ជាតិ
សង្គមជាតិ
មហាសេដ្ឋី​រុស្ស៊ី បាន​បណ្តេញ​ចេញពី​កម្ពុជា ក្រោម​បទ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ
17, May 2015 , 12:05 pm        
រូបភាព
ដោយ:
 
មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី លោក Sergey Yurivich Polonsky ត្រូវបាន​អាជ្ញាធរ​ ​បណ្តេញ​ចេញពី​ទឹកដី​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ក្រោ​ម​បទ​ចោទប្រកាន់ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​កម្ពុ​ជា  ។ ការសម្រេច​បណ្តេញចេញ​នេះ ធ្វើឡើង​តាមរយៈ​សេចក្តីប្រកាស​បណ្តេញចេញ​របស់លោក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ។



នៅ​ម៉ោង ៧ និង ២០ នាទី ព្រឹក​ថ្ងៃអាទិត្យទី ១៧ ឧសភានេះ​ មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី លោក ស៊ឺ​ហ្គេ​រ យូ​រី​វិច ប៉ូ​លុន​ស្គី (Sergey YurivichPolonsky) ចេញពី​ទឹកដី​កម្ពុជា​ហើយ ក្រោយពី​មាន​សេចក្តីប្រកាស​បណ្តេញ​ចេ​ញា​របស់លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ លោក មហាសេដ្ឋី​រុស្ស៊ី​រូបនេះ ត្រូវ​មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា បញ្ជូន​ចេញ​តាមរយៈ​យន្តហោះ Angkor Air ឆ្ពោះទៅកាន់​ទីក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម និង​បន្ត​ជិះ​យន្តហោះ​ពី ហូ​ជី​មី​ញ ទៅ​ប្រទេស​រុស្ស៊ី ដែលជា​ដី​កំណើត​របស់លោក​។នេះ​បើតាម​លោក អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន ផ្នែក​ស៊ើបអង្កេត អនុវត្ដ​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍។

លោក អ៊ុក ហៃ​សីលា បាន​អះអាង ប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃអាទិត្យ​នេះ​ទៀតថា ការបណ្តេញមហាសេដ្ឋី​រុស្ស៊ី​លោក Polonsky ចេញ​ពីទឹក​ដី​កម្ពុជា​ ធ្វើឡើង​ដោយ​ផ្អែកលើ​បទចោទប្រកាន់​មហាសេដ្ឋី​រូបនេះ ទាក់ទង​នឹងការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​កម្ពុ​ជា ហើយ​និង​រស់នៅ​កម្ពុជា ដោយ​គ្មាន​លិខិត​ឆ្លង​ដែរ។ « គាត់​ឃុំឃាំង​មនុស្ស​ខុសច្បាប់ ។​ គាត់ធ្វើឲ្យប៉ះពាល់ដល់សន្តិ​សុខ​ជាតិយើង​ ។  គាត់​អត់​មាន​លិខិតឆ្លងដែន​ទេ ពេល​យើង​សួរ​គាត់​រក​លិខិតឆ្លងដែន គាត់​កុហកថា នៅ​មេធាវី​របស់ខ្លួន នៅលើកោះ​ដំឡូង ​ដល់ពេល​យើង​សួរ​មេធាវី និងទៅរកមើល​​អត់​មាន។ គាត់​អត់​មាន​ប្រហែល​ពីរ​ឆ្នាំ​ហើយ » ។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ខាងលើ។

សូម​រម្លឹកថា កម្មករ​ខ្មែរ៦នាក់ បានដាក់​ពាក្យ​ប្តឹង​មហាសេដ្ឋី​រុស្ស៊ី លោក Polonskyពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា និង​ការ​ឃុំឃាំង​មនុស្ស​ខុសច្បាប់ ក្រោយពី​មហាសេដ្ឋី​រូបនេះ ប្រ​ព្រឹ​ត្តទង្វើ​បែបនេះ​លើ​ពួកខ្លួន ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ចុងឆ្នាំ ២០១២ ។ តែ​ក្រោយមក ក្រុមកម្មករ​ខ្មែរ​ទាំងនោះ​បាន​ដក​ពាក្យបណ្តឹង​វិញ បន្ទាប់ពី​ពួកគេ​បានទទួល​សំណង​រដ្ឋប្បវេណី​ចំនួន២ម៉ឺន​ដុល្លារពីលោក Polonsky  ។ កាលពី​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៥ នេះ អាជ្ញាធរ បាន​ចាប់ខ្លួន​លោក Polonsky និង​ក្រុម​ខ្លួន ៥ នាក់​ទៀតនៅ​លើ​កោះ​ដំឡូង ក្នុងទឹកដី​​ខេត្ត​ព្រះសីហនុ ហើយ​ប​ញ្ចូ​ន មក​ឃុំខ្លួន​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ភ្នំពេញ ។

ពាក់ព័ន្ធ​នឹង​ក្រុម​របស់​លោក​មហាសេដ្ឋី Polonsky ៥ រូប​ទៀត ដែលជា​ជនជាតិ​រុស្ស៊ី​ដែរ​នោះ  លោក អ៊ុក ហៃ​សីលា បញ្ជាក់ថា អាជ្ញាធរ​កម្ពុជា នៅ​មិនទាន់​បញ្ជូន​ពួកគេ​ចេញពី​កម្ពុជា​ឡើយ ព្រោះ​មិនទាន់​ទទួលបាន​លិខិតបើកផ្លូវ​ពី​ស្ថានទូត​រុស្ស៊ី ប្រចាំ​នៅ​កម្ពុជា ។ លោក​ថា យ៉ាងយូរ​ក្នុង​សប្តាហ៍​ក្រោយនេះ ពួកគេ​នឹង​ទទួលបាន​លិខិតបើកផ្លូវ​ពី​ស្ថានទូត​នេះ ហើយ​បញ្ជូនទៅ​រុស្ស៊ី​វិញ ។


 

© រក្សាសិទ្ធិដោយ thmeythmey.com