ពីនេះ ពីនោះ
នៅក្នុង​ប្រទេស​រំដួល មន្ត្រី​ថ្នាក់ក្រោម«ច្របាច់ក​គ្នាឯង»ដើម្បី​ផ្គាប់ចិត្ត​មេ​ខាងលើ
25, Nov 2015 , 1:21 pm        
រូបភាព
ដោយ: ថ្មីៗ

វា​ជា​រឿង​មួយ​ដ៏​សាមញ្ញ​ទៅហើយ​ដែល​មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​មួយ​នៅក្នុង​ប្រទេស​រំដួល​តែងតែ​រិះរក​មធ្យោបាយ​ធ្វើយ៉ាងណា​ដើម្បី​ធ្វើ​ឲ្យ​ថ្នាក់លើ​ពេញចិត្ត ដោយ​គេ​រំពឹងថា នឹង​អាច​ទទួលបាន​គុណសម្បត្តិ​ត្រឡប់មកវិញ ដូចជា ទទួលបាន​ការសរសើ​រ​ពី​ថ្នាក់លើ ការតំឡើង​តួនាទី​មុខតំណែង ឬក៏​ទទួលបាន​លាភសក្ការៈផ្សេងៗជាដើម។ យ៉ាងហោចណាស់​ប្រសិនបើ​មិន​ទទួលបាន​អ្វី​សោះ ក៏​ពួកគេ​អាច​រក្សា​តំណែង តួនាទី​របស់ខ្លួន​នៅ​កន្លែង​ដដែល​បានដែរ។



ប៉ុន្តែ​ទន្ទឹមនឹង​ការបំពេញ​ចិត្ត​ថ្នាក់លើ មន្ត្រី​គ្រប់គ្រង​ភាគច្រើន​នៅក្នុង​ប្រទេស​រំដួល បែរជា​មក​ច្របាច់ក​ថ្នាក់ក្រោម​របស់ខ្លួន ដើម្បី​សម្រេច​ការងារ ឬ បេសកកម្មផ្សេងៗដែល​ថ្នាក់លើ​បានដាក់​ឲ្យ​ទៅវិញ។ លើសពីនេះទៅទៀត​មានពេលខ្លះ មិន​ត្រឹមតែ​ច្របាច់ក​រឿង​ការងារ​នោះទេ ថែមទាំង​មក​ដាក់​ផែនការ​រៃអង្គាសប្រាក់ ដើម្បី​យកទៅ​សូកប៉ាន់​ផ្គាប់ចិត្ត​ថ្នាក់លើ ដើម្បី​មុខមាត់​របស់ខ្លួន​ទៅវិញ។

និយាយ​ពី​រឿង​ការងារ ថ្នាក់ដឹកនាំ​ស្ថាប័ន​ខ្លះ​យក​លេស​ថា ជា​ផែនការ ឬ​បទបញ្ជា​មកពី​ថ្នាក់លើ គឺ​ត្រូវតែ​ធ្វើ​ឲ្យ​ទាន់ពេលវេលា ដោយ​មិន​ខ្វល់​ថា តើ​មន្ត្រី​ថ្នាក់ក្រោម មាន​បញ្ហា​អ្វីខ្លះ​ក្នុងការ​អនុវត្ត​កិច្ចការ ឬ​មាន​សម្ភារ​ប្រើប្រាស់​គ្រប់គ្រាន់ សម្រាប់​បម្រើ​ឲ្យ​ការងារ​នោះ​ឬក៏​អត់​ទេ។ ពេលខ្លះ​ថ្នាក់លើ​មិនបាន​ដាក់បទបញ្ជា​ផង ប៉ុន្តែ​ដោយសារតែ​ចង់យក​ចិត្ត ឬ​បង្ហាញ​ស្នាដៃ​ឲ្យ​ថ្នាក់លើ​បានឃើញ ថ្នាក់ដឹកនាំ​ស្ថាប័ន​ខ្លះ​ត្រូវ​កុហក​មន្ត្រី​ថ្នាក់ក្រោម​ថា ជា​បញ្ជា​ថ្នាក់លើ​ដាក់​ឲ្យ​ដែរ ដើម្បី​សម្រេច​តាម​ផែនការ​នេះ ផែនការ​នោះ ហើយ​យកទៅ​រាយការណ៍​ដល់​ថ្នាក់លើ ដើម្បី​យកមុខ យក​មាត់។

ដោយឡែក បើ​និយាយ​ពី​រឿង​រៃអង្គាស​លុយ​ថ្នាក់ក្រោម ដើម្បី​យកទៅ​ផ្គាប់ចិត្ត​ថ្នាក់លើ​វិញ វា​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ស្ថាប័ន​នៅក្នុង​ប្រទេស​រំដួល ចូលចិត្ត​យកមកប្រើ​នៅក្នុង​ឱកាសផ្សេងៗផងដែរ ដូចជា នៅពេល​មេ​ចុះទៅ​កន្លែង​នេះ ចុះទៅ​កន្លែង​នោះ ថ្ងៃ​ខួបកំណើត​របស់​មេ ខួបកំណើត​ក្រុមគ្រួសារ​របស់​មេ កម្មវិធី​ប្រចាំឆ្នាំផ្សេងៗជាដើម។
ទាំងនេះ​គឺជា​របៀប​ធ្វើការ​របស់​មន្ត្រីរាជកា​រ​នៅក្នុង​ប្រទេស​រំដួល ដែល​មានតែ​ជំនាញ​ខាង​យកចិត្ត វ៉ៃ​អែប​ស៊ី​អប សូកប៉ាន់ និង​ធ្វើ​អ្វី​គ្រប់បែបយ៉ាង​ដើម្បី​រក្សា​តំណែង​របស់ខ្លួន។ បញ្ហា​ទាំងនេះ​បាន​ក្លាយជា​បរិបទ​សង្គម​មួយ​នៅក្នុង​ប្រទេស​រំដួល ដែល​មន្ត្រី​ណា​ក៏​ដូច​មន្ត្រី​ណា​ដែរ គឺ​សុទ្ធតែ​ចេះ​វិធី​នេះ​ស្ទើរ​គ្រប់គ្នា​ទៅហើយ៕ 
 

  
 



© រក្សាសិទ្ធិដោយ thmeythmey.com