ជាតិ
លីកាដូ​កំពង់ធំ​សោកស្តាយ​ចំពោះ​ករណី​ហិង្សា​ដែល​បង្កឡើង​ដោយ​សមត្ថកិច្ច
13, May 2015 , 2:52 pm        
រូបភាព
លោក ញូង សាមឿន មន្ត្រី​លីកាដូ​ប្រចាំ​ខេត្ត​កំពង់ធំ
លោក ញូង សាមឿន មន្ត្រី​លីកាដូ​ប្រចាំ​ខេត្ត​កំពង់ធំ
ដោយ:
កំពង់ធំ៖ នា​ប៉ុន្មាន​ខែ​ក្នុង​ឆ្នាំ២០១៥ ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​ក្នុង​ខេត្តកំពង់ធំ នៅតែ​បន្ត​កើតមាន​ដដែល​ដូចជា ករណី​អំពើហិង្សា​ក្នុង​គ្រួសារ ការរំលោភ​យក​ដីធ្លីរ​បស់​ប្រជាជន​ពី​ជន​មានអំណាច​ជាដើម។ ក្រៅពីនេះ ក៏មាន​ករណី​ប្រព្រឹត្ត​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ពី​សំណាក់​សមត្ថកិច្ច អំឡុងពេល​បុណ្យចូលឆ្នាំ​ខែ្មរ​ដែល​ទើបតែ​កន្លងទៅថ្មីៗនេះដែរ។ សម្រាប់​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស ករណី​ចុងរ​ក្រោយនេះ ត្រូវបាន​ចាត់ទុក​ជាស​ញ្ញា​មិនល្អ​មួយ។



បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ខេត្តកំពង់ធំ មាន​ប្រមាណ​ជា៦០ករណី​ជា​រៀងរាល់ឆ្នាំ។ នេះ​បើតាម​របាយការណ៍​ពី​អង្គការសិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្តកំពង់ធំ ដែល​បញ្ជាក់​ដោយ​លោក ញូ​ង សាមឿន។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូបនេះ​បាន​ប្រាប់ថា នៅក្នុង​ខេត្តកំពង់ធំ ការរំលោភ​សិទ្ធិមនុស្ស នៅតែ​កើតមាន​ក្នុង​រង្វង់​ពី៤ទៅ៥ករណី​ជា​រៀងរាល់ខែ។

មន្ត្រី​លីកាដូ​ដដែល​បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុងចំណោម​ករណី​ហិង្សា​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ដើមឆ្នាំ​នេះ មាន​ករណី​សមត្ថកិច្ច​ប្រព្រឹត្ត​ហិង្សា​លើ​ពលរដ្ឋ ដែលជា​នេះ​ករណី​គួរ​ព្រួយបារម្ភ ដោយសារតែ​អ្នកបង្ក​ហិង្សា​គឺជា​អ្នកអនុវត្ត​ច្បាប់។

«ករណី​ទី១ គឺ​នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍។ នេះ​ជា​ករណី​ដែល​ប៉ូលិស​ប៉ុស្តិ៍ បាន​ប្រើ​ហិង្សា​មក​មកលើ​ពលរដ្ឋ ដោយ​យក​ខ្នោះ​វាយ ធ្វើឱ្យ​បែក​មុខមាត់ ពេល​រាំ​កម្សាន្ត​ក្នុងឱកាស​ចូលឆ្នាំថ្មី។ ករណី​ទី២ គឺ​កើតឡើង​ដោយ​ប៉ូលិស​ប៉ុស្តិ៍​ភូមិ​សំព្រោច ស្រុក​ស្ទោង ខេត្តកំពង់ធំ​ដែល​ប្រើ​ហិង្សា ធ្វើ​ឲ្យ ពលរដ្ឋ​រងគ្រោះ បែក​ប្លោកនោម ហើយ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត»។ នេះ​ជាការ​រៀបរាប់​របស់លោក ញូ​ង សាមឿន ដែល​បញ្ជាក់​បន្ថែមថា ចំពោះ​ហិង្សា​ទាំង២នេះ ត្រូវបាន​អង្គការ លីកាដូ ចុះ​ធ្វើ​អន្តរាគមន៍ និង​បា​នប​ញ្ចូ​ន​ករណី​ទាំង២ ឱ្យ​ទៅខាង​តុលាការខេត្ត ស៊ើបអង្កេត​ដើម្បី​ចាត់ការ​បន្ត។

ចំពោះ​មន្ត្រី​លីកាដូ​ដដែល ករណី​ហិង្សា​មកលើ​ប្រជាជន ពី​សំណាក់​សមត្ថកិច្ច មិនគួរ​កើតឡើង​នោះទេ ព្រោះ​សមត្ថកិច្ច​ជា​អ្នកគោរពច្បាប់ ដែល​មិនគួរ​រំលោភបំពាន​ច្បាប់​ដែរ។ លោក​បាន​និយាយទៀតថា ពីមុនៗធ្លាប់​កើតមាន​មែន ប៉ុន្តែ​មិនគួរ​កើតឡើង​នាពេល​ថ្មី​នេះ​ទេ ព្រោះ​សមត្ថកិច្ច​ក៏ដូចជា​ប្រជាពលរដ្ឋ​បច្ចុប្បន្ន មានការ​យល់ដឹង​ច្រើនជាង​មុន។ លោក​បន្តថា អាជ្ញាធរត្រូវមាន​និតិ​វិធី ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ បើទោះបី​ប្រជាពលរដ្ឋ​ធ្វើខុសខ្លះៗក៏ដោយ៕   




© រក្សាសិទ្ធិដោយ thmeythmey.com