ជាតិ
សង្គមជាតិ
សិស្ស​ប្រុស​ដែល​វាយដំ​លើ​សិស្សស្រី​នៅ​វិទ្យាល័យ​ដំ​ដែក​ប្រឈម​ឡើង​តុលាការ
25, May 2015 , 3:22 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​បានចេញ​សេចក្តីប្រកាស​ព័ត៌មានស្នើសុំ​ឲ្យ​ចាត់វិធានការ​ទាក់ទង​នឹង​ករណី​សិស្ស​ប្រុស​ម្នាក់​វាយ​សិស្សស្រី​ម្នាក់​ក្នុង​ថ្នាក់រៀន​រួច នៅ​ថ្ងៃទី២៥ ឧសភានេះ នគរបាល​ស្រុក​សូទ្រនិគមក៏បាន​ចាប់ខ្លួន និង​សួរចម្លើយ​ជនសង្ស័យ​កសាង​សំណុំរឿងផង​ដែរ ក្រោយពី​មាន​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​ភាគី​សិស្ស​នារី។



តាមរយៈ​វីដេអូ ដែល​ថត​ដោយ​ទូរ​សព្ទ​ដៃ​ក្នុង​រយៈពេល​ជាង៣នាទី​គេ​បាន​មើលឃើញ​សិស្ស​ប្រុស​ម្នាក់​វាយ​ធ្វើបាប​សិស្សស្រី​ម្នាក់​យ៉ាងដំណំ​នៅក្នុង​ថ្នាក់រៀន ខណៈ​សិស្ស​ផ្សេងទៀត​នាំគ្នា​អង្គុយ​មើល​យ៉ាង​ស្ងៀមស្ងាត់​ហាក់ដូចជា​គ្មានអ្វី​កើតឡើង។

អធិការនគរបាល​ស្រុក​សូទ្រនិគម លោក ទេព ចាន់ណា បាន​ឲ្យ​សារព័ត៌មានថ្មីៗដឹងថា ភាគី​ទាំងពីរ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​ជា​អ្នក​ស្គាល់គ្នា ហើយ​ព្រមទាំង​ជិះ​កង់​ជាមួយគ្នា មក​សាលារៀន​ថែម​ទៀតផង ហើយ​ថាពួកគេ​អះអាងថា ពួកគេ​គ្រាន់តែ​ជា​ប្រលែង​គ្នា​លេងប៉ុណ្ណោះ។ ទោះ​យ៉ាងណា លោក​ថា៖«ការឃាត់ខ្លួន និង​សាកសួរ​ចម្លើយ​នេះ ធ្វើឡើង​បន្ទាប់ពី អាណាព្យាបាល​ខាង​ភាគី​នារី​រងគ្រោះ​បានដាក់​បណ្តឹង​មក​សមត្ថកិច្ច​យើង។ ហើយ​យើង​នឹងធ្វើ​សំណុំ​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​រួច នឹង​បញ្ជូន​ខ្លួន​គាត់​ទៅ​ស្នងការ រួច​ទៅ​តុលាការ»។

បើតាម​អធិការនគរបាល ករណី​នេះ បានកើត​ឡើង​នៅ​ម៉ោង ៩ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅក្នុង​ថ្នាក់​ទី​៩B  នៃ​វិទ្យាល័យ​ដំ​ដែក ស្ថិតក្នុង​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប។ ហើយ​ថា សិស្សស្រី (ជា​ជនរងគ្រោះ) មានឈ្មោះ វីរៈ មណី​នាថ អាយុ ១៤ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ​និង សិស្ស​ប្រុស (ជា​ជនសង្ស័យ) មានឈ្មោះ ហុង សុ​ជី អាយុ ១៧ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ជ្រៃ​ខាងជើង ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ​ខេត្តសៀមរាប។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ដ​សៀមរាប លោក អ៊ុង សិរី​ឌី​បាន​ឲ្យ​ដឹងថា មន្ទីរអប់រំ និង​មន្ទី​កិច្ចការនារី អភិបាលស្រុក​សូទ្រនិគម ព្រមទាំង​នាយក វិទ្យាល័យ បាន​អញ្ជើញ​សិស្ស​ទាំងពីរ និង​អាណាព្យាបាល​ភាគី​សងខាង មក​ធ្វើ​កិច្ចសន្យា ព្រមាន​ផងដែរ។

លោក​ថា៖«ទង្វើ​នេះ​គឺ​ប្រាសចាក​បទបញ្ជ​ផ្ទៃក្នុង​សាលា សីលធម៌​សង្គម ហើយ​ពួកគេ​ក៏​ទទួលស្គាល់​កំហុស​ដែរ។ ប្រសិន​មាន​ករណីនេះ​ទៀត ពួកគេ​នឹងត្រូវ​លុបឈ្មោះ ឬ​បណ្តេញ​ចេញពី​សាលា​តែម្តង»៕


© រក្សាសិទ្ធិដោយ thmeythmey.com