អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នក​វិនិ​យោគ​ដេក​ព្រួយ​ ក្រោយ​ Cameronជាប់ឆ្នោតជាថ្មី
08, May 2015 , 10:48 pm        
រូបភាព
លទ្ធផល​បោះឆ្នោត​នៅ​អង់គ្លេស​កំពុង​អង្រួន​ចិត្ត​អ្នកជំនួញធំៗនៅ​អង់គ្លេស ដ្បិត​នាយករដ្ឋមន្ត្រី ដេវីត ខេ​មេ​រ៉ូ​ន (David Cameron) នឹង​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ទៀត។ បើ ខេ​មេ​រ៉ូ​ន បន្ត​ជា​នាយករដ្ឋមន្ត្រី លទ្ធភាព​នៃ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប នឹង​កាន់តែ​កើនឡើង​ច្រើន។ មេដឹកនាំ​រូបនេះ​ធ្លាប់​សន្យា​រួចហើយ​ថា បើ​លោក​ជាប់ឆ្នោត​ប្រជាមតិ​សម្រេច​ចាក​ចេញពី​សហភាព​អឺរ៉ុប​ឬ​អត់​នឹងត្រូវ​រៀបចំឡើង។


គណបក្ស​អភិរក្សនិយម​ឈ្នះឆ្នោត ក្នុងការ​បោះឆ្នោត​សាកល បញ្ជាក់ថា លោក ដេវីត ខេ​មេ​រ៉ូ​ន នឹង​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ជាថ្មីទៀត។ ការជាប់ឆ្នោត​ជាថ្មី​របស់​មេដឹកនាំ​បក្ស​អភិរក្សនិយម មិនមែនជា​រឿង​សាមញ្ញ​ទេ ដ្បិត​មេដឹកនាំ​ម្នាក់នេះ សន្យា​ជាមួយ​ប្រជាជន​ខ្លួន​ថា លោក​នឹង​ត្រលប់​ទៅ​ចរចា​ជាមួយ​មេដឹកនាំ​សហភាព​អឺរ៉ុប​ផ្សេងទៀត​ពី​ទំនាក់ទំនង​រវាង​អង់គ្លេស​និង​សហភាព​អឺរ៉ុប ដើម្បី​ត្រួស​ត្រាយផ្លូវ​ជូន​រដ្ឋាភិបាល​លោក​រៀបចំ​ប្រជាមតិ​មួយ​សម្រេច​ពី​ជោគវាសនា​របស់​ចក្រភព​អង់គ្លេស​ថា​គួរ​បន្ត​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប​ឬ​យ៉ាងណា​នៅ​ចុងឆ្នាំ ២០១៧ ខាងមុខ។

បើទោះជា នេះ​ជាការ​រំពឹងទុក​ក៏ពិតមែន អ្នកជំនួញ​ភាគច្រើន​នៅ​អង់គ្លេស​ចាប់ផ្តើម​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​លទ្ធភាព​នៃ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។ តាមពិតទៅ​មិនមែន​នឹកឃើញ​ចង់​ចាកចេញ ចាកចេញ​ស្រួល​ឯណា អង់គ្លេស​ខ្លួនឯង​ក៏ត្រូវ​គិតគូ​ច្រើន​ពី​ផល​លំបាក​ដែល​ខ្លួន​នឹង​ជួបប្រទះ​ក្រោយ​ការដើរ​ចេញពី​សហគម​ន៍​រួម​រវាង​រដ្ឋ​អឺរ៉ុប​នេះដែរ។ អ្វីដែល​សំខាន់​នោះ​យោងតាម​ទ្ធ​ផល​បោះឆ្នោត​ថ្ងៃ ៧ ឧសភា​ម្សិលមិញ គណបក្ស​អភិរក្ស​របស់លោក ខេ​មេ​រ៉ូ​ន មានលទ្ធភាព​បង្កើត​រដ្ឋាភិបាល​ដោយ​មិនត្រូវ​ការ​ដៃគូ​សម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ជា​ក្រុម​ដែល​គាំទ្រ​សហភាព​អឺរ៉ុប​ឡើយ។

តាមពិតទៅ​អង់គ្លេស​តែង​ខឹងសម្បារ​រឿង​ជន​អន្តោរ​ប្រវេសន៍ និង​អ្នក​ចំនូលស្រុកថ្មីៗពី​អឺរ៉ុប​ខាងកើត​ដែល​បន្ត​ពពាក់ពពូន​គ្នា​មក​រស់នៅ​ក្នុងប្រទេស​អង់គ្លេស។ ការកើនឡើង​នេះ​ប៉ះពាល់​ដល់​ប្រជាជន​អង់គ្លេស​ដែល​អាច​ប្រឈមមុខ​នឹង​ការបាត់បង់​ទីផ្សារការងារ​ផង។ ក្នុងការ​ឃោសនាបោះឆ្នោត​កន្លងទៅនេះ គណបក្ស​អភិរក្សនិយម​នេះ បានបង្ហាញ​ចំណុច​សំខាន់​បួនធំៗដើម្បី​ត្រៀម​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ក្នុងនោះ​មាន ទី១ ត្រៀម​គ្រប់គ្រង​ជន​អន្តោរ​ប្រវេសន៍​មកពី​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ផ្សេងទៀត។ ទី២ ទាមទារ​អំណាច​ដែល​បែងចែក​មិនបាន​ច្បាស់លាស់​ពី​ស្ថាប័ន​ក្រុង​ប្រ៊ុ​យ​សែ​ល។ ទី៣ កែទម្រង់​ប្រព័ន្ធគ្រប់គ្រង​ដែល​អនុញ្ញាតអោយ​សភាជាតិ​អង់គ្លេស​ទប់ស្កាត់​មិន​អនុវត្ត​ច្បាប់​សម្រេច​ដោយ​សហភាព​អឺរ៉ុប។ និង​ទី៤ អង់គ្លេស​នឹង​បញ្ចប់​ការប្រឹងប្រែង​របស់ខ្លួន​ក្នុងការ​ជំរុញអោយមាន​ការរួបរួម​គ្នា​ក្នុង​សហភាព​អឺរ៉ុប។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​អ្នកនយោបាយ​ក្នុង​បក្ស​អភិរក្ស​នេះ​មិនទាន់​ស្រុះស្រួល​គ្នា​នៅឡើយ​ទេ​ក្នុងការ​រៀបចំ​ពី​គោលជំហរ និង​ការទាមទារ​របស់ខ្លួន​ពី​សហភាព​អឺរ៉ុប។ បើសិនជា​លោក ខេ​មេ​រ៉ូ​ន បរ​ជ័យ​ក្នុងការ​ទាមទារ​អ្វីដែល​លោក​ចង់បាន គេ​មិន​រំពឹងថា អ្នកនយោបាយ​ម្នាក់នេះ​មាន​លេស​អ្វី​ដើម្បី​បន្ត​សិ្ថ​ត​នៅ​ជាមួយ​សហ​ភាព​អឺរ៉ុប​ឡើយ។ មានន័យថា បើ​ទារ​អ្វីដែល​ខ្លួន​ចង់បាន​មិនបាន មានតែ​ដើរចេញ​ប៉ុណ្ណោះ ប៉ុន្តែ​លោក ខេ​មេ​រ៉ូ​ន និង​បក្ស​លោក​យល់ច្បាស់​ថា​ការខាតបង់​មាន​កម្រិតណា​បើ អង់គ្លេស​ចិត្តសឿង​ហ៊ាន​ដើរចេញ​ពី​សហ​ភាព​អឺរ៉ុប៕


© រក្សាសិទ្ធិដោយ thmeythmey.com