ជាតិ
សង្គមជាតិ
EU គាំទ្រ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ក្នុងការ​ទាមទារ​សិទ្ធិ​របស់​ពួកគេ
19, May 2015 , 7:59 pm        
រូបភាព
 
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ​កូតា​ន់ មានប្រសាសន៍ថា លោក​នៅតែ​បន្ដ​ជំហរ​គាំទ្រ​ដល់​វិធានការ​នានា​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដើម្បី​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​និង​ការរើសអើង និង​អំពើហិង្សា​លើ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា។ ការ​ថ្លែង​បែបនេះ​ធ្វើឡើង​នៅក្នុង​ទិវា​ប្រឆាំងនឹង​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា កាលពី​ថ្ងៃទី១៧ ឧសភា នៅ​សហភាព​អឺរ៉ុប។



លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ​កូតា​ន់ បាន​បន្ថែមថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ប្រទេស​កម្ពុជា​មានការ​វិ​វត្ត​ផល​វិជ្ជមាន​ជាច្រើន ដូច្នេះ​សហភាព​អឺរ៉ុប និង​បន្ដ​ការគាំទ្រ និង​ការចូលរួមចំណែក​រប​ស់​ខ្លួន​ក្នុង​ការតស៊ូ ដើម្បី​ទាមទារ​សិទ្ធិ​របស់​បុគ្គល​ស្រលាញ់​ភេទ​ដូចគ្នា អ្នក​ប្ដូរ​ភេទ និង​អ្នក​ស្រលាញ់​ទាំងពីរ​ភេទ​នៅ​កម្ពុជា ហៅ​កាត់​ថា (LGBT)។

ទាក់ទង​នឹង​បញ្ហា​នេះ កញ្ញា សាយ សៀក​ឡាយ ដែលជា​អ្នក​ស្រលាញ់​ភេទ​ស្រី​ដូចគ្នា បាន​ឲ្យ​ដឹងថា កន្លងមក សៀក​ឡាយ ធ្លាប់​ជួប​នូវ​ការលំបាក​ជាច្រើន ដូច​ជាការ​ធ្វើទុក្ខបុកម្នេញ​ផ្លូវចិត្ត និង​ការរើសអើង​នៅក្នុង​គ្រួសារ សាលារៀន និង​តាម​សហគមន៍ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ទុក​ព្រួយ ភាព​អស់សង្ឃឹម ទង្វើ​បែប​ធ្វើ​ទារុណកម្ម​ខ្លួនឯង​ជាដើម។

ជាមួយគ្នានេះ​ឯកអគ្គរដ្ឋទូត​ស៊ុយ​អ៊ែត​ប្រចាំ​កម្ពុជា លោកស្រី Anna Hultgardមានប្រសាសន៍ថា លោកស្រី​គាំទ្រ​និង​ជំរុញ ឲ្យ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា ធ្វើ​ការហែក្បួន​ក្នុងការ​ទាមទារ​សិទ្ធិ​របស់​ពួកគេ កុំ​ឲ្យ​មានការ​រើសអើង នៅក្នុង​រយៈពេល២ឬ៣ឆ្នាំ​ខាងមុខ​ទៀត ដូចជា​ប្រទេស​ស៊ុយអែត ដែល​ធ្លាប់បាន​ធ្វើការ​ទាមទារ​កន្លងមក។ លោកស្រី​បន្ថែមថា៖ «ខ្ញុំ​ជឿជាក់ថា​យើងទាំងអស់គ្នា​ពិតជា​ជឿជាក់​ទៅលើ​សមភាព និង​តម្លៃ​ស្មើគ្នា នៅក្នុងនាម​ជា​មនុស្សជាតិ»។

ទន្ទឹមនឹងនេះ​លោកស្រី​ឯកអគ្គរដ្ឋទូត​ស៊ុយអែត ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រដ្ឋសភា ចាំបាច់​ត្រូវតែ​អនុម័ត​នូវ​ច្បាប់​ដើម្បី​ការពារ​ប្រឆាំង​និង​ការរើសអើង អ្នក​ស្រលាញ់​ភេទ​ដូចគ្នានេះ និង​បង្កើត​ស្ថាប័ន​នានា​ដើម្បី​ទទួល​ពាក្យបណ្ដឹង និង​ដោះស្រាយ​ចំពោះ​បញ្ហា​អ្នក​ស្រលាញ់​ភេទ​ដូ​គ្នា។

កន្លងមក​រដ្ឋាភិបាល​កម្ពុជា រួមមាន​ក្រសួង​អប់រំ និង​ក្រសួង​កិច្ចការនារី បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ដែរ ចំពោះ​ការរើសអើង​ភេទ​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com