កីឡាអន្តរជាតិ
អន្តរជាតិ
លី​កកំពូលៗនៅ​អឺរ៉ុប​រកឃើញ​ម្ចាស់​ជើងឯក​អស់ហើយ
18, May 2015 , 12:36 pm        
រូបភាព
ដោយ: ថ្មីៗ
ក្លិប Barcelona បាន​ចូលរួម​ជាមួយ Chelsea, Bayern Munich, Juventus និង Paris Saint-Germain ក្នុងនាម​ជា​ម្ចាស់​ជើងឯក​ប្រចាំ​ក្របខណ្ឌ​កំពូល​នៃ​ប្រទេសរៀងៗខ្លួន នា​រដូវ​កាល​នេះ។



នា​ជំនួប​កាលពី​រាត្រី​ថ្ងៃអាទិត្យ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែមួយ​គ្រាប់​លើ Atletico Madrid ដើម្បី​នាំ​ឲ្យ Barcelona លើក​ពាន La Liga របស់​អេ​ស្ប៉ា​ញ ជា​លើក​ទី២៣ ។ ជាមួយនឹង​ការប្រកួត​មួយ​លើក​ដែល​នៅ​សេសសល់ Real Madrid បានបញ្ចប់​នៅត្រឹម​ចំណាត់ថ្នាក់​លេខ២ បើទោះបីជា Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី៣គ្រាប់​នា​ជ័យជម្នះ ៤-១ លើ Espanyol ក៏ដោយ។

នៅក្នុង​ក្របខណ្ឌ La Liga ក្លិប Barcelona និង Real Madrid បានទទួល​កៅអី​សម្រាប់​ព្រឹត្តិការណ៍ Champions League ។ Atletico Madrid រំពឹង​បញ្ចប់​ចំណាត់ថ្នាក់​លេខ​បី ដោយ​ឈរ​ពីលើ Valencia និង Sevilla ខណៈ Villarreal ចូលទៅ​វគ្គ​ជម្រុះ​ជុំ​ទី​បី​នៃ​ក្របខណ្ឌ Europa League។ ក្លិប Cordoba ធ្លាក់​ទៅកាន់​ក្របខណ្ឌ Segunda Division ខណៈ Granada, Deportivo La Caruna, Eibar និង Almeria ត្រូវ​ប្រជែង​គ្នា​ចេញ​ឲ្យ​ផុតពី​ការ​កាត់ចោល។

នៅ​អង់គ្លេស ជ័យជម្នះ ១-០ លើ Crystal Palace កាលពី​សប្តាហ៍​មុន បាន​នាំ​ឲ្យ Chelsea ឈ្នះ​ជើងឯក​ជា​លើក​ទី៥ និង​ជា​លើក​ទី៣ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho។ Manchester City បាន​កក់​កៅអី​ផងដែរ​ក្នុង​ក្របខណ្ឌ Champions League ខណៈ Arsenal មាន​អាទិភាព​ខ្ពស់ជាង Manchester United ដោយ​ចូល​លេង​ក្នុង​តំបន់​អឺរ៉ុប​ដោយ​មិនចាំបាច់​ប្រកួត​ជម្រុះ។ សម្រាប់​កៅអី​នៅ​ក្របខណ្ឌ Europa ក្លិប Southampton មាន​ភាគរយ​តិចជាង Liverpool និង Tottenham Hotspur។ Burnley និង Queen Park Rangers ត្រូវ​ធ្លាក់​ទៅលេង​ក្របខណ្ឌ Championship ខណៈ Hull City ត្រូវការ​ឈ្នះ​ដាច់ខាត​នា​ការប្រកួត​ចុងក្រោយ ហើយ​រំពឹងថា Sunderland និង Newcastle ចាញ់​ការប្រកួត​របស់ខ្លួន។

នៅ​អាល្លឺម៉ង់ Bayern Munich ឈ្នះ​ពាន Bundesliga ជា​លើក​ទី២៥ ដែលជា​កំណត់ត្រា។ Wolfsburg និង Borrussia Monchengladbach មានឈ្មោះ​ក្នុង​ក្របខណ្ឌ Champions League ខណៈ Bayer Leverkusen ចូលក្នុង​វគ្គ​ប្រកួត​ជម្រុះ។ Schalke 04 មាន​កៅអី​រួចហើយ​នៅ​ក្របខណ្ឌ Europa League ខណៈ FC Augsburg មានប្រៀប​ជាង Borussia Dormund និង Werder Bremen ក្នុងការ​បង្ហាញ​វត្ត​មាននៅ​ក្របខណ្ឌ​លំដាប់​ទី២នៅ​អឺរ៉ុប។ ក្រុម VfB Stuttgart, Hamburger SV, SC Paderborn 07 ប្រឈម​នឹង​ការ​កាត់​ចេញទៅ​ក្របខណ្ឌ 2.Bundesliga ខណៈ Hertha BSC, SC Freiburg និង Hannover 96 ក៏​មិនទាន់មាន​សុវត្ថិភាព១០០ភាគរយ​នោះដែរ។

ងាក​ទៅ​អ៊ីតាលី​វិញ Juventus បាន​ក្លាយជា​ជើងឯក Seria A ជា​លើក​ទី៣៣ ខណៈ Roma និង Lazio ត្រូវ​ប្រឹងប្រែងរៀងៗខ្លួន​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ២ ។ Napoli, Genoa និង Fiorentina រំពឹង​មានឈ្មោះ​ក្នុង​ក្របខណ្ឌ Europa League ប៉ុន្តែ​ឱកាស​ក៏​អាចមាន​ផងដែរ​សម្រាប់ Sampdoria និង Inter Milan។ ក្លិប​ដែល​ធ្លាក់​ទៅលេង​ក្របខណ្ឌ Serie B មាន Cagliari, Cesena និង Parma។

ដោយឡែក​នៅ​បារាំង ក្លិប Paris Saint-Germain ការពារ​តំណែង​ជើងឯក Ligue 1 រយៈពេល​បី​រដូវ​កាល​ជាប់​គ្នា និង​ជា​ជើងឯក​ទី៥ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន។ Lyon ទទួលបាន​ចំណាត់ថ្នាក់​លេខ២ ខណៈ Monaco រំពឹង​ធ្វើបាន​លទ្ធផល​ល្អ​ដើម្បី​ចូល​វគ្គ​ជម្រុះ Champions League ដោយ​ទុក​ឲ្យ Marseille និង Sainte-Etienne លេង​នៅ​ក្របខណ្ឌ Europa។ Evian, Metz និង Lens ធ្លាក់​ទៅ​ក្របខណ្ឌ Ligue 2 ។

ក្រៅពី​លី​ក​កំពូល​នៅ​អេ​ស្ប៉ា​ញ អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និង​បារាំង ក្លិប​នៅ​អឺរ៉ុប​ផ្សេងទៀត ក៏បាន​រកឃើញ​ជើងឯក​ផងដែរ ក្នុងនោះ មាន Benfica (ព័រ​ទុយ​ហ្គា​ល់)  PSV Eindhoven (ហូ​ឡង់) Okympiacos (ក្រិ​ក) Zenit Saint Petersbug (រុស្ស៊ី) Dynamo Kyiv (អ៊ុយ​ក្រែ​ន) ជាដើម៕






© រក្សាសិទ្ធិដោយ thmeythmey.com