អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អា​រ៉ា​ប៊ី​សា​អូឌីត​សុំ​អាវុធ​នុយក្លេអ៊ែរ​ពី​ប៉ា​គី​ស្ថាន ដើម្បី​ប្រឆាំង​អ៊ីរ៉ង់
19, May 2015 , 3:51 pm        
រូបភាព

រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ទាក់ទង​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ដើម្បី​ស្នើសុំ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​សន្តិសុខ​ប្រទេស​ខ្លួន។ ការស្នើសុំ​អាវុធ​នេះ​កើតឡើង​ដោយសារ អា​រ៉ា​ប៊ី​សា​អូឌីត​ភ័យ​ថា​អ៊ីរ៉ង់​នឹង​ផលិត​កាំជ្រួច​នុយក្លេអ៊ែរ ព្រោះ​សហគមន៍​អន្តរជាតិ​ជាពិសេស​មហាអំណាច​ប្រាំមួយ អាច​នឹង​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់​ជុំវិញ​កម្មវិធី នុយក្លេអ៊ែរ។ បើ​អ៊ីរ៉ង់​អាច​សម្រេច​ផលិត​អាវុធ​នុយក្លេអ៊ែរ អ្នក​ដែល​ព្រួយបារម្ភ​ខ្លាំង មាន​អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ីស្រាអែល។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



សហគមន៍​អន្តរជាតិ​បន្ត​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​លើ​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​គេ​រំពឹងថា កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​នឹង​ត្រូវគេ​សម្រេចបាន​នៅពេល​ខាងមុខ។ កិច្ចព្រមព្រៀង​ថ្មី​អាច​នឹង​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ប្រើប្រាស់​កម្មវិធី​នុយក្លេអ៊ែរ​ក្នុង​ហេតុផល​ស៊ីវិល ដើម្បី​ផលិត​ថាមពល។ ប៉ុន្តែ​អ៊ីស្រាអែល និង​អា​រ៉ា​ប៊ី​សា​អូឌីត ឯណោះ​វិញ ដែលជា​សត្រូវ​អ៊ីរ៉ង់​បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការផលិត​កាំជ្រួច​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នេះ​ផងដែរ។ យ៉ាងណាក៏ដោយ ដោយ​បារម្ភ​បញ្ហា​សន្តិសុខ​របស់ខ្លួន រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ បានសម្រេច​ទាក់ទង​រដ្ឋាភិបាល​ក្រុង​ឥស្លាម​បាត ដើម្បី​សុំ​ជំនួយ​អាវុធ​នុយក្លេអ៊ែរ ទុក​គ្រាន់​ការពារ​សន្តិសុខ​នៅពេល​ខាងមុខ។

សូមបញ្ជាក់ថា ប៉ា​គី​ស្ថាន​ថ្វីត្បិតតែ​ប្រទេស​នេះ​មិនមែនជា​ប្រទេស​មហាអំណាច​ក៏ពិតមែន តែ​ប្រទេស​នេះ​មាន​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​គំរាមកំហែង​ពិភពលោក​បាន។ រដ្ឋាភិបាល​ទាំងពីរ​មាន​ចំណង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយគ្នា​យូរអង្វែង​មកហើយ ហើយ​ប៉ា​គី​ស្ថាន​នេះ​ប្រហែលជា​នឹង​ពិចារណា​ការពារ​សន្តិសុខ​អា​រ៉ា​ប៊ី​សា​អូឌីត ប្រសិន​មាន​ករណី​វាយប្រហារ​ណាមួយ​កើតឡើង​នោះ។ ប៉ុន្តែ មកទល់ពេលនេះ​មិនទាន់មាន​ការផ្ទេរ ឬ​ដឹកជញ្ជូន​អាវុធ​ប្រល័យ​លោក​នេះ​ទៅ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅឡើយ​ទេ។

គេ​ជឿថា ភាគី​ទាំងពីរ​កំពុង​បន្ត​ពិភាក្សា​និង​ចរចា​គ្នា​ជុំវិញ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​និង​សន្តិសុខ ដែល​អាច​បង្កើន​លទ្ធភាព​ឲ្យ​ប៉ា​គី​ស្ថាន​ក្នុង​ការជួយ​ការពារ​សន្តិសុខ​អា​រ៉ា​ប៊ី​សា​អូឌីត​ករណី​ប្រទេស​នេះ​រង​ការគំរាមកំហែង​នោះ។

ចំណែក​អ៊ីស្រាអែល​ធ្លាប់​ព្រមព្រៀងគ្នា​រួចហើយ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​កន្លងមក ក្រោយ​អ៊ីរ៉ង់​និង​មហាអំណាច​ត្រូវរ៉ូវ​គ្នា​ក្នុង​ការចរចា​កម្មវិធី​នុយក្លេអ៊ែរ ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បើកផ្លូវ​ឲ្យ​អ៊ីស្រាអែល​ប្រើប្រាស់​ដែនអាកាស​របស់ខ្លួន​ដើម្បី​វាយប្រហារ​អ៊ីរ៉ង់​ក្នុងករណី​ចាំបាច់។

អ្នកជំនាញ​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​Mark Fitzpatrickបាន​ឲ្យ​ដឹងថា ប៉ា​គី​ស្ថាន​ប្រហែលជា​ត្រៀមលក្ខណៈ​ហើយ​ដើម្បី​បញ្ជូន​អាវុធ​នុយក្លេអ៊ែរ​នេះ​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ផង​នាពេល​ខាងមុខនេះ។ លោក​បាន​សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង​មហាអំណាច៦ និង​អ៊ីរ៉ង់​ដែល​គ្រប់គ្រង​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះ​កំពុង​បង្កើត​ឲ្យ​មានការ​ប្រកួតប្រជែង​គ្នា​ផ្នែក​អាវុធ​នុយក្លេអ៊ែរ។ អ៊ីស្រាអែល​មាន​អាវុធ​នុយក្លេអ៊ែរ​ហើយ ប៉ុន្តែ​មហាអំណាច​តំបន់​ជាពិសេស​ប្រទេស​សេដ្ឋី​ប្រេង​ដែលជា​សត្រូវ​អ៊ីរ៉ង់​ម្តេច​នឹង​សុខចិត្ត​នៅ​ស្ងៀម បើ​ករណី​អ៊ីរ៉ង់​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​នោះ។

ជុំវិញ​ការបង្កើត​កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ថ្មី​នេះ នឹង​អនុញ្ញាត​អាច​រួច​ផុតពី​ទណ្ឌកម្ម​លោកខាងលិច​ដែល​រុក​គួ​ន​សេដ្ឋកិច្ច​ប្រទេស​នេះ​រាប់​ឆ្នាំ​មកហើយ ប៉ុន្តែ​ការ​ចម្រាញ់​សារធាតុ​គីមី​ដើម្បី​ផលិត​ថាមពល​ដោយ​ប្រើ​កម្មវិធី​នុយក្លេអ៊ែរ​ចាំបាច់​ត្រូវមាន​តម្លាភាព និង​ប្រាកដថា​អ៊ីរ៉ង់​មិន​លួច​ផលិត​អាវុធ​នោះទេ។ អ៊ីរ៉ង់​បង្ហាញ​ជំហរ​ខ្លួន​ជាច្រើនលើក​ច្រើនសា​រថា ខ្លួន​មិន​ប៉ង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ឡើយ ហើយ​រដ្ឋាភិបាល​អាមេរិក​របស់​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ជឿជាក់ថា​កិច្ចព្រមព្រៀង​ថ្មី​នឹង​មិនមាន​គ្រោះថ្នាក់​ដល់​មជ្ឈិមបូព៌ា​ឡើយ។  


© រក្សាសិទ្ធិដោយ thmeythmey.com