ជាតិ
ទិវា​មាតា៖ បុរសៗចិន​ប្រកួត​ទ្រាំ​នឹង​កម្រិត​ឈឺចាប់​ដើម្បី​ដឹង​ពី​ការឈឺចាប់​របស់​ម្ដាយ​ពេល​ឈឺពោះ​ឆ្លងទន្លេ
13, May 2015 , 7:39 pm        
រូបភាព
ដោយ:

ដើម្បី​អបអរ​ទិវា​មាតា បុរសៗនៅក្នុង​ប្រទេស​ចិន បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ក្នុង​កម្មវិធីរ​ទស្សន៍​មួយ ដែល​តម្រូវ​ឲ្យ​បេក្ខជន​ត្រូវ​ឆ្លងកាត់​ម៉ាស៊ីន​កម្រិត​ភាពឈឺចាប់ ដើម្បី​ឲ្យ​ពួកគេ​អាច​ដឹង​ពី​ភាពឈឺចាប់ និង​ការលំបាក នៅក្នុងពេល​ម្ដាយ​គ្រប់រូប​ផ្តល់កំណើត​ឲ្យ​កូន។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍​ម​ជ្ឈឹ​ម​ចិន CCTV ។



កម្មវិធី​ដែល​ផ្សាយ​តាម​ទូរទស្សន៍​ជាពិសេស​នេះ គឺ​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង Nanchang ខេត្ត Jiangxi ភាគ​និរតី​ប្រទេស​ចិន​ហើយ​កម្មវិធី​នេះ​មាន​គោលបំណង​ឲ្យបុរសៗ ត្រូវ​ស៊ូទ្រាំ​នឹង​ការឈឺចាប់ ដោយ​យ៉ាងហោចណាស់​ក៏មាន​កម្រិត​ស្មើនឹង កម្រិត​ឈឺចាប់​របស់​ស្ត្រី​ពេល​ឆ្លងទន្លេ​ដែរ ដើម្បី​អបអរ​ទិវា​មាតា។

នៅក្នុង​កម្មវិធី​នេះ​មាន​បុរស ២០នាក់ បាន​ចុះឈ្មោះ​ចូល​ប្រកួតប្រជែង​ដោយ​រួមបញ្ចូល​ទាំង​អ្នកជំនាញ​ផ្នែក​ចិត្តរឹង​ដូចជា​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​និង​កីឡាករ​ប្រដាល់ ជាដើម ដែល​ពួកគេ​សុទ្ធតែ​បាន​ឆ្លងកាត់​ភារកិច្ច​នៃ​ភាពឈឺចាប់។ការប្រកួតប្រជែង​គ្នា គឺ​ត្រូវយក​ពោះ​របស់​ពួកគេ​បាន​ភ្ជាប់​ទៅនឹង​ម៉ាស៊ីន​ដែលមាន​បំពាក់​ខ្សែភ្លើង​សម្រាប់​ឆក់ ដើម្បី​បង្កើត​កម្រិត​ឈឺចាប់​សិប្បនិម្មិត។

អ្នកឈ្នះ​នៃ​ការប្រកួតប្រជែង​នេះ គឺ​បាន​ទៅលើ​អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់ ដែល​អាច​ទ្រាំ​នឹង​កម្រិត​ឈឺចាប់​នៃ​ម៉ាស៊ីន​ឆក់​រហូតដល់ ៨០ វិនាទី។ប៉ុន្តែ​ទោះ​ជាម​យ៉ាងណា ការប្រកួត​នេះ​គឺមាន​រយៈពេល​ខ្លី​ណាស់ បើ​ធៀប​នឹង​ការឈឺចាប់​របស់​ស្ត្រី​ពេល​ឈឺពោះ​បង្កើតកូន ព្រោះថា​ការឈឺ​ពោះ​អាចមាន​រយៈពេល​ច្រើន​ម៉ោង​ឬ​អាច​ដល់​មួយថ្ងៃ​ក៏មាន។តែបើ​យោងតាម​អ្នករៀបចំ​ការប្រកួតប្រជែង​នេះ​គឺ​ពួកគេ​ធ្វើ​វា​ឡើង​ដើម្បី​រំលឹក​មនុស្សម្នា​ឲ្យ​ស្គាល់​ពី​កម្រិត​ឈឺចាប់​របស់​ម្តាយ​ក្នុងពេល​ឆ្លងទន្លេ៕


© រក្សាសិទ្ធិដោយ thmeythmey.com