ជាតិ
សង្គមជាតិ
បង់​មួយថ្ងៃ២០០០រៀល អាច​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​បាន​នៅ​សាលា​លោក សុខ ទូច
15, May 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ

សកលវិទ្យា​ធិ​ការ​នៃ​សកល​វិទ្យាល័យ​ខេមរៈ លោក សុខ ទូច មានប្រសាសន៍ថា ការបើក​វគ្គ​បង់ថ្លៃ២០០០រៀល​ក្នុង​មួយថ្ងៃ គឺ​ដើម្បី​លើកកម្ពស់​ការអប់រំ និង​ផ្ដល់ឱកាស​ឲ្យ​និស្សិត​ក្រីក្រ ឬ ពុំមាន​លទ្ធភាព​គ្រប់គ្រាន់ ឲ្យ​ទទួលបាន​ការអប់រំ​ដូច​និស្សិត​ដែលមាន​លទ្ធភាព​ដទៃទៀត ។ សាកលវិទ្យាល័យ​ខេមរៈ​ផ្ដល់ឱកាស​ឲ្យ​និស្សិត​សិក្សា​គ្រប់មុខ​វិជ្ជា ដោយ​បង់​ថវិការ​ត្រឹមតែ២០០០រៀល​ប៉ុណ្ណោះ សម្រាប់​វគ្គ​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នៅ​ឆ្នាំ​ក្រោយនេះ។


លោក សុខ ទូច បានបញ្ជាក់​បន្ថែមថា ចំពោះ​និស្សិត​បង់ថ្លៃ២០០០រៀល​ក្នុង​មួយថ្ងៃ និង​និស្សិត​មានលទ្ធភាព​បង់ថ្លៃ​សិក្សា​ពេញ​ប្រចាំឆ្នាំ គឺអាច​ទទួល​បានការ​អប់រំ​ខ្ពស់ និង​គុណភាព​ដូចគ្នា ពោលគឺ​បានន័យថា​សាស្ត្រាចារ្យ​ដែល​មក​បង្រៀន​ដល់​និស្សិត ជា​គ្រូបង្រៀន​តាម​មុខវិជ្ជានីមួយៗនៃ​សកល​វិទ្យាល័យ​ខេមរៈ មិនមែនជា​គ្រូបង្រៀន​តាម​តម្លៃ​សិក្សា​នោះទេ«តម្លៃ២០០០រៀល​នេះ និង​តម្លៃ​ជាង៣០០ដុល្លារ ៤០០ដុល្លារ ឬ៥០០ដុល្លារ គឺជា​គ្រូ​ដូចគ្នា គ្រូ​តែមួយ។ អ្នក​បង់២០០០រៀល ក៏​គ្រូបង្រៀន​ម្នាក់​ហ្នឹង អ្នក​បង់​ជាង៣០០ដុល្លារ​ក៏​គ្រូ​ជា​បង្រៀន​ម្នាក់​ហ្នឹង។ ខ្ញុំ​ចង់​ឲ្យ​សិស្ស​គ្មាន​បង់​ពេញ​ទទួលបាន​ការអប់រំ​ដូច​គេ​ដែរ។ ហើយ​តម្លៃ​បង់២០០០រៀល​នេះ គឺអាច​ផ្ដល់ជូន​រយៈពេល២ឆ្នាំ​សម្រាប់​សិស្ស។ តែបើ​ពួកគេ​នៅតែ​មិនមាន​លទ្ធភាព​យើង​នឹង​ឲ្យ​ពួកគេ​បន្ដ​បង់២០០០រៀល​រហូតដល់​បួន​ឆ្នាំ។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ទូច។

លោក សុខ ទូច បន្ថែមថា ការ​ចូលមក​សិក្សា​បង់ថ្លៃ២០០០រៀល​ក្នុង​មួយថ្ងៃ​នេះ សកល​វិទ្យាល័យ​របស់​លោក មិនមាន​ការកំណត់​ចំនួន​សិស្ស​នោះទេ។ ហើយ​ថ្លៃ២០០០រៀល​នេះ គឺ​សិស្ស​អាច​សិក្សា​បាន​ពីថ្ងៃ ចន្ទ ដល់​ថ្ងៃ​សុក្រ។ ចំណែក​ថ្ងៃ​ចុង​សប្ដាហ៍​សម្រាប់​សិស្ស​បង់​ពេញ​ថ្លៃ។

កាលពី​ឆ្នាំ២០១០ សកល​វិទ្យាល័យ​ខេមរៈ​នេះ ក៏​ធ្លាប់បាន​បើក​វគ្គ​បង់ថ្លៃ​សិក្សា២០០០រៀល​ក្នុង​មួយថ្ងៃ​ជូន​ដល់​សិស្ស និស្សិត ដែល​ខ្វះខាត​ផងដែរ សម្រាប់​ទទួលបាន​ការ​អប់រំ​តាម​ជំនាញនីមួយៗ ដែល​ពួកគេ​ចង់​សិក្សា ដោយ​ការណ៍​ណោះ​មាន​សិស្ស​ជិត១ពាន់​នាក់ បង់ថ្លៃ​អប់រំ២០០០រៀល​នេះ«យើង​បើក​តែម្ដង ម្កាល​តែប៉ុណ្ណោះ គឺ​មួយឆ្នាំ​ឲ្យ​សិស្ស​បង់ថ្លៃ​ពេញ​គ្រប់​ជំនាញ និង​មួយឆ្នាំ​យើង​ផ្ដល់​វគ្គ​បង់ថ្លៃ២០០០រៀល​ក្នុង​មួយថ្ងៃ​សម្រាប់​សិស្ស។ យើង​មិន​ផ្ដល់ជូន​បែបនេះ​ជា​រៀងរាល់ឆ្នាំ​បានទេ(សាលា​អាច​ក្ស័យធន)។ គឺ​យើង​មើល​តាម​បរិបទ​សេដ្ឋកិច្ច​ស្រុក​ខ្មែរ​យើង»។ នេះ​ជាការ​រៀបរាប់​របស់លោក សុខ ទូច៕




© រក្សាសិទ្ធិដោយ thmeythmey.com