ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​កម្ពុជា​គួរ​ប្តូរ​ពី​ជេរ​វៀតណាម​មក​អភិវឌ្ឍ​ខ្លួន ដើម្បី​កសាង​ប្រទេស​ឲ្យ​ឈ្នះ​វៀតណាម!
13, Jun 2015 , 12:10 pm        
រូបភាព
ដោយ:

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ចលនា​នៃ​ការ​ស្អប់​ខ្ពើមជនជាតិ​វៀតណាម កាន់តែ​ច្រើនឡើង​នៅក្នុង​ស្រទាប់​យុវជន​ខ្មែរ។ នៅតាម​បណ្តាញ​ផ្សព្វផ្សាយ​ខ្លះ ជាពិសេស​គឺ​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក​តែម្តង ជា​ញឹកញាប់​គេ​តែងតែ​ឮ​ពាក្យសម្តី​ឆ្លងឆ្លើយ​ជេរប្រមាថ​គ្នា​រវាង​ពលរដ្ឋ​ខ្មែរ និង​ជន​មួយចំនួន​ដែល​និយាយ​តិះដៀល​ពលរដ្ឋ​ខ្មែរ​ជា​ភាសា​ខ្មែរ ដែល​គេ​ជឿថា អ្នកនោះ ជា​ជនជាតិ​វៀតណាម​រស់នៅ​លើទឹក​ដី​កម្ពុជា។ លោក អ៊ូ វីរៈ បានបង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​យុវជន និង​អ្នកនយោបាយ​ខ្មែរ​មួយចំនួន ដែល​កំពុង​លុងខ្លួន​គិតតែ​ចងកំហឹង​ជេរប្រមាថ​ជនជាតិ​វៀតណាម ដោយ​មិន​គិត​អ​ភ​វិ​ឌ្ឍ​ន៍​ខ្លួន ។  «ពិតណាស់ ខ្មែរ​យើង​ជា​អ្នករងគ្រោះ ដោយសារ​វៀតណាម​ឆក់យក​ដី​ខ្មែរ ដូចជា​ទឹកដី​កម្ពុជា​ក្រោម​ជាដើម ។ យើង​សម​នឹង​ឈឺចាប់ ហើយ​ខឹង​នឹង​ជាតិ​សាសន៍​នេះ តែ​យើង​គ្មានអ្វី​ក្រៅពី​ការ​ខំប្រឹង​អភិវឌ្ឍ​ខ្លួន ដើម្បី​ឲ្យ​ខ្លាំង​ជាង​វៀតណាម » ។ ទាំងអស់នេះ ជាការ​អះអាង​របស់លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ និង​ជា​អ្នក​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ការី​និពន្ធ​នៃ​សារព័ត៌មានថ្មីៗ លោក ជា ធី​រិ​ទ្ធ ។



លោក ជា ធី​រិ​ទ្ធ ៖ លោក អ៊ូ វីរៈ លោក​ជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ម្នាក់ ប្រាកដជា​បានដឹងហើយថា ចលនា​នៃ​ការ​ជេរប្រទេច​ជនជាតិ​វៀតណាម ពោលគឺ​ការ​រើ​ង​អើ​ង​ចំពោះ​ពូជសាសន៍​មួយ​នេះ​កាន់តែ​រីក​រាលដាល​ឡើង​នៅក្នុង​ស្រទាប់​យុវជន និង​អ្នកនយោបាយ​ខ្មែរ ។ វីដេអូ ជេរប្រមាថ​គ្នា​ទៅវិញទៅមក​ដែល​ស្គាល់​ថា ជនជាតិ​វៀតណាម និង​ជនជាតិខ្មែរ​នោះ ត្រូវបាន​គេ​បង្ហោះ​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ញឹកញាប់។ ពេលខ្លះទៀត ទោះបីជា​ជន​នោះ ជា​ជនជាតិខ្មែរ​ក្តី តែ​នៅពេល​គេ​ស្អប់​គេ​ចោទថា ជា​ជាតិ «យួន»  ។  ជាបឋម ខ្ញុំ​ចង់​ឲ្យ​លោក​អត្ថាធិប្បាយ​សង្ខេប​ពី​ឫសគល់​ដែល​នាំ​ឲ្យ​មានការ​រើសអើង​ជនជាតិ​មួយ​នេះ ?

លោ អ៊ូ វីរៈ
៖តាមពិតទៅ​បញ្ហា​នេះ វា​ចេញ​មកពី​ប្រវត្តិសាស្ត្រ ដែល​វៀតណាម​ឈ្លានពាន​ទឹកដី​ខ្មែរ​យើង ដូចជា​យក​ដី​កម្ពុជា​ក្រោម និង​សម្លាប់​អ្នកស្នេហាជាតិ​ខ្មែរ​ជាច្រើន​កាលពី​អតីតកាល ជាពិសេស​គឺ​ការហូរចូល​ជនជាតិ​វៀតណាម​ខុសច្បាប់​មក​រស់នៅ​កម្ពុជា  ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាពោល​គឺ​យុវជន​ចងទុក​ក្នុង​ចិត្ត​ជានិច្ច​ស្អប់ខ្ពើម​ជាតិ​សាសន៍​វៀតណាម។ ម្យ៉ាងទៀត ពេលខ្លះ​អ្នកនយោបាយ​ខ្មែរ​ក៏​ឆ្លៀត​កេ​ង​ចំណេញ​នយោបាយ​បក្ស​ខ្លួន​ដែរ ដោយ​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​ចលនា​នៃ​ការរើសអើង​ជនជាតិ​វៀតណាម​នេះ​កាន់តែ​ច្រើនឡើង។ ពីព្រោះថា ក្រោយ​ឆ្នាំ ១៩៧៩ រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លើ​កប​ន្តុ​ក​ឡើង​ដោយ​វៀតណាម ហើយ​រូបភាព​នេះ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ពិបាក​លុបចោល​នូវ​ស្នាម​មិនល្អ​នេះ ។ CPP មាន​ដំបៅ​នេះ អ្នកនយោបាយ និង​អ្នកគាំទ្រ CNRP តាម​រុក​ឆ្កៀល ដើម្បី​ផលប្រយោជន៍​នយោបាយ ឬ​ដើម្បី​បន្ធូរ​កំហឹង​របស់​ពួកគេ ។ ម្លោះ​ហើយ ទើប​ចលនា​ជេរប្រមាថ​ជនជាតិ​វៀតណាម​កាន់តែ​ច្រើនឡើង។

លោក ជា ធី​រិ​ទ្ធ ៖ ប្រសិនបើ​ចលនា​រើសអើង​ជនជាតិ​វៀតណាម កាន់តែ​ច្រើនឡើង​នៅ​កម្ពុជា តើ​លោក​មាន​ក្តីបារម្ភ​ថា ពេលណាមួយ​អំពើហិង្សា​ទ្រង់ទ្រាយ​ធំ​រវាង​ខ្មែរ និង​ជនជាតិ​វៀតណាម​នៅលើ​ទឹកដី​កម្ពុជា​អាច​កើតឡើង​ទេ? ហើយ​វា​នឹង​ផ្តល់​ផលពិបាក​អ្វីខ្លះ​សម្រាប់​កម្ពុជា?

លោក អ៊ូ វីរៈ ៖
ជាការ​ពិត​បើ​នៅតែ​បែបនេះ ថ្ងៃ​ណាមួយ​អំពើហិង្សា​រវាង​ជនជាតិខ្មែរ និង​វៀតណាម​នឹង​កើត​ឡើងលើ​ទឹកដី​កម្ពុជា ។ ហើយ​ខ្ញុំ​សូមបញ្ជាក់ថា ការជេរប្រមាថ​គ្នា​ជា​ភាសារ​ខ្មែរ ធ្វើឡើង​នៅលើ​ទឹកដី​ខ្មែរ មានន័យថា ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា​បច្ចុប្បន្ន។ ប្រសិនបើ​អំពើហិង្សា​កើតឡើង គឺ​កើត​នៅ​កម្ពុជា ហើយ​កម្ពុជា​អ្នកខាតបង់ ទាំង​សេដ្ឋកិច្ច ទាំង​ធនធានមនុស្ស និង​កិត្តិយស​លើ​ឆាក​អន្តរជាតិ ។  តែ​វៀតណាម​មិនមែន​មក​ខាតបង់​ជាមួយ​កម្ពុជា​ទេ ជនជាតិ​វៀតណាម​នៅ​ហា​ណូយ នៅ​ហូ​ជី​មីញ គេ​ទៅមុខ គេ​អភិវឌ្ឍ​ប្រទេស​គេ​ដល់​ណា​បាត់​ហើយ ។ គេ​មិន​មក​ឈ្លោះ​ជាមួយ​ខ្មែរ​ទេ គេ​ទុក​ពលរដ្ឋ​គេ​ដែល​នៅ​កម្ពុជា​ឈ្លោះ​ចុះ ។ ដូច្នេះហើយ បានជា​ខ្ញុំ​គិតថា យុវជន និង​អ្នកនយោបាយ​ខ្មែរ​គួរ​គិត​ឡើងវិញ​ពី​បញ្ហា​នេះ។

លោក ជា ធី​រិ​ទ្ធ៖ លោក​ឲ្យ​អ្នកនយោបាយ ឲ្យ​យុវជន​គិត​ឡើងវិញ​ចំពោះ​បញ្ហា​នេះ មានន័យថា ឲ្យ​ពួកគាត់​ប្តូរ​ឥរិយាបថ​ដែល​ជេរ ចងកំហឹង​ជាមួយ​វៀតណាម​នេះ​ចោល​មែន​ទេ? ហើយ​ប្តូរ តើ​ពួកគាត់​គួរតែ​ធ្វើ​ដូចម្តេច​វិញ?

លោក អ៊ូ វីរៈ ៖
ខ្ញុំ​សូមបញ្ជាក់ថា វា​ជា​ការពិតហើយ​ថា ពលរដ្ឋ​ខ្មែរ យើង​ជា​អ្នករ​គ្រោះ ដោយសារ​វៀតណាម​ឆក់យក​ដី​ខ្មែរ ដូចជា​ទឹកដី​កម្ពុជា​ក្រោម​ជាដើម ។ យើង​សម​នឹង​ឈឺចាប់ ហើយ​ខឹង​នឹង​ជាតិ​សាសន៍​នេះ តែ​យើង​គ្មានអ្វី​ក្រៅពី​ការ​ខំប្រឹង​អភិវឌ្ឍ​ខ្លួន ដើម្បី​ឲ្យ​ខ្លាំង​ជាង​វៀតណាម ។ យើង​ត្រូវ​បំ​លែង​កំហឹង​នោះ ។យើង​ខឹង​វៀតណាម ដែល​ធ្លាប់​ឈ្លានពាន​ដី​យើង ប្រមាថមើលងាយ​យើង ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួន​ឲ្យ​លើស​វៀតណាម ឲ្យ​ខ្លាំង​ជាង​វៀតណាម ទើប​ជាការ​ត្រឹមត្រូវ ។ បើ​យើង​គិតតែ​ខឹង​វៀតណាម ហើយ​យុវជន អ្នកនយោបាយ​ខ្លះ គ្មាន​ធ្វើ​អ្វី​មាន​ប្រយោជន៍​សោះ គួរ​ឲ្យ​ខ្មាស​វៀតណាម​ណាស់ ដែល​ប្រទេស​គេ​ជឿនលឿន​ទៅមុខ​រាល់ថ្ងៃ៕


© រក្សាសិទ្ធិដោយ thmeythmey.com