ជាតិ
សង្គមជាតិ
សង្គម​ស៊ីវិល​រិះគន់​លើ​ការដាក់ទោស​លើ​អ្នក​ប្រឡង​បាក់​ឌុប​ក្នុងឆ្នាំនេះ​ថា​ធ្ងន់ធ្ងរ
14, May 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
សង្គម​ស៊ីវិល​រិះគន់​យ៉ាងខ្លាំង​ទៅលើ​វិធានការ​ដាក់ទោស​ដែល​សម្រេច​ដោយ​ក្រសួង​អប់រំ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ស្ថាប័ន​ទាំងពីរ​ដែល​បន្ត​សហកា​រ​គ្នា​ប្រឆាំង​អំពើពុករលួយ​ក្នុងពេល​ប្រឡង​បាក់​ឌុប បានសម្រេច​ដាក់ទោស​ពន្ធនាគារ​លើ​មន្ត្រី​អប់រំ​ដែល​ប្រព្រឹត្តិ​អំពើពុករលួយ និង​ទម្លាក់​ដោយ​ស្វ​យ​ប្រ​វត្ត បេក្ខជន​ដែល​សូកប៉ាន់ និង​លួច​ចម្លង​សំណៅ​មេរៀន។



ក្រុម​សង្គម​ស៊ីវិល​បាន​រិះគន់​វិធានការ​របស់​ក្រសួង​អប់រំ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ដែល​សម្រេច​ដាក់ទោស​ពន្ធនាគារ​លើ​មន្ត្រី​អប់រំ​ដែល​ប្រព្រឹត្តិ​អំពើពុករលួយ និង​ទម្លាក់​ដោយ​ស្វ​យ​ប្រ​វត្ត បេក្ខជន​ដែល​សូកប៉ាន់ និង​លួច​ចម្លង​សំណៅ​មេរៀន​នោះ។

ប្រធានស្ដីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី​ អ៊ុក ​ឆា​យ៉ា​វី​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​នៅថ្ងៃនេះ​ថា​ អ្នកស្រី​មិនអាច​ទទួលយក​ការដាក់ទោស​បែបនេះ​ពី​ស្ថាប័នរដ្ឋ​ទាំងពីរ​នេះឡើយ។

អ្នកស្រី ​អ៊ុក​ ឆា​យ៉ា​វី​ មានប្រសាសន៍​បន្ដថា បើសិន​ជា​ក្រសួង​អប់រំ​ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចង់​អនុវត្ត​វិធានការ​បែបនេះ​មែន ពួកគេ​គួរតែ​ស្វែងយល់​​ពី​ស្ថាន​ភាព​និង​ជីវភាព​របស់​គ្រូ​និង​សិស្ស​ទាំងនោះ​ជាមុនសិន។

ស្រដៀង​គ្នា​នេះដែរ​សមាជិក​នៃ​សម្ព័ន្ធភាព​ប្រជាពលរដ្ឋ​អ្នកសម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​លោក សន ​ជ័យ​ បាន​មានប្រសាសន៍ថា​ការដាក់ទោស​ពន្ធនាគារ​ទៅលើ​សិស្ស​ ឬ​គ្រូបង្រៀន​នេះ​មាន​សភាព​ធ្ងន់ធ្ងរ។ លោក​ថាបើ​យើង​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​កាប់បំផ្លាញ​ព្រៃឈើ​ឬ​អ្នក​បំផ្លាញ​បរិស្ថាន​លោក​យល់ថា​អ្នក​ទាំងនោះ​គួរតែ​ចាំបាច់​ជាង។ហើយ​បើ​ចំនុច​ដែល​ក្រសួង​អប់រំ​ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចង់អោយមាន​តម្លាភាព​ចំពោះ​ការប្រឡង​នោះ គ្រាន់តែ​ដាក់ទោស​ពិន័យ​បែប​រដ្ឋបាល​ក៏​អាចជា​សញ្ញា​មួយ​ធ្វើអោយ​ប្រព័ន្ធ​អប់រំ​មាន​តម្លាភាព​បែប​ដែរ។

ឆ្លើយតប​នឹង​ប្រតិកម្ម​របស់​សង្គម​ស៊ីវិល​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​​ ឃាង ​សេង ​បានចាត់ទុក​ការអត្ថាធិប្បាយ​របស់​ស​ង្គ​ម​ស៊ីវិល​ថា ជា​សិទ្ធិ​របស់​ពួកគេ ប៉ុន្តែ​លោក​ពន្យល់​បន្ថែមថា អ្វីដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានសម្រេច ក៏​ព្រោះតែ​ចង់​ឲ្យ​វិស័យ​អប់រំ​មាន​តម្លាភាព​និង​យុត្តិធម៌។លោក​បន្ដថា​មកដល់ពេលនេះ​ខាង​លោក​មិនទាន់​ចាប់​ដាក់​អ្នកណាម្នាក់​ដាក់ពន្ធនាគា​នោះទេ។លោក​ឃាង​សេង​បន្ថែមថា​កន្លងមក​ប្រភេទ​នៃ​ការដាក់​ទោសពិន័យ​សំរាប់​អ្នក​លួច​ចម្លង​ឯកសារ​ឬ​អ្នកទទួល​យកលុយ​សិស្ស ក្នុងពេល​ប្រឡង​គឺជា​ទោស​ព្យួរ​ទាំងអស់៕




© រក្សាសិទ្ធិដោយ thmeythmey.com