អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​បន្ត​ជ្រោមជ្រែង​កម្ពុជា​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ពិភពលោក
21, May 2015 , 8:59 pm        
រូបភាព

តាំងពី​យូរ​មកហើយ សហរដ្ឋអាមេរិក ជា​មហាអំណាច​មួយ​ដែល​ផ្តល់ជំនួយ​និង​សហការ​ជាមួយ​ស្ថាប័ន​អង្គការ​សហ​ប្រជា​តិ​ដើម្បី​ថែរក្សា​និង​ស្វែងរក​សន្តិភាព​ពិភពលោក។ ក្នុង​សន្និសីទ​ក្រសួងការបរទេស​អាមេរិក​ស្តីពី​ប្រតិបត្តិ​ការរក្សា​សន្តិភាព​សាកល​នៅ​ថ្ងៃ ២១ ឧសភា​នេះ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ពី​គោលនយោបាយ​របស់ខ្លួន ដើម្បី​បន្ត​គាំទ្រ​បេសកកម្ម​រក្សា​សន្តិភាព​ពិភពលោក។ ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ សហរដ្ឋអាមេរិក​បាន​កោតសរសើរ​កម្ពុជា ព្រោះ​កម្ពុជា​ធ្លាប់ជា​រដ្ឋ​ដែល​គេ​ជួយ ត្រឡប់​ទៅជា​ភាគី​ដែល​សកម្ម​ជាងគេ​មួយ​ក្នុង​ការរក្សា​សន្តិភាព​ជូន​ពិភពលោក ក្រោម​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ។ អ្វីដែល​សំខាន់​នោះ​អាមេរិក​ក៏​ប្តេជ្ញា​ថា​នឹង​បន្ត​ជួយ​ជ្រោមជ្រែង​កម្ពុជា​ដូចជា​ផ្តល់​ការហ្វឹកហ្វឺន និង​ជំនួយ​ឧបត្ថម្ភ​នានា​បើ​ចាំបាច់ ដើម្បី​ឲ្យ​កម្ពុជា​មានលទ្ធភាព​បន្ត​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​អន្តរជាតិ​នេះ​ផងដែរ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ



សហរដ្ឋអាមេរិក​ជា​រដ្ឋ​មួយ​ក្នុងចំណោម​ដែល​ដើរតួនាទី​សំខាន់​ជាងគេ​ក្នុងការ​ត្រួសត្រាយ​ផ្លូវ​និង​គាំទ្រ​សកម្មភាព​និង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ពិភពលោក​របស់​អង្គការសហប្រជាជាតិ។ ក្នុងការ​ចូលរួមចំណែក​ធានា​និរន្តរភាព​និង​ប្រសិទ្ធភាព​នៃ​ការរក្សា​សន្តិភាព និង​សន្តិសុខ​សាកលលោក រដ្ឋាភិបាល​អាមេរិក​បាន​បន្ត​ផ្តល់ជំនួយ​ច្រើនយ៉ាង​ដែល​ភាគី​ពាក់ព័ន្ធ ស្ថាប័ន​ជំនាញ និង​បណ្តា​ប្រទេស​ដែល​ចូលរួម​ក្នុង​សកម្មភាព​នេះ​ដូចគ្នា។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងការបរទេស​អា​មេ​រិ​កបាន​បើក​សន្និសីទ​ព័ត៌មាន​តាម​ទូរស័ព្ទ​ពី​ក្រុង​វ៉ាស៊ីនតោន ផ្តោតលើ​ការ​គោលនយោបាយ​អាមេរិក​គាំទ្រ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​សកល ជាពិសេសតំបន់អាស៊ីប៉ាស៊ីហ្វិក។ក្នុង​សន្និសីទ​នេះ​មាន​ឧបការីរ​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ស្រី  Victoria Holt ជា​វាគ្មិន​ដែល​លោកស្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​អន្តរជាតិ។ក្នុង​សន្និសីទ​លោកស្រី​បាន​កោតសរសើរ​កម្ពុជាចំៗជាមួយ​ទី​ម៉​រ​ខាងកើត​ដែល​បានរួម​ចំណែក​សំខាន់​ក្នុង​ការកសាង​សន្តិភាព​ពិភពលោក ស្រប​ពេលដែល​សន្និសីទ​មាន​អ្នកសារព័ត៌មាន​ជាច្រើន​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មានមក​ពី​ចិន វៀតណាម កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន និង អ្នកសារព័ត៌មាន​អន្តរជាតិ​ដូចជា CNN និង Bloomberg។យោងតាម​ការលើកឡើង​របស់លោក​ស្រី អាមេរិក​នឹង​បន្ត​ការគាំទ្រ​របស់ខ្លួន​ចំពោះ​កម្ពុជា ដើម្បី​ធានាថា​កម្ពុជា​មានលទ្ធភាព​បន្ត​ការចូល​រួមរក្សា​សន្តិភាព​កាន់តែ​សកម្ម​ជាង​មុន។ 

១.កម្ពុជា​ប្រែ​ពី​រដ្ឋ​រងគ្រោះ​ដោយ​សង្គ្រាមស៊ីវិល ទៅជា​អ្នករក្សា​សន្តិភាព​ជូន​ពិភពលោក
ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​នេះ​លោកស្រី Victoria Holt បានលើកឡើង​ពី​សារសំខាន់​នៃប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការ​អ.ស.ប. និង​ការចូលរួម​របស់​បណ្តា​ប្រទេស​ជា​មិត្ត​ដើម្បី​បញ្ចប់ បញ្ហា​សន្តិសុខ​សាកល ជាពិសេស​ជម្លោះ​ប្រដាប់អាវុធ សង្គ្រាមស៊ីវិល ជាដើម​ដែល​បន្ត​កើត​ឡើងលើ​ពិភពលោក។ យ៉ាងណាក៏ដោយ​លោកស្រី​បានបង្ហាញ​ក្តីបារម្ភ​របស់​សហរដ្ឋ​អាមេរិក​នៅពេលដែល​ចំនួន​ជម្លោះ​បន្ត​កើន អង្គការសហប្រជាជាតិ​ប្រើប្រាស់​ទ័ព​រក្សា​សន្តិភាព​អស់​ពីរភាគបី​នៃ​កម្លាំង​សរុប ដែល​ចំនួន​នេះ​ខ្ពស់បំផុត​មិន​ធ្លាប់មាន។ ជម្លោះ​កើត​ពី​អាស៊ី ដល់​អាហ្វ្រិក ពី​អាហ្វ្រិក​ដល់​អឺរ៉ុប​ទៀត ដែល​នេះ​បញ្ជាក់ថា​ពិភពលោក​ត្រូវការ​ការចូលរួម​ពី​បណ្តា​រដ្ឋ​ជា​សមាជិក​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​យុទ្ធនា​ការរក្សា​សន្តិភាព​សាកល។

អ្វីដែល​សំខាន់ លោកស្រី​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​ថ្លែង​កោតសរសើរ​រដ្ឋ​មួយចំនួន​នៅ​អាស៊ី​ដែល​ចូលរួមចំណែក​យ៉ាងសំខាន់​សម្រាប់​ពិភពលោក​ដើម្បី​រក​សន្តិភាព ក្នុងនោះ​មាន​កម្ពុជា​ដែរ។លោកស្រី​បាន​អធិប្បាយ រដ្ឋ​ទើប​ងើប​ផុតពី​សង្គ្រាមស៊ីវិល កម្ពុជា បាន​និង​បន្ត​ខិតខំ​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​សាង​សន្តិភាព​ជូន​ប្រជាជន​ពិភពលោក។ កម្ពុជា​ធ្លាប់​រងទុក្ខវេទនា​ដោយសារ​ភ្លើងសង្គ្រាម​ទើប​ស្គាល់​សន្តិភាព​នៅដើម​ទសវត្ស​ទី៩០នេះ​ទេ ប៉ុន្តែ​ប្រទេស​បាន​ប្រែ​ក្លាយខ្លួនជា​តួអង្គ​ដ៏​សំខាន់ ដោយ​បញ្ជូន​កងទ័ព​និង​ផ្តល់​ការគាំទ្រ​ចលនា​រក្សា​សន្តិភាព​នៃ​អ.ស.ប. ដែល​រដ្ឋ​ផ្សេងទៀត​គួរ​យកតម្រាប់​តាម។ នេះ​បញ្ជាក់ថា កម្ពុជា​ជា​រដ្ឋ​គំរូ​ចំពោះ​រដ្ឋ​ដទៃ បើទោះបី​កម្ពុជា​ជា​រដ្ឋ​ក្រីក្រ និង​ជា​រដ្ឋ​ដែល​ធ្លាប់​គេ​ជួយសង្គ្រោះ​ពី​ភ្លើងសង្គ្រាម​ក៏ពិតមែន។ ប៉ុន្តែ​កម្ពុជា​មិន​ក្រ​ទឹកចិត្ត​ចង់​ជួយ​សាង​សន្តិភាព​ជូន​ពិភពលោក​ឡើយ ព្រោះ​កម្ពុជា​យល់ច្បាស់​ថា​ពី​ទុក្ខលំបាក​របស់​ប្រជាជន​ស៊ីវិល​ដែល​កំពុង​រត់គេច​ពី​សង្គ្រាម និង​ជម្លោះ​ប្រដាប់អាវុធ។ សូម​រម្លឹក​បន្តិច​ថា​កម្ពុជា ធ្លាប់​បញ្ជូន​កងទ័ពរ​បស់​ខ្លួន​ជាច្រើន​រយ​នាក់​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​ប្រទេស​ភាគច្រើន​នៅ​អាហ្វ្រិក​ចាប់តាំងពី​ខ្លួន​ស្គាល់​សន្តិភាព​ពេញលេញ​ហើយ​នោះ។ កងទ័ព​កម្ពុជា​បាន​ចូលរួម​ក្នុង​សាង​សន្តិភាព​នេះ ដោយ​ធ្វើ​សកម្មភាព​តាម​ជំនាញនីមួយៗ មាន​បោសសម្អាត​មីន វិស្វកម្ម ខាង​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ វេជ្ជសាស្ត្រ និង​ផ្នែក​មនុស្សធម៌​ផ្សេងទៀត។ 

២. សហរដ្ឋអាមេរិក​បន្ត​គាំទ្រ​និង​ជួយ​កម្ពុជា​ក្នុងការ​ចូលរួម​សកម្មភាព​រក្សា​សន្តិភាព​ពិភពលោក
ដោយឡែក​ក្រៅពី​កោតសរសើរ​កម្ពុជា​ក្នុងការ​ដាក់ចិត្ត​ដាក់​កាយ​ស្វែងរក​សន្តិភាព​ជូន​ពិភពលោក ក្នុង​សន្និសីទ​នេះដែរ​លោកស្រី​ឧបការី​រង​បញ្ជាក់​ពី​គោលជំហរ​និង​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​បន្ត​ជួយ​គាំទ្រ​រដ្ឋ​ដែល​ប្រឡូក​ក្នុង​ស្វែងរក​សន្តិភាព​ជូន​ពិភពលោក ដូចជា​កម្ពុជា​ជាដើម​នោះ។ លោកស្រី Victoria Holt បាន​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មានថ្មីៗ ដែល​ចោទសួរ​ពី​គោលនយោបាយ​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ជ្រោមជ្រែង​កម្ពុជា និង​ប្រទេស​កំពុងអភិវឌ្ឍន៍​ដើម្បី​បន្តសកម្មភាព​រក្សា​សន្តិភាព​សាកលក្នុងនាមជាដៃគូ។ លោកស្រី​បញ្ជាក់ថា រដ្ឋាភិបាល​អាមេរិក​បន្តធ្វើការងារជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​​ក្រៅ​ស្រុក ជាពិសេស​ជាមួយ​អង្គការសហប្រជាជាតិ​ផង​នោះ​ដើម្បី​ជួយផ្តល់​ការគាំទ្រ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាពិសេស​កម្ពុជា​ដូចជា ផ្តល់​ការហ្វឹកហាត់ និង​ការកសាង​សមត្ថភាព​កង​ម្លាំ​ង​រក្សា​សន្តិភាព។ អាមេរិក​និង​កម្ពុជា​បាន​បន្ត​ការសហការ​ក្នុង​ភាពជា​ដៃគូ ជុំវិញ​ការហ្វឹកហាត់​និង​ការ​សាង​សមត្ថភាព​កងទ័ព​អស់​ពេលច្រើនជាង​ប្រាំ​ឆ្នាំ​មកហើយ ហើយ​លោកស្រី​សង្កត់ធ្ងន់ថា បើ​ភាគី​ពាក់ព័ន្ធ​ដូចជា​កម្ពុជា ស្វះ​ស្វែងរក​ការគាំទ្រ​ពី​រដ្ឋាភិបាល​អាមេរិក​បន្ថែម ដើម្បី​ធានា​ពី​ការបន្ត​ចូលរួម​កសាង​សន្តិភាព​សាកល អាមេរិក​ពិតជា​ស្វាគមន៍​ជានិច្ច។ ហើយម្យ៉ាងវិញទៀតអាមេរិក​នឹង​បន្ត​ជជែក​ពិភាក្សា​បន្តទៀត​ជុំវិញ​បញ្ហា​នេះ។កន្លងមក អាមេរិក​បានផ្តល់​ជំនួយ​ទំហំ​ប្រហែល ៦.៥ លាន​ដុល្លារក្នុងរយៈពេល៥ឆ្នាំ ដើម្បី​ផ្តល់​ការ​ហ្វឹ​ហាត់ កសាង​សមត្ថភាព​ដល់​កងកម្លាំង​រដ្ឋ​ដែល​ស្វែងរក​ការជួយជ្រោមជ្រែង​ដើម្បី​ជួយ​ឲ្យ​ពួកគេ​មានលទ្ធភាព​ចូលរួម​រក្សា​សន្តិសុខ​អន្តរជាតិ​អោយ​កាន់តែ​សកម្ម​ជាង​មុន ហើយ​អាមេរិក​នឹង​បន្តសកម្មភាព​នេះ​ទៀត៕




© រក្សាសិទ្ធិដោយ thmeythmey.com