ជាតិ
សង្គមជាតិ
អាជ្ញាធរ​ថៃ​បញ្ជូន​សព​ស្ត្រី​ពលករ​ខ្មែរ​មក​ឲ្យ​សមត្ថកិច្ច​កម្ពុជា
16, May 2015 , 5:22 pm        
រូបភាព
ដោយ: ថ្មីៗ
សព​ស្ត្រី​ពលករ​ខ្មែរ​ម្នាក់ ទៅធ្វើ​ការខុសច្បាប់ នៅ​ប្រទេស​ថៃ ត្រូវបាន​សមត្ថកិច្ច​ថៃ ដឹកបញ្ជូន​តាម​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង ៧និង៥៥នាទី​យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ មក​ប្រគល់ឱ្យ​សមត្ថកិច្ច​កម្ពុជា ដើម្បី​ទាក់ទង​ក្រុមគ្រួសារ​សព មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។  នេះ​បើតាម​ប្រភព​ពត៌មាន​ដែល​បាន​ចុះផ្សាយ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ។

 

បើតាម​នគរបាល​ការពារ​ព្រំដែន​គោក លេខ៨០៧ ឈរជើង​នៅ​ច្រក​តំបន់​បឹង​ត្រកួន ស្ត្រី​ពលករ​ខ្មែរ បាន​ស្លាប់​ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​ស្រុក​កា​ប៉ិ ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាលពី​ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ ។ សមត្ថកិច្ច​នៅ​ពុំទាន់​ដឹង​ច្បាស់​ថា ស្ត្រី​រងគ្រោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កើតហេតុ​ដោយ​របៀប​ណា​នោះទេ ហើយ​គេ​ក៏​ពុំបាន​ដឹងថា​ស្ត្រី​រងគ្រោះ ធ្វើដំណើរ​តាម​មធ្យោបាយ​អ្វី​នោះដែរ ។ នេះ​បើតាម​ប្រភព​ពត៌មាន​ដែល​បាន​ចុះផ្សាយ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ ដដែល ។  

នៅ​យប់​ថ្ងៃ​ថ្ងៃទី១៤ ខែឧសភា​ដដែល បន្ទាប់ពី​សមត្ថកិច្ច​ក​ម្ពុ​ជា ប្រចាំ​នៅ​ច្រក​បឹង​ត្រកួន ធ្វើការ​ត្រួតពិនិត្យ​តាម​នីតិវិធី​រួចមក សមត្ថកិច្ច​ក៏បាន​ទាក់ទង​ក្រុមគ្រួសារ​មក​ទទួលយក​សព ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ស្ត្រី​រងគ្រោះ​មានឈ្មោះ ឡុង ឡាយ អាយុ៤៧ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕  

© រក្សាសិទ្ធិដោយ thmeythmey.com