ជាតិ
លោក កឹម សុខា រំលែក​ទុក្ខ​គ្រួសារ​កម្មករ​ដែល​ស្លាប់​នៅ​ខេត្តស្វាយរៀង
19, May 2015 , 5:46 pm        
រូបភាព
 
ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា ចូលរួម​រំលែក​ទុក្ខ​និង​សោកស្ដាយ ចំពោះ​ការស្លាប់​បាត់បង់​ជីវិត​របស់​កម្មករ កម្ម​ការ​នី រោងចក្រ ចំនួន១៧នាក់ និង​រងរបួស​ធ្ងន់ ស្រាល ជាច្រើន​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ព្រឹក​ថ្ងៃទី ១៩ ឧសភា​នេះ ស្ថិតនៅ​ក្នុងភូមិ​ដើម​ពោ​ធ៍ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។



លោក កឹម សុខា បាន​បញ្ជាក់ថា៖«ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុមគ្រួសារ​សព និង​ជនរងគ្រោះ​ដែល​ទទួលរង​នូវ​សោកនាដកម្ម ដ៏​រន្ធ​ត​ក្នុង​ហេតុការណ៍​នេះ»។

ថ្លែង​ពី​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​រំលែក​ទុក្ខ និង​សោកស្ដាយ​ចំពោះ​ការបាត់​បង់ជីវិត​កម្ម​ករ​រោងចក្រ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ព្រឹក​ថ្ងៃទី១៩ ឧសភា​នេះ នៅ​ខេត្តស្វាយរៀង។ ជាមួយនឹង​ការរំលែក​ទុក្ខ សោកស្ដាយ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ ធ្វើដំណើរ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន។
លើសពីនេះ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក៏បាន​ឧបត្ថម្ភ​ថវិកា​ជា​បន្ដបន្ទាប់ ជូន​គ្រួសារ​សព​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត និង​អ្នករងរបួស​ធ្ងន់ ស្រាល​ផងដែរ។

យ៉ាងហោចណាស់​កម្មករ កម្មការិនី ១៧ នាក់ បាន​បាត់​បង់ជីវិត និង​រងរបួស​ធ្ងន់​ស្រាល២២នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ភ្នំពេញ-វៀតណាម របស់​ក្រុមហ៊ុន 15 SH Transport Co.,Ltd. បុក​ជាមួយនឹង​រថយន្ដ​ដឹក​កម្មករ ស្ថិតនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ត​ណ្តៀ​ង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។
ចំណែក​អ្នកបើកបរ​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន 15 SH ឈ្មោះ ឡេ វ៉ាង​ទឹង ភេទ​ប្រុស អាយុ៤៥ឆ្នាំ ជនជាតិ​វៀតណាម​ត្រូវបាន​ចាប់ខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com