ជាតិ
សង្គមជាតិ
បារាំង​ផ្តល់​ថវិកា៤០លាន​ដុល្លារ ជំរុញ​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​នៅ​កម្ពុជា
19, May 2015 , 4:57 pm        
រូបភាព
 
កម្ពុជា-បារាំង ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ចំនួន៤ ដែលមាន​ទឹកប្រាក់​សរុប៤០លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា។
យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​បារាំង​ការចុះហត្ថលេខា​ប្រគល់​ជំនួយ​នេះ​ប្រព្រឹត្តទៅ​នៅ​ម៉ោង៥ល្ងាច​ថ្ងៃទី១៩ខែឧសភា​នេះ ក្រោម​អធិបតីភាព លោកស្រី អា​នី​ក​ហ្ស៊ី​រ៉ា​ដាំង(AnnickGirardin) រដ្ឋលេខាធិការ​ក្រសួងការបរទេស​បារាំង​ទទួលបន្ទុក​ការអភិវឌ្ឍន៍​និង​អង្គការ​ប្រទេស​និយាយ​ភាសា​បារាំង​ជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។



លោកស្រី អា​នី​ក​ហ្ស៊ី​រ៉ា​ដាំង បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល៣ថ្ងៃ គឺ​ពី​ថ្ងៃទី១៨ដល់​ថ្ងៃទី២០ខែឧសភា។

កាលពី​ព្រឹក​ថ្ងៃទី១៩ឧសភា​នេះ លោក ស្រី បាន​ជួបពិភាក្សា​ជាមួយ លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា។ ភាគី​ទាំងពីរ ក៏បាន​ចុះហត្ថលេខា​លើ«ឯកសារ​តម្រង់ទិស​ឆ្នាំ២០១៥-២០១៨»ដែលជា​ឯកសារ​កំណត់​ទិសដៅ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​រវាង​កម្ពុជា-បារាំង ដែល​លើកឡើង​ពី​ជំនួយ​ដល់​វិស័យ​អាទិភាព​ដូចជា​វិស័យ​អប់រំ សុខាភិបាល​បណ្តុះបណ្តាល​វិជ្ជាជីវៈ បរិស្ថាន ការអភិវឌ្ឍន៍​ជនបទ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល សេដ្ឋកិច្ច វិនិយោគ ធនធានទឹក វប្បធម៌ យុត្តិធម៌​ជាដើម។

នៅ​រសៀល​នេះ លោកស្រី អា​នី​ក​ហ្ស៊ី​រ៉ា​ដាំង​នឹង​ជួប​សំដែង​ការគួរ​សមនិង​ពិភាក្សា​ការងារ​ជាមួយ​លោក នាយករដ្ឋមន្ត្រី​ហ៊ុនសែន​ផងដែរ។នៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច រដ្ឋលេខាធិការ​ក្រសួងការបរទេស​បារាំង​រូបនេះ​នឹង​ចូល​ថ្វាយបង្គំ​គាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​នៅ​ថ្ងៃទី២០ខែឧសភា៕


© រក្សាសិទ្ធិដោយ thmeythmey.com