ជាតិ
អ្នករាយការណ៍​ពិសេស​UN ផ្នែក​សិទ្ធិមនុស្ស​ថ្មី មក​បំពេញ​ទស្សនកិច្ច​កម្ពុជា​លើកដំបូង​នៅ​ថ្ងៃ​ចន្ទ
16, May 2015 , 11:34 am        
រូបភាព
ដោយ: ថ្មីៗ
 អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី Rhona K.M. Smith នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​លើកដំបូង​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ​ទី ១៨ ខែឧសភា ខាងមុខនេះ​តទៅ  ។ លោកស្រី​បណ្ឌិត Smith សាស្ត្រ​ចា​រ្យ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ និង​ច្បាប់​នៃ​សាកលវិទ្យាល័យ Northumbriaចក្រភព​អង់គ្លេស និង​សាកលវិទ្យាល័យ​ជាច្រើន​ទៀត ត្រូវបានតែងតាំង​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជាកាលពីខែមីនា​ ដើម្បី​ជំនួស​តំណែង​សាស្ត្រាចារ្យ​ច្បាប់​នេ​ប៉ាល់ លោក សូរិយា ប្រាសាទ ស៊ូ​ប៊ែ​រ​ឌី។ 



បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កាលពីពេលថ្មីៗនេះ​ក្នុងពេល​បំពេញ​បេសកម្ម​នៅ​កម្ពុជា លោកស្រី  Rhona K.M. Smith នឹង​ពិនិត្យមើល​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​លោកស្រី គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន អំពី​ស្ថានភាព​នៃ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

 លោកស្រី Smith អាយុ៤៥ឆ្នាំ ត្រូវបានតែងតាំង​ជា​ផ្លូវការ​នា​ពិធី​បិទ​មហាសន្និបាត​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លើក​ទី២៨នៃ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ ទី២៧ ខែមីនា​កន្លងមក នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស។ លោកស្រី​ក៏​ធ្លាប់​មក​ធ្វើ​បទ​បង្ហាញ​ផ្នែក​សិទ្ធិមនុស្ស​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ផងដែរ។

បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៩៣មក លោកស្រី Smith គឺជា​បុគ្គល​ទី៦របស់​អង្គការសហប្រជាជាតិ​ដែល​ទទួលបន្ទុក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​លោកស្រី​ក៏​ជា​ស្ត្រី​ទីមួយ​ផងដែរ។ លោកស្រី​បន្ត​តំណែង​ពី​លោក ស៊ូ​ប៊ែ​រ​ឌី ក្រោយពី​លោក​បញ្ចប់​អណ​ត្តិ​រយៈពេល៦ឆ្នាំ​របស់ខ្លួន៕




© រក្សាសិទ្ធិដោយ thmeythmey.com