អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងជើង​ត្រូវបាន​ប្រហារជីវិត​ដោយ​កាំភ្លើង​បាញ់​យន្តហោះ ព្រោះ​ងោក​ពេល​ប្រជុំ
13, May 2015 , 1:15 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​កាត់ទោស​ប្រហារជីវិត​រដ្ឋមន្ត្រី​ការពារជាតិ​របស់ខ្លួន​ជា​សាធារណៈ​ដោយ​ប្រើប្រាស់​កាំភ្លើង​ប្រឆាំង​យន្តហោះ​ដោយសារ​មិន​គោរព​លោក។ ការប្រហារជីវិត​រដ្ឋ​មន្ត្រី​រូបនេះ កើតឡើង​ក្រោយ​បាន​រកឃើញថា​លោក​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​បាន​ងោក​ដោយសារ​ងងុយដេក ខណៈពេលដែល​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​កំពុង​ណែនាំ​ដល់​មន្ត្រី​របស់ខ្លួន​នៅក្នុង​កិច្ចប្រជុំ។



បើ​យោងតាម​សារពត៌មាន​កូរ៉េខាងត្បូង Yonhap លោក​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងជើង​លោក Hyon Yong Chol ត្រូវបាន​ប្រហារ​ជិវិត​ជា​សាធារណៈ​ដោយ​ការបាញ់​កាំភ្លើង​ប្រឆាំង​យន្តហោះ​កាលពី​ថ្ងៃទី៣០ខែមេសា​កន្លងទៅនេះ។ ការប្រហារជីវិត​លោក​រដ្ឋមន្ត្រី​រូបនេះ​ធ្វើឡើង​ក្រោយពី​រក​គេ​ឃើញថា លោក​បាន​ងោក​ព្រោះ​ងងុយ នៅក្នុង​កិច្ចប្រជុំ​កំពូល​យោធា​និង​មិន​ស្តាប់​តាម​ការណែនាំ​របស់លោក​គីម​នេះ​ជុង​អ៊ុន​ដែល​សកម្មភាព​ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​ក្បត់ជាតិ។

ការប្រហារជីវិត​នេះដែរ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សាលា​យោធា​ក្រុង​ព្យុងយ៉ាង ខណៈដែល​មានការ​ចូល​រួម​ពី​យោធា​ជាច្រើន​រយ​នាក់​ផងដែរ ដើម្បី​ជា​គំរូ​ដល់​មន្ត្រី​ផ្សេងទៀត​កុំ​ឲ្យ​យកតម្រាប់​តាម​សកម្មភាព​ដ៏​អាក្រក់​នេះ។ យ៉ាងណាក៏ដោយ ព័ត៌មាន​ជុំវិញ​ការប្រហារជីវិត​នេះ ត្រូវបាន​ផ្តល់​ឲ្យ​ដោយ​ក្រុម​ចារកម្ម​កូរ៉េខាងត្បូង​ប៉ុណ្ណោះ។ គេ​មិនទាន់​អាចសន្និដ្ឋាន​បាន ១០០ភាគរយ​នៅឡើយ​ទេ​ថា ជា​រឿង​ពិត​ឬ​យ៉ាងណា។

គួរ​រម្លឹក​ផងដែរ ការប្រហារជីវិត​រដ្ឋ​មន្ត្រី​រូបនេះ​មិនមែនជា​លើកដំបូង​នោះទេ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ជាក់ស្តែង​កាលពីពេល​កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់​រាប់បញ្ចូល​ទាំង​ពូ​របស់ខ្លួន​លោក Chang Song-thaek ក៏ត្រូវ​បាន​ប្រហារ​ជិវិត​ពីបទ​ក្បត់ជាតិ​ផងដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com