អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទ័ព​អាមេរិក​សម្លាប់​មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី
17, May 2015 , 2:59 pm        
រូបភាព

 
កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ក្រសួងការពារជាតិ​អាមេរិក បានប្រកាស​ឲ្យ​ដឹងថា កងកម្លាំង​ពិសេស​របស់ខ្លួន​បានសម្លាប់​មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​រដ្ឋ​ឥស្លាម ក្នុងពេល​កងទ័ព​ខ្លួន​វាយប្រហារ​ក្នុងប្រទេស​ស៊ី​រី។ ក្រោយ​វាយប្រហារ សហរដ្ឋអាមេរិក​បាន​ផ្តល់ព័ត៌មាន​ជុំវិញ​ការសម្លាប់​ក្រុម​រដ្ឋ​ឥស្លាម​ទៅ​ក្រុង​ដា​ម៉ាស ប៉ុន្តែ​អាមេរិក​បាន​សង្កត់ធ្ងន់​ថា ការផ្តល់​ដំណឹង​មុន​ឬ​ក្រោយ​ទៅកាន់​រដ្ឋាភិបាល​ស៊ី​រី​មិន​សំខាន់​ឡើយ ហើយ​ប្រតិបត្តិការ​របស់ខ្លួន​ស្របតាម​ច្បាប់​អន្តរជាតិ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ




មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម Abu Sayyaf បាន​ស្លាប់បាត់​បង់ជីវិត​កាលពី​ម្សិលមិញ​ក្នុង​ទឹកដី​ស៊ី​រី ដោយសារ​កណ្តាប់ដៃ​កងកម្លាំង​ពី​អាមេរិក​ដែល​ឆ្លងដែន​ទឹកដី​ស៊ី​រី។ បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Ashton Carter កងកម្លាំង​ពិសេស​សហរដ្ឋអាមេរិក​បានសម្លាប់​មេបញ្ជាការ​ក្រុម​រដ្ឋ​ឥស្លាម​នេះ ខណៈពេលដែល​កងទ័ព​របស់លោក​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​ក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី។ កងកម្លាំង​អាមេរិក​ឆ្លងទៅ​វាយប្រហារ​នៅ​ស៊ី​រី កាលពី​យប់​ថ្ងៃ​សុក្រ ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​មានការ​សហការ​ពី​កង​ម្លាំ​ង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ផងដែរ។  ការវាយប្រហារ​របស់​កងទ័ព​អាមេរិក​លើ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ បានសម្លាប់​កងកម្លាំង​ក្រុម​នេះ​ជាច្រើន​នាក់​ផងដែរ បើតាម​ការអះអាង​រប​ស់​ក្រសួងការពារជាតិ​អាមេរិក។

ប្រតិបត្តិការ​ពិសេស​នេះ ត្រូវបាន​សម្រេច​ដាក់​អនុញ្ញាត​ដោយ​ប្រធានាធិបតី បា​រ៉ា​ក់​អូ​បា​ម៉ា។ ការសម្រេចចិត្ត​ខាងលើ​រៀបចំឡើង​ដោយសារ​មានការ​ស្នើសុំ​ពី​ក្រសួងការពារជាតិ និង​បណ្តា​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ផ្ទាល់​តែម្តង។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី ការអន្តរាគមន៍​នៅក្នុង​ប្រទេស​ស៊ី​រី​របស់​កងទ័ព​អាមេរិក​កំពុង​ក្លាយជា​ប្រធានបទ​ពិភាក្សា​នៅឡើយ។
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​ម្នាក់​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា អាមេរិក​ទើប​ផ្តល់ព័ត៌មាន​ទៅដល់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ជុំវិញ​ប្រតិបត្តិការ និង​ការស្លាប់​របស់​មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​រដ្ឋ​ឥស្លាម​នេះ។

អ្នកនាំពាក្យ​រូបនេះ​ក៏បាន​ព្រលយ​ពាក្យ​ថា ផ្តល់ដំណឹង​មុន​ឬ​ក្រោយ​មិន​សំខាន់​ឡើយ ហើយ​ការអន្តរាគមន៍​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​មិន​រំលោភច្បាប់​អន្តរជាតិ​នោះទេ។ តាំងពី​យូរ​មកហើយ​សហរដ្ឋអាមេរិក​មិនដែល​ខ្វល់ខ្វាយ​រឿង​សហការ​ជាមួយ​រដ្ឋាភិបាល​លោក អាសាដ​ឡើយ ដោយ​សហរដ្ឋអាមេរិក​ចាត់ទុក​រដ្ឋាភិបាល​នោះ​ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់។ ដូច្នេះ​អាមេរិក​អាច​បើក​ការវាយប្រហារ​តាមចិត្ត ដោយ​មិនចាំបាច់​ខ្វល់ខ្វាយ​ថា ការអន្តរាគមន៍​ខ្លួន​រំលោភ​អធិបតេយ្យ​របស់​ស៊ី​រី​ឬ​យ៉ាងណា​នោះឡើយ។

សូម​រំលឹក​បន្តិច​ថា Abus Sayyaf មាន​សញ្ជាតិ​ទុយ​នេ​ស៊ី ហើយ​បុរស​នេះ​បាន​ក្លាយជា​មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​កន្លងមក។ មេដឹកនាំ​ម្នាក់នេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​ម្នាក់​ដែល​សកម្ម​ជាងគេ​ក្នុង​ក្រុម ហើយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការចាត់ចែង​កម្លាំង​ដើម្បី​បើក​ប្រតិបត្តិ​ការវាយប្រហារ ជួញដូរ​ប្រេង និង​ស្វះ​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​ផ្សេងទៀត​ដើម្បី​ទ្រទ្រង់​ក្រុម​របស់គេ។

ក្នុង​ប្រតិបត្តិការ​ម្សិលមិញ​នេះដែរ ក្រៅពី​សម្លាប់​មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​នេះ សហរដ្ឋអាមេរិក​ក៏បាន​បញ្ជាក់​ផងដែរ​ថា គេ​បាន​ចាប់ខ្លួន​ប្រពន្ធ Abus Sayyaf ផងដែរ​ក្នុងពេល​ជាមួយគ្នា​នោះ ហើយ​ស្ត្រី​ជា​ប្រពន្ធ​នេះ​ក៏មាន​តួនាទី​សំខាន់​ផងដែរ​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​ក្រុម។ យ៉ាងណាក៏ដោយ​ស្ត្រី​ម្នាក់នេះ​ត្រូវបាន​បញ្ជូនទៅ​ឃុំឃាំង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ក្រោយ​ត្រូវ​ចាប់ខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com