ជាតិ
សង្គមជាតិ
អាដហុក និង​ពលរដ្ឋភូមិ​ឡ​ពាង​ចោទ ​លោក ស៊ុយ សែម ថា​ ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ក្នុង​រឿង​ជម្លោះដីធ្លី​ជិត ១០ឆ្នាំ
22, May 2015 , 2:08 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​អ្នកភូមិ​ឡ​ពាង បាន​ចោទប្រកាន់ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក​ស៊ុយ សែម ថា ជា​អ្នក​នៅ​ពី​ខ្នង​នៃ​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន KDC របស់លោក​ស្រី ជា ខេង ភរិយា​របស់លោក និង​អ្នកភូមិ​ឡ​ពាង​ជិត១០ឆ្នាំ​មកនេះ។ ពួកគេ​អះអាង​បែបនេះ បន្ទាប់ពី លោក ស៊ុយ សែម បានចេញ​មុខជា​សាធារណៈ​ជា​លើកដំបូង​ការពារ​ក្រុមហ៊ុន​ភរិយា​របស់លោក​ដែលមាន​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ ជាមួយ​ប្រជាពលរដ្ឋ នៅ​សហគមន៍​ឡ​ពាង​ក្នុង​ខេត្តកំពង់ឆ្នាំង​ដោយបាន​បន្ទោស​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អ្នកនយោបាយ​ថា​នៅ​ពីក្រោយ​ធ្វើការ​ញុះញង់​ទើប​បញ្ហា​ជម្លោះដីធ្លី​នេះ​មានការ​ពិបាក​ក្នុងការ​ដោះស្រាយ។



ជាការ​ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក ស៊ុយ សែម ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី១២ ខែឧសភា ​កន្លងមក​នោះ នៅ​ថ្ងៃទី២២ ខែឧសភា​នេះ មន្ត្រី​សមាគម​អាដហុក និង​ពលរដ្ឋ​ក្នុង​សហគមន៍​ឡ​ពាង បាន​ចេញមុខ​បដិសេធ​ការលើកឡើង​របស់លោក ស៊ុយ សែម ក្នុង​សន្និសីទ​នោះ ។ ហើយ​ថា លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ​រូបនេះ គឺជា​អ្នក​រារាំង​ដំណោះស្រាយ​រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ​ កន្លងមក។

គួររម្លឹកថា នា​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការប្រកាស​ដេញថ្លៃ​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​ កាលពី​ថ្ងៃទី១២ ឧសភា លោក ស៊ុយ សែម បាន​ឆ្លៀត​លើក​ពី​បញ្ហា​ជម្លោះដីធ្លី​ដ៏​រ៉ាំ​រៃ​រវាង​ក្រុមហ៊ុន​ខេ​ឌី​ស៊ី​របស់​ភរិយា​លោក ជាមួយ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ឡ​ពាង​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច កំពង់ឆ្នាំង។លោក​បាន​ថ្លែងថា ក្រុមហ៊ុន KDC របស់​ភរិយា​លោក​បាន​ទិញ​ដី​នៅ​ភូមិ​ឡ​ពាង និង​ភូមិ​ជាង ១០ នៅក្បែរនោះ​តាំងពី​ឆ្នាំ២០០៧ មក ដោយមាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ​និង​មានការ​ទទួលស្គាល់​ពី​សុរិយោដី​ស្រុក និង​ខេត្ត ហើយ​ចំណែក​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង គឺ​មិនមាន​ប័ណ្ណកម្មសិទ្ធិ​ទេ។ លោក ស៊ុយ សែម បានបញ្ជាក់​យ៉ាងនេះ​ថា៖ « ពួកគាត់​អត់​មាន​ប្លង់​មានអី​ទេ គាត់​ថា​តែ​មាត់ទទេ។ ឲ្យ​យើង​ធ្វើ​ម៉េច​ពួកគាត់​អត់​មានអី​ទាំងអស់​គាត់​លក់​ដី​ហ្នឹង​ឲ្យ​គេ​អស់ហើយ»។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្នាក់ការ​កណ្តាល​សមាគម ADHOC តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង អ្នកស្រី អ៊ុំ សូ​ភី បាន​ច្រានចោល​ចំពោះ​ការលើកឡើង​របស់លោក ស៊ុយ សែម ហើយ​ថា ក្រុមហ៊ុន​របស់​ភរិយា​លោក ស៊ុយ សែម​ ទៅវិញ​ទេ ដែល​ឃុបឃិត​ជាមួយ​អាជ្ញាធរលួច​ធ្វើ​ប្លង់​ក្លែងក្លាយ​ និង​រឹបអូស​យក​ដីធ្លី​ពី​ប្រជាពលរដ្ឋ ដែល​បានរស់នៅ​ចាប់តាំងពី​ឆ្នាំ១៩៧៩ មក។ អ្នកស្រី បញ្ជាក់​ដូច្នេះ​ថា៖«ក្រុមហ៊ុន​ទេ ជា​អ្នក​ប្លន់​ដី​របស់​ពួក​ខ្ញុំ​ហើយ​បើ​ឲ្យ​ដី​នៅ​តំបន់​ផ្សេង ដែល​ពួក​ខ្ញុំ​អាច​ទទួលយកបាន​គឺ​ដី​នោះ​ត្រូវ​នៅ​ជិត​សាលារៀន មាន​ទីផ្សារ សម្រាប់​ពួក​ខ្ញុំ​តែបើ​ឲ្យ​ទៅ​នៅ​ឆ្ងាយ​រាប់គីឡូម៉ែត្រ ពួក​ខ្ញុំ​មិន​ទៅ​ទេ។ ខ្ញុំ​នឹងដាក់​ពាក្យបណ្តឹង​រហូត​ទាល់​តែមាន​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ មិន​មែនមាន​យុត្តិធម៌​សម្រាប់តែ​អ្នកមាន​លុយ​មានអំណាច​ទេ»។

សន្និសីទ​សារព័ត៌មាន ​កាលពី​ថ្ងៃទី១២ ឧសភា ​លោក ស៊ុយ សែម បានលើកឡើង​ផងដែរ​ថា ​ការដែល​ជម្លោះដីធ្លី​នៅ​ឡ​ពាង​នេះ​នៅ​បន្ត​អូសបន្លាយ​រហូតមកដល់​បច្ចុប្បន្ន ដោយសារ​តែមាន​អង្គការ​អាដហុក និង​អ្នកនយោបាយ​នៅ​ពី​ក្រោយខ្នង​ធ្វើការ​ញុះញង់​និង​បញ្ឆេះ​បញ្ហា​ជានិច្ច​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ដោះស្រាយ។

ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី ២២នេះ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ​នី ចរិយា បាន​សម្តែង​ការសោកស្តាយ​និង​ចាត់ទុក​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ថា ​សមាគម​លោក​នៅ​ពី​ក្រោយខ្នង​ជម្លោះដីធ្លី​នោះ​ថា​ ជាការ​លាប​ពណ៌​ខុសពី​ការពិត។ លោក​ថា អាដហុក គ្រាន់តែ​អ្នក​ជួយ​ប្រឹក្សា​យោបល់​និង​បង្ហាញផ្លូវ​ច្បាប់​សម្រាប់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ក្នុងការ​ស្វែងរក​យុត្តិធម៌​តាមផ្លូវ​ច្បាប់​ប៉ុណ្ណោះ​មិនមែនជា​ខ្នងបង្អែក​ក្នុង​ផ្លូវ​ទុច្ចរិត​ណាមួយ​ឡើយ។លោក​បាន​អះអាង​បែបនេះ​ថា៖ «យើង​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​តាមផ្លូវ​ច្បាប់។ អាដហុក ពុំមាន​គោលការណ៍​ញុះញង់​ឲ្យ​ពលរដ្ឋ​ប្រើ​ហិង្សា​ជាមួយ​ក្រុមហ៊ុន​ទេ»។

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ឡ​ពាងជាមួយ​ក្រុមហ៊ុនខេ​ឌី​ស៊ី​របស់​លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម បាន​ផ្ទុះ​ការតវ៉ា​ខ្លាំង​តាំងពី​ឆ្នាំ ២០០៦ មកហើយ​មកដល់បច្ចុប្បន្ន គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា​កំពុងធ្វើការ​សម្របសម្រួលជាមួយ​ភាគី​ទាំងពីរ ដើម្បី​រក​ដំណោះស្រាយ។

ប្រធាន​គណៈកម្មការ​ទី ១ រដ្ឋសភា ផ្នែក​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង ប្រាប់​សារព័ត៌មានថ្មីៗថា​ មកដល់ពេលនេះ ពលរដ្ឋ​មួយចំនួន​បានដាក់​សំណើ​ជា​ថវិកា​ក្នុងការ​ដោះស្រាយ​ជម្លោះដីធ្លី​នេះ ហើយ​បន្ទាប់មក​គណៈកម្មការ​នឹង​យក​សំណើ​នេះ​ទៅប្រាប់​ខាង​ក្រុមហ៊ុន​ដើម្បី​ធ្វើការ​ចរចា​គ្នា។ លោក បរិយាយ​ដូច្នេះ​ថា៖«យើង​ទទួល​ការស្នើសុំ​ការសម្របសម្រួល​ពី​ភាគី​ទាំងពីរ​តែ​ប្រសិនបើ​ការចរចា​ពុំមាន​លទ្ធផល​ជា​វិជ្ជមាន​ទេនោះ​ យើងនឹង​បញ្ជូន​សំណុំ​រឿងនេះ​ទៅកាន់​អាជ្ញាធរ​រាជរដ្ឋាភិបាល​ជា​អ្នកដោះស្រាយ​វិញ»៕




© រក្សាសិទ្ធិដោយ thmeythmey.com