ជាតិ
សង្គមជាតិ
របាយការណ៍​បឋម៖ ខ្យល់​កន្ត្រាក់​ម្សិលមិញ​ខេត្តសៀមរាប​ប៉ះពាល់​លំនៅដ្ឋាន​ជិត៧០០ខ្នង
19, May 2015 , 11:09 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក
សៀមរាប៖ របាយការណ៍​ជាបឋម​របស់​អាជ្ញាធរ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា មានផ្ទះ​ប្រជាពលរដ្ឋ​ជិត៧០០ខ្នង បាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ក្នុងនោះ បង្គោល​ភ្លើង​យ៉ាងហោចណាស់២៣ដើម បាន​បាក់​ដួលរលំ ដែល​ធ្វើ​ឲ្យ​ចរន្តអគ្គិសនី​នៅក្នុង​ក្រុង ត្រូវបាន​កាត់ផ្តាច់ អស់​រយៈពេល​ខ្លី​ផងដែរ។



អាជ្ញាធរ​ខេត្តសៀមរាប មិនទាន់​សរុប​របាយ​ការណ៍ ជុំវិញ​ការ​ដួល​រំលំ​ផ្ទះ​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី១៨ ឧសភា ម្សិលមិញ​នោះទេ។ យោងតាម​របាយការណ៍​បឋម ដែល​អ្នកសារព័ត៌មាន​ទទួលបាន ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប​ចំនួន ៦៥០ខ្នង​រង​ការប៉ះពាល់ ក្នុងនោះ រលំ​ទាំ​ង​ស្រុង​ចំនួន ១២៤ខ្នង។ ក្រៅពីនោះ នៅ​ស្រុក​អង្គរធំ ផ្ទះ​ចំនួន ៤៩ខ្នង បាន​ដួលរលំ​ទាំងស្រុង ហើយ​ក៏មាន​ករណី​រន្ទះបាញ់​ផងដែរ ប៉ុន្តែ​មិនបង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ។

បង្គោល​ភ្លើង​ចំនួន ២៣ដើម នៅ​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​សៀមរាប បាន​បាក់​ដួល​ត្រេ​ត​ដល់ដី ហើយ​ដែល​បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​អគ្គិសនី​មួយរយៈ​ផងដែរ កាលពី​ល្ងាច​ថ្ងៃ​ដដែល​នោះ។ អភិបាលរង​ខេត្តសៀមរាប លោក ម៉ៅ វុ​ឌ្ឍី បាន​ឲ្យ​ដឹងថា ករណី​ខ្យល់​កន្ត្រាក់​ម្សិលមិញ ក៏បាន​បណ្តាល​ឲ្យ​ផ្ទាំង​ប៉ាណូ​នៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ដួល​ដល់​ដី​ផងដែរ តែ​ពុំ​បណ្តាល​ឲ្យ​អ្នកណា​រងគ្រោះ​ទេ។ លោក ម៉ៅ វុឌ្ឍី ​ស្នើ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​រដូវវស្សា​នេះ ព្រោះថា ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​នៅ​ឆ្នាំនេះ កាចសាហាវណាស់។

គួររម្លឹកថា នេះ​មិនមែនជា​លើក​ទី១ទេ ដែល​ខេត្តសៀមរាប ជួប​គ្រោះមហន្តរាយ​ខ្យល់​កន្ត្រាក់​នេះ។ គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី២២ មេសា​កន្លងទៅ មានផ្ទះពលរដ្ឋ​ប្រមាណ៣០០ខ្នង បាន​ប៉ះពាល់ និង​បង្គោល​ភ្លើង​ជាង២០ដើម បាន​បាក់​នៅ​ស្រុក​ពួក និងបណ្តាល​ឲ្យ​ខេត្តសៀមរាប​គ្មាន​អគ្គិសនី​ប្រើ​រយៈពេល៣ថ្ងៃ៕


© រក្សាសិទ្ធិដោយ thmeythmey.com