ជាតិ
អគ្គ​ស្នងការរង​នគរបាលជាតិ ជំរុញ​ឲ្យ​មន្ត្រីនគរបាល​រឹតបន្តឹង​លើ​ការគ្រប់គ្រង​ជនបរទេស
23, May 2015 , 11:04 am        
រូបភាព
លោក ចាន់ អ៊ា​ន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ជំរុញ​ឲ្យ​មន្ត្រីនគរបាល​ទាំងអស់ បន្តរ​រឹតបន្តឹង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​បន្ថែមទៀត ដើម្បី​បង្ការ​ទប់ស្កាត់​ភាព​អសកម្ម​កើតឡើង ។ លោក​បាន​បញ្ជាក់ថា បញ្ហា​គ្រប់គ្រង​ជនជាតិ​បរទេស​ជា​កត្តា​សំខាន់ ដែល​សមត្ថកិច្ច​គួរ​យកចិត្តទុកដាក់ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ។



ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រី​នគរបាលជាតិ ចំនួន៣៤រូប កាលពី​ថ្ងៃទី២២ ខែឧសភា ប្រធាន​នាយកដ្ឋាន​បុគ្គលិក​រូបនេះ បាន​បន្ថែមទៀតថា សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​អនុវត្តន៍​គោលនយោបាយ ភូមិ-សង្កាត់ មាន​សុវត្ថិភាព ឲ្យ​ល្អប្រសើរ ខណ:រដ្ឋាភិបាល កំពុងមាន​វិធានការ​រឹតបន្តឹង​ពង្រឹង​សន្តិសុខ​សង្គម ។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី២២ ខែឧសភា កម្ពុជា​បាន​បណ្ដេញ​ជនជាតិ​រុស្ស៊ី ៣នាក់​ទៀត ចេញពី​ប្រទេស ដោយ​មូលហេតុ​ស្នាក់នៅ​ខុសច្បាប់ បង្ក​អសន្តិសុខ និង​សណ្ដាប់​សង្គម ។ ជនជាតិ​រុស្ស៊ី៣នាក់​នេះ គឺជា​បក្ខពួក​របស់​សេដ្ឋី​រុស្ស៊ី ឈ្មោះ Polonsky ដែល​កម្ពុជា ទើប​បណ្ដេញចេញ​កាលពី​សប្ដាហ៍​មុន ដោយសារតែ​ការ​ស្នាក់នៅ​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់ និង​បង្ក​អសន្តិសុខ​ជាតិ ។

ដោយឡែក​បក្ខពួក​រប​ស់​មហាសេដ្ឋី​រុស្សី លោក Polonsky ៥នាក់​ទៀត នឹងត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា ជា​បន្តបន្ទាប់​ពីបទ​ស្នា​ក់នៅ​កម្ពុជា ដោយ​ខុសច្បាប់ និង​ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​សរុប​មកទល់ពេលនេះ គឺមាន​ចំនួន៩នាក់ ។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ៕





© រក្សាសិទ្ធិដោយ thmeythmey.com