ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ៖ បញ្ហា​ព្រំដែន​ជា​ប្រធានបទ​សំខាន់​ក្នុង​វប្បធម៌​សន្ទនា​ជាមួយ​លោក ហ៊ុន សែន
15, May 2015 , 3:09 pm        
រូបភាព

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី មានប្រសាសន៍ថា បញ្ហា​ព្រំដែន និង​បូរណភាព​ទឹកដី គឺជា​បញ្ហា​ចម្បង​របស់​ជាតិ ដែល​លោក​ត្រូវ​លើកយក​បញ្ហា​នេះ ទៅ​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។



ក្នុង​ដំណើរ​ទស្សនកិច្ច​ជួប​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន​នៅក្រៅ​ប្រទេស​រយៈពេល​មួយខែ​នោះ​លោក សម រង្ស៊ី បាន​បន្ថែមថា នៅពេល​លោក​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ រូបលោក​នឹង​លើកយក​ប្រធានបទ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន ទៅ​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន តាមរយៈ​វប្បធម៌​សន្ទនា ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​ជាតិ។

ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី១៤ឧសភា​ម្សិលមិញ ដៃគូរ​សន្ទនា​ជាមួយ​រដ្ឋាភិបាល តំណាង​ឲ្យ​ក្រុម​មតិ​ភាគតិច​ក្នុង​រដ្ឋសភា លោក សម រង្ស៊ី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«ប្រធានបទ​នៃ​ការសន្ទនា គឺជា​បញ្ហា​ជាតិ បញ្ហា​ព្រំដែន បញ្ហា​បូរណភាព​ទឹកដី​គឺ​បញ្ហា​អាយុជីវិត​ជាតិ ដូច្នេះ ច្បាស់​ជាយ​ករឿង​ព្រំដែន​ជា​ប្រធានបទ​មួយ​ដ៏​សំខាន់​ក្នុងការ​សន្ទនា ដើម្បី​អនុវត្ត​វប្បធម៌​សន្ទនា​ហ្នឹង» ។

លោក សម រង្ស៊ី គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​លោក ហ៊ុន សែន ដើម្បី​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​នេះ គឺធ្វើឡើង​ក្រោយពី​មាន​បញ្ហា​កើតឡើង​កាលពីពេលថ្មីៗនេះ ក្នុងករណី​វៀតណាម​ចូល​បាញ់​ថ្មាំ​ពុល​បំផ្លាញ​ដំណាំ​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ។ ករណី​វៀតណាម​បានធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ​ជិត៥០គីឡូម៉ែត្រ នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី​ជាដើម។

ចំពោះ​បញ្ហា​ព្រំដែន​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនី​វណ្ណ ក៏​គ្រោង​ដាក់​ញត្តិ​អញ្ជើញ​មន្ត្រី​ពាក់ព័ន្ធ​នឹង​ទទួលខុសត្រូវ​ព្រំដែន ឲ្យ​ចូលខ្លួន​បំភ្លឺ​បកស្រាយ​ពី​បញ្ហា​ខ្សែបន្ទាត់​ព្រំដែន នៅក្នុង​កិច្ចប្រជុំពេញអង្គ​ក្នុង​រដ្ឋសភា​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com