួន៣,២៨៤លាន​យ៉េន ឬ​ស្មើនឹង​ប្រមាណ២៧.៤៨លាន​ដុល្លារ នៅ​ថ្ងៃទី១១ខែឧសភា ខាងមុខ ។



យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ពិធី​ចុះហត្ថលេខា​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ​កម្ពុជា​ក្រោម​អធិបតីភាព លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ជាមួយ​លោក យូ​ជិ គូ​ម៉ា​ម៉ា​រ៉ូ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ទឹកប្រាក់​ជំនួនឥតសំណង​នោះ គឺ​សម្រាប់​ការអនុវត្ត​លើ​គម្រោង​ចំណួន២ គឺ គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តកំពត​ដែលមាន​ទឹកប្រាក់​ចំនួន២,៩៨៥លាន​យ៉េន ឬ​ស្មើនឹង​ប្រមាណ ២៤.៩៨លាន​ដុល្លារ និង​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ដែលមាន​ទឹកប្រាក់​ចំនួន២៩៩លាន​យ៉េន ឬ​ស្មើនឹង​ប្រមាណ ២.៥លាន​ដុល្លារ ៕


© រក្សាសិទ្ធិដោយ thmeythmey.com