ជាតិ
សង្គមជាតិ
អាជីវករ​ខ្សាច់​បារម្ភ​ពី​ការដេញ​ថៃ្ល​មិនមាន​តម្លាភាព
20, May 2015 , 1:24 pm        
រូបភាព
ដោយ: ថ្មីៗ
លិខិតមិត្តអ្នកអាន

បន្ទាប់ពី​រដ្ឋាភិបាល​ផ្ទេរ​អាជីវកម្ម​បូម​ខ្សាច់​ឲ្យ​ក្រសួង​រ៉ែ និង​ថា​ម​ព​ជា​អ្នកគ្រប់គ្រង​មក ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នករកស៊ី​បូម​ខ្សាច់​សាទរ និង​សង្ឃឹមថា នីតិវិធី​ស្នើសុំ និង​បែបបទផ្សេងៗ នឹង​ទទួលបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធិភាព។ ប៉ុន្តែ​ក្តីសង្ឃឹម​នេះ បាន​រលាយ​សាប​ដូច​ទឹក ពី​អារម្មណ៍​របស់​អាជីវក​រ​បូម​ខ្សាច់។ ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​ទប់ស្កាត់​បានការ​បូម​ខ្សាច់​អាណាធិបតេយ្យ នៅតាម​ដង​ទ​ន្ល​មេគង្គ ដោយ​ស្នើសុំ​ឲ្យ​អាជីវករ​ទាំងអស់ ផ្អាក​ធ្វើ​អាជីវកម្ម​បណ្តោះ​អាស​ន្ត ដោយ​រង់ចាំ​ក្រសួង ចុះ​សិក្សា​ពី​ផលប៉ះពាល់ សង្គម និង​បរិស្ថាន ដោយ​ត្រូវ​ចំណាយពេល​ពី៣ ទៅ៦ខែ ។

 

ការសិក្សា​ដែល​ចំណាយពេល​ដ៏​យូរ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អា​ជីករ និង​អ្នកប្រើប្រាស់​ខ្សាច់ ដែល​តម្លៃ​ខ្សាច់​នៅពេលនោះ កើន​ដល់​ជិត ២០ដុល្លារ ក្នុង​មួយ​ម៉ែត្រត្រីគុណ។ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​ក្រសួង​បា​នស​ម្រ​ច ផ្តល់​អាជ្ញា​បណ្ណ​ឲ្យ​កំពង់ផែ​ស្វ័យ​ត​ក្រុងភ្នំពេញ ដើម្បី​បូម​ស្តារ​ផ្លូវទឹក និង​ផ្គត់ផ្គង់​ខ្សាច់​នៅលើ​ទីផ្សារ ដោយ​មិនចាំបាច់ ដេញថ្លៃ​អ្វី​ទាំងអស់ ចំណែក​អាជីវករផ្សេងៗទៀត ត្រូវ​រង់ចាំ​ក្រសួង​រៀបចំ​នីតិវិធី​ដេញថ្លៃ។ ការផ្តល់​អាជ្ញា​បណ្ណ​ឲ្យ​កំពង់ផែ​ស្វ័យ​ត​ក្រុងភ្នំពេញ ដោយ​មិនបាន​ដេញថ្លៃ បានធ្វើ​ឲ្យ​មាន​ជា​ចម្ងល់ និង​ការមិនសប្បាយចិត្ត​រប​ស់​អាជីវករ ដោយ​ចោទ​សួរថា ឯណា​ទៅ​តម្លាភាព និង​ភាពយុត្តិធម៌ សម្រាប់​ការធ្វើ​អាជីវកម្ម​ខ្សាច់?

 នៅ​ចុងខែ​មេសា ឆ្នាំ២០១៥ ក្រសួង​បានប្រកាស​ដាក់​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ដើម្បី​ធ្វើ​អាជីវកម្ម​ខ្សាច់ នៅតាម​ទន្លេមេគង្គ​ចំនួន០៤ ឡូត៍ នៅ​តំបន់​ប្រឡាយ​ស្តៅ-តា​ឯក ស្ថិតក្នុង​ស្រុក​កងមាស ខេត្តកំពង់ចាម និង​ស្រុក​មុខកំពូល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​ដំណើរការ​នៃ​ការបើក​ឯកសារ​ដេញថ្លៃ​ធ្វើឡើង​នៅ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ វេលា​ម៉ោង ១៥:០០នាទី។

នៅក្នុង​នីតិវិធី និង​លក្ខខណ្ឌ​គោល សម្រាប់​កំណត់​បុ​រេ​លក្ខណៈសម្បត្តិ និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការងារ​ដាក់​ដេញថ្លៃ​អាជីវកម្ម​ខ្សាច់ និង​ការឆ្លើយបំភ្លឺ​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​បាន​បង្ហាញថា បើទោះបីជា​អ្នកដេញថ្លៃ​ដាក់​តម្លៃ​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​ពី​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ខ្ពស់​ជាងគេ​ក៏ដោយ មិន​ប្រាកដថា​ទទួលបាន​ជោគជ័យ​នោះទេ ក្រសួង​ត្រួវ​ធ្វើការ​វាយតម្លៃ​លើក​ទី២ ទៅលើ​សមត្ថភាព​បច្ចេកទេស ហិរញ្ញវត្ថុ និង​ប្រាក់​អត្ថប្រយោជន៍​បន្ថែម ដោយ​គណៈកម្មាធិការ​កំណត់​បុ​រេ​លក្ខណសម្បត្តិ​វាយតម្លៃ និង​ប្រគល់​កិច្ចសន្យា។

ចំណុច​ទាំងអស់​នេះហើយ​ដែលជា​ក្តី​ព្រួយបារម្ភ​របស់​អាជីវក​រ​សម្រាប់​ដំណើរការ​នៃ​ការដេញថ្លៃ​ធ្វើ​អាជីវកម្ម​ខ្សាច់ ក្នុងករណី​ដែល​ក្រសួង​មិន​ចង់​ឲ្យ​ក្រុមហ៊ុន​ណាមួយ​ទទួលបាន​ជោគជ័យ ក្រសួង​អាច​យក​លេស​ដោយ​ចោទថា​ឯកសារ​នេះ​មិន​គ្រប់គ្រាន់ ឬ​មិន​សម​ស្រម​ទៅតាម​លក្ខណៈ​បច្ចេកទេស។ ក្រសួង​រ៉ែ និង​ថាមពល អាច​ទទួល​លុយ​ស៊ូ​ក​ប៉ាន់​ពី​អាជីវករ​ខ្លះ ជា​ថ្នូរ​ដើម្បី​ផ្តល់​អាជ្ញា​បណ្ណ​បូម​ខ្សាច់​ទៅ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ទាំងនោះ។

 ទោះជា​យ៉ាងណាក៏ដោយ មុននឹង​ចូលរួម​ដាក់​ដេញថ្លៃ ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទិញ​ពាក្យ​ដាក់​ដេញថ្លៃ​ដែលមាន​តម្លៃ ៥០០ ដុល្លារ​ក្នុង​មួយច្បាប់ និង​មាន​ប្រាក់​កក់ រហូតដល់​ទៅ ៥០ ០០០ ដុល្លារ​អា​មេ​រិច ទើប​អាច​ចូលរួម​ដេញថ្លៃ​បាន។ ប្រសិនបើ​ក្រុមហ៊ុន​ដែល​ចូលរួម​ដេញថ្លៃ បានផ្តល់​ប្រាក់​អត្ថប្រយោជន៍​ខ្ពស់​ជាងគេ ក្រសួង​គួរតែ​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​នោះ ធ្វើ​អា​ជី​កម្ម​ខ្សាច់​សំណង់ ដោយ​មិនចាំបាច់​យក​លេស ត្រូវ​ត្រួតពិនិត្យ​ឯកសារ​នៅ​ដំណាក់កាល​ទី២ នោះឡើយ។ បើ​ក្នុងករណី​ដែល​ក្រុមហ៊ុន អនុវត្ត​ទៅ មិន​គោរព​ទៅតាម​នីតិវិធី ឬ​ការកំណត់​របស់​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​មាន​សិទ្ធ ដកយក​ប្រាក់​កក់ ហើយ​ប្រកាស​ដាក់​ដេញថ្លៃ​ម្តងទៀត​បាន បើ​មិន​ដូច​ច្នេះ​ទេ ឯណា​ទៅ​ដែល​ហៅថា​ការដេញថ្លៃ ដែល​ប្រកបទៅដោយ​តម្លាភាព និង​ភាពត្រឹមត្រូវ?



© រក្សាសិទ្ធិដោយ thmeythmey.com