ជាតិ
សង្គមជាតិ
គ្រួសារ​សព​ជនរងគ្រោះ​ទាមទារ​សំណង​ជាង ៣ម៉ឺន​ដុល្លារ ករណី​បាញ់​ពលរដ្ឋ​ខ្មែរ​ស្លាប់​នៅ​ថៃ
15, May 2015 , 9:44 am        
រូបភាព
ដោយ:

ភ្នំពេញ៖ គ្រួសារ​សព​ជនរងគ្រោះ ទាមទារ​សំណង​ជាង ៣ម៉ឺន​ដុល្លារ​អាមេរិក ករណី​ថៅកែ​ជនជាតិ​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​ម្នាក់ នៅក្នុង​ខេត្ត​ឆាក់​ឆឺ​ន​សៅ ប្រទេស​ថៃ​កន្លងមក។ សំណុំ​រឿងនេះ កំពុងស្ថិត​ក្នុង​ដៃ​របស់​តុលាការ​ថៃ​នៅឡើយ។ ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួ​ង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ  អាជ្ញាធរ​ទូត​កម្ពុជា បាន​នឹង​កំពុង​សហការ​ជាមួយ​ភាគី​ថៃ ក្នុងការ​រៀបចំ​ឲ្យ​ភាគី​គ្រួសារ​សព​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹងទាមទារ​សំណង​រដ្ឋប្បវេណី​ផងដែរ។



គ្រួសារ​សព​ជនរងគ្រោះ ដែល​ត្រូវបាន​ថៅកែ​ជនជាតិ​ថៃ​បាញ់សម្លាប់ កាលពី​ថ្ងៃទី ២៣ មេសា​នោះ កំពុង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ជនល្មើស​នៅឡើយ។ ប៉ុន្តែ ភាគី​គ្រួសារ​ជនរងគ្រោះ អះអាងថា ពួកគេ​ពុំទាន់​ទទួលបាន​ព័ត៌មាន​ឆ្លើយតប​ណាមួយ ពី​សំណាក់​អាជ្ញាធរ​ទូត​ភាគី ទាំងពីរ​នោះទេ។

លោក ប៉ែន សុផល ត្រូវជា​បងថ្លៃ​សព​ជនរងគ្រោះ បាន​ប្រាប់​សារព័ត៌មានថ្មីៗតាមរយៈ​ទូរ​សព្ទ ថា មកទល់ពេលនេះ គ្រួសារ​ជនរងគ្រោះ​កំពុង​ស្វែងរក​ជំនួយ​ពី​សំណាក់​អាជ្ញាធរ ដើម្បី​រៀបចំ​បណ្តឹងទាមទារ​សំណង។

បុរស​វ័យ ៥៥ឆ្នាំ ដែលមាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​អូ​បី​ជាន់ ខេត្តបន្ទាយមានជ័យ រូបនេះ ប្រាប់ថា៖«ប្អូនស្រី​ខ្ញុំ​ទាមទារ​សំណង​រដ្ឋប្បវេណី​ជាង ៣ម៉ឺន​ដុល្លារ ប៉ុន្តែ​មកទល់​ពេល នេះ យើង​ពុំមាន​ដំណឹង​ពី​អាជ្ញាធរ​ទូត​នៃ​ប្រទេស​ទាំងពីរ​ទេ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ទូត ខ្មែរ​ជួយ​ព​ន្លឿ​ន​រឿងនេះ​ផង»។


ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស កុយ គួ​ង បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ទូត​កម្ពុជា កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ក្នុងករណី​មនុស្សឃាតរ​នេះ ដោយ​អាជ្ញាធរ​ប្រទេស​ទាំងពីរ កំពុង​ជួយ​រៀបចំ​ឯកសារ​ដល់​តុលាការ​ថៃ។ ហើយ​ថា កន្លងមក អាជ្ញាធរ​បាន​ទាក់ទង ទៅ​គ្រួសារ​សព​ជនរងគ្រោះ ដើម្បី​រៀបចំ​ឯកសារ​ទាមទារ​សំណង​ដែរ តែ​គ្រួសារ​ភាគី ជនរងគ្រោះ​ថា រង់ចាំ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​រួចរាល់​សិន។

លោក​បញ្ជាក់​បញ្ហា​នេះ​ថា៖«យើង​នឹង​ទាក់ទង​ព័ត៌មាន​ទៅ​អាជ្ញាធរ​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បន្ថែមទៀត ដើម្បី​ឲ្យ​ភាគី​ជនរងគ្រោះ ដាក់ពាក្យ​ទាមទារ​សំណង​នេះ»។


បើតាម​អ្នកនាំពាក្យ ថៅកែ​ជនជាតិ​ថៃ​រូបនោះ បានស្នើរ​តម្កល់​លុយ​ចំនួន ៦០ ម៉ឺន​បាត ស្មើរ​នឹង​ប្រមាណ ២ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ធានា​នៅក្រៅ​ឃុំ​ផងដែរ។ ទោះជា​យ៉ាងណា លោក​បញ្ជាក់ថា ក្រសួងការបរទេស​ក​ម្ពុ​ជា​នៅតែ​ទាមទារ​តុលាការ​ថៃ យក​ជនល្មើស​នោះ ទៅ​ដាក់ទោស​តាមច្បាប់​ដដែល។

គួររម្លឹកថា កាលពី​ថ្ងៃទី ២៣ មេសា​កន្លងមក ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ ផាត សុ​អ៊ិន អាយុ២៤ឆ្នាំ មាន​ស្រុកកំណើត​ក្នុងស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបាន​មេកា​ថៃ​ម្នាក់ ឈ្មោះ តា យ៉ៃ បាញ់សម្លាប់ នៅ​ឃុំ​បាន​សុង ស្រុក​ភ្នំ​សារ​ខាម ខេត្ត​ឆាក់​ឆឺ​ន​សៅ ប្រទេស​ថៃ ព្រោះតែ​ខឹង​នឹង​ជនរងគ្រោះ លេង​ជាមួយ​ក្មេង​ភូមា បណ្តាលឱ្យ​ឪពុក​របស់​ក្មេង​ខឹង ប្តឹង​ដល់​លោក​មេការ៕




© រក្សាសិទ្ធិដោយ thmeythmey.com