ជាតិ
សុខភាព
កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ក្មេង​នៅ​ទីក្រុង​មាន​គម្លាត​ជីវិត​ខុសគ្នា​ឆ្ងាយ
07, May 2015 , 9:00 pm        
រូបភាព
ដោយ: រួបរួម
 
គម្លាត​ជីវិត​រវាង​កូនអ្នកមាន និង​អ្នកក្រ​នៅក្នុង​រាជធានី​ភ្នំពេញ មាន​សភាព​ខុសគ្នា​ឆ្ងាយ​យ៉ាងខ្លាំង។ នេះ​បើតាម​របាយការណ៍ «The Urban Disadvantage, State of the World’s Mother 2015» ដែល​ផ្សព្វផ្សាយ​ដោយ​អង្គការ Save the Children កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ កន្លងមក។



ប្រទេស​ចំនួន១០ដែលមាន​គម្លាត​ជីវិត​ខុសគ្នា​ឆ្ងាយ​រវាង​ក្មេង​កូនអ្នកមាន និង​អ្នកក្រ​នៅក្នុង​ក្រុង រួមមាន រ្វ៉ា​ន់​ដា កម្ពុជា កេ​ន​យ៉ា វៀតណាម ប៉េ​រូ ឥណ្ឌា ម៉ា​ដា​ហ្គា​ស្កា ហ្គា​ណា បង់​ក្លា​ដែ​ស និង​នី​ហ្សេ​រី​យ៉ា។ ក្នុងប្រទេស​ទាំងនេះ កុមារ​ក្រីក្រ​នៅក្នុង​ទីក្រុង ដែលមាន​អាយុ​ក្រោម៥ឆ្នាំ ប្រឈម​នឹង​ការស្លាប់​ប្រមាណ៤,៧ដង​ច្រើនជាង​កុមារ​ដែល​កើតចេញពី​គ្រួសារ​ធូរធា។

ទោះបីជា​យ៉ាងណាក៏ដោយ អង្គការ Save the Children បានកត់សម្គាល់​ឃើញ​ការវិវត្ត​របស់​កម្ពុជា​ក្នុង​យុទ្ធ​នាគារ​សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ ជាពិសេស​ការពង្រីក​សេវាកម្ម​សុខាភិបាល​ជាដើម ដោយ​ក្រៅពី​រាជធានី​ភ្នំពេញ របស់​កម្ពុជា មាន​ក្រុង​ម៉ានីល​របស់​ហ្វីលីពីន ក្រុង Addis Ababa របស់​អេ​ក្យូ​ពី ក្រុង​គែរ​របស់​អេ​ហ្ស៊ី​ប និង​ក្រុង​ហ្កា​តេ​ម៉ា​ឡា របស់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា។

ទាក់ទង​នឹង​ស្ថានភាព​មាតា «2015 Mothers’Index Rankings» កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី១៣២ក្នុងចំណោម១៧៩ប្រទេស​ដោយ​ស្ថិតនៅ​ពីក្រោម​ប្រទេស​បង់​ក្លា​ដែ​ស និង​កោះ​Sao Tome and Principe ហើយ​នៅ​ពីលើ​ប្រទេស​ឡេ​សូ​តូ និង​ហ្ស៊ី​ម​បា​វ៉េ។ ស្ថានភាព​មាតា​នៅ​ប្រទេស​ន័​រវេ​ស ហ្វាំ​ង​ឡង់ អ៊ី​ស្លង់ ដា​ណឺ​ម៉ាក និង​ស៊ុយអែត មាន​កម្រិត​ខុស​ជាងគេ រីឯ​ប្រទេស​ដែល​ស្ថិតនៅ​បាត​តារាង រួមមាន នី​ហ្សេ ម៉ាលី អាហ្វ្រិក​កណ្តាល សាធារណរដ្ឋ​កុង​ហ្គោ និង​សូ​ម៉ាលី៕



© រក្សាសិទ្ធិដោយ thmeythmey.com